កាន់​តែ​ស្រឡាញ់ អ្នក​នឹង​កាន់​តែ​ឈឺចាប់!!!

   មនុស្ស​ម្នាក់ នឹង​ស្ដាយ​របស់​មួយ​ដែល​ត្រូវ​បាន​គេ​លួច​យក​ទៅ​បាត់។ ទំហំ​នៃ​ការ​ស្ដាយ គឺ​ខុសៗ​គ្នា។ ប្រសិន​បើ​របស់​ដែល​គេ​យក​ទៅ​នោះ មាន​តម្លៃ​ថ្លៃ ឬ​ជា​របស់​សំណប់​ចិត្ត ដែល​ពិបាក​រក​ មនុស្ស​នឹង​មាន​អារម្មណ៍​ថា​ស្ដាយ​ខ្លាំង។ តែ​បើ​ជា​របស់​ថោកៗ របស់​ដែល​មិន​ចាំបាច់ ឬរបស់​ដែល​ខ្លួន​មិន​សូវ​ត្រូវ​ការ នោះ​ការ​ស្ដាយ​ក៏​មាន​ទំហំ​តិច​តួច​ទៅ​តាម​នោះ​ដែរ។

   ដូចគ្នា​ទៅ​នឹង​ការ​ស្រឡាញ់​មនុស្ស​ម្នាក់។ បើ​សិន​ជា​ក្ដី​ស្រឡាញ់​របស់​អ្នក បាន​ផ្ដល់​ទៅ​ឲ្យ​គេ​ស្ទើរតែ​ទាំង​ស្រុង អាច​និយាយ​បាន​ថា ៩០% ឬ​លើស​ពី​នេះ។ ដូច្នេះ​ទំហំ​នៃ​ការ​ខក​ចិត្ត​ក៏​ធំធេង​ដែរ ប្រសិន​បើ​វា​បាត់​បង់។ យើង​ទាំង​អស់​គ្នា​តែង​ធ្លាប់​បាន​ឮជា​រឿយៗ​នូវ​ពាក្យ​អប់​រំ​មួយ​ឃ្លា​ដែល​លើក​ឡើង​ថា "ចូរ​ផ្ញើសេចក្ដី​ស្រឡាញ់​ទៅ​លើ​មនុស្ស​ជា​ច្រើន កុំ​ផ្ញើ​លើ​មនុស្ស​តែ​ម្នាក់"។ មួយ​ឃ្លា​នេះ​មាន​ន័យ​ទូលំទូលាយ​ណាស់។ ផ្ដល់​ក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​ច្រើន មិន​មែន​បង្ហាញ​ថា អ្នក​សាវា​ទេ តែ​បង្ហាញ​ថា អ្នក​ជា​មនុស្ស​រឹង​មាំ មិន​ងាយ​ខក​ចិត្ត ឬអន់​ចិត្ត...។ យ៉ាង​ណា បើ​មាន​មនុស្ស​ម្នាក់ ក្បត់​ចិត្ត​ស្មោះ​របស់​អ្នក ក៏​អ្នក​នៅ​តែ​អាច​រក​មនុស្ស​ល្អៗ​ផ្សេង​ទៀត ដែល​អ្នក​ធ្លាប់​ផ្ញើ​សេចក្ដី​ស្រឡាញ់​ឲ្យ​នៅ​ជា​មួយ។ កុំ​ស្រឡាញ់​អ្វី​ឲ្យ​លើស​លប់។ កុំ​ស្រឡាញ់​ឲ្យ​លើស​ខ្លួន​ឯង។ អ្នក​នឹង​មិន​ជួប​រឿង​ខក​ចិត្ត​ឡើយ ប្រសិន​បើ​ក្ដីស្រឡាញ់​របស់​អ្នក​ត្រូវ​គេ​បំផ្លាញ​ចោល។ ចង​ចាំ​ចុះ​ថា នៅ​លើ​លោក​នេះ គ្មាន​អ្វី​មួយ​ជា​របស់​យើង​ឡើយ។ ត្រូវ​តែ​ហ៊ាន​លះបង់​វា​ចោល។ បោះ​បង់វា​ចោល ហើយ​ធ្វើ​ចិត្ត​ឲ្យ​ទូលាយ នោះ​អ្នក​នឹង​អាច​សម្រេច​បាន​រឿង​រ៉ាវ​ដ៏​អស្ចារ្យ​ជា​ច្រើន​ទៀត។ អ្វី​ដែល​សំខាន់​គឺ​ចិត្ត។ ចិត្ត​បរាជ័យ នោះ​អ្វីៗ​នឹង​បរាជ័យ​ទៅ​តាម​នោះ​ដែរ៕ 

Loading...