RoseMag.Net | រឿង ល្បែងខ្មោចកំប៉ុង | Blog

រឿង ល្បែងខ្មោចកំប៉ុង

បញ្ចូល: January 31, 2016 ប្រភេទ: រឿងនិទាន

តើអ្នកធ្លាប់លេងខ្មោចកំប៉ុងដែររឺទេ? ចង់ដឹងថាតើរបៀបលេងខ្មោចកំប៉ុងយ៉ាងដូចម្តេចខ្លះ? ខ្ញុំនឹងបង្ហាញពីរបៀបលេងល្បែងខ្មោចកំប៉ុងដោយត្រួសៗ និងសូមអានបទពិសោធន៍ផ្ទាល់របស់ខ្ញុំនិងមិត្តទាំងបីនាក់ដូចតទៅ៖

ក្នុងការលេងល្បែងនេះដែរសំភារៈដែលមិនអាចខ្វះបាននោះគឺ កំប៉ុង (កំប៉ុងអ្វីក៏បាន ប៉ុន្តែខ្ញុំសូមណែនាំអោយអ្នកទាំងអស់គ្នាជ្រើសយកកំប៉ុងស្រាលៗព្រោះវានឹងមិនអាចមានហានិភ័យខ្ពស់ពេលប៉ះទង្គិចលើរាងកាយយើង) ស្ករគ្រាប់២ទៅ៣គ្រាប់ និងធូប៣សរសៃសំរាប់
អញ្ជើញដួងវិញាណមកសណ្ឋិតក្នុងកំប៉ុង។យើងអាចលេងល្បែងនេះបានជាក្រុម និងភាគច្រើននៅតាមស្រុកស្រែគេលេងពេលល្ងាច ចាប់ពីម៉ោង ៥កន្លះល្ងាចទៅយប់ព្រោះម៉ោងនេះវាស្ងាត់ងាយស្រួលក្នុងការលេង។ ត្រូវមានសមាជិកក្នុងក្រុមម្នាក់អុជធូបសុំអញ្ជើញដួងព្រលឹងមកសណ្ឋិតក្នុងកំប៉ុង បន្ទាប់ពីអន្ទងហៅព្រលឹងរួចមកកំប៉ុងនឹងហោះឡើង (ហោះ រឺមិនហោះគឺពេលនេះហើយដែលអាចអោយយើងដឹងបានថាវាអាចមានដួងវិញាណមកសណ្ឋិតពិតមែន រឺក៏អត់) រួចវានឹងតាមវាយអ្នកដែលបានចូលរួមលេងទាំងអស់ ដែលភាគច្រើនគឺវាយនៅលើក្បាលរបស់អ្នក ពេលនោះអ្នកត្រូវរត់អោយលឿនទើបអាចរត់រួច បើពុំនោះទេអ្នកនឹងក្លាយជាគោលដៅរបស់ខ្មោចកំប៉ុងជាក់ជាមិនខានឡើយ ហើយនិងបន្តរហូតដល់អស់ជើងធូបទើបវាឈប់បាន។

បញ្ញាមិត្តខ្ញុំបានរៀបរាប់ថា នាងធ្លាប់បានលេងខ្មោចកំប៉ុងដែរ និងអះអាងថាពិតជាបាន
ឃើញកំប៉ុងហោះមកវាយមនុស្សពិតប្រាកដមែន កាលនោះបញ្ញា ត្រូវបានខ្មោចវាយបាន២ ៣ ដងដែរតែដោយខ្លួនរត់បានលឿនក៏បានគេចផុត និងរត់ចូលផ្ទះចោលមិត្តៗដទៃទៀត។ លុះព្រឹកឡើង នាងបានឃើញមិត្តរបស់នាងម្នាក់ត្រូវបានខ្មោចកំប៉ុងតាមវាយដល់ពកក្បាលគ្រប់កន្លែង នាងបន្តថា ទោះជួលទៀតក៏នាងមិនលេងល្បែងហ្នឹងទៀតដែរ។

ចំណែកតារាបានរៀបរាប់ដែរថា ខ្លួនធ្លាប់បានលេងខ្មោចកំប៉ុងជាមួយបញ្ញាដែរ កាលនោះ មិត្តៗបានរត់ចោលគេអស់ ដោយខ្លួនរត់មិនទាន់គេក៏ត្រូវខ្មោចកំប៉ុងតាមវាយ
រហួតដល់ពកក្បាល មកដល់ផ្ទះត្រូវបានម្តាយស្តីបន្ទោសទៀតដែលលេងមិនដឹងស្លាប់បែបនេះ តារាថាគេរាង និងឈប់លេងវាទៀតហើយ។

ចុងក្រោយគឺរិទ្ធបានរៀបរាប់ផ្ទុយពីបញ្ញា និងតារាថា គេបានលេងជាមួយអ្នកទាំងពីរក្នុងថ្ងៃនោះដែរ និងចង់នៅមើលថាតើពិតជាមានខ្មោចអាចបញ្ជាកំប៉ុងមកវាយមនុស្សពិតមែនរឺក៏អត់ប៉ុន្តែ គេបានចូលផ្ទះមុនដោយម្តាយបានហៅអោយទៅញាំបាយទើបមិនបានដឹងថារឿងរ៉ាវវាយ៉ាងណា លុះព្រឹកឡើងក៏ឃើញតារាពកក្បាលស្ទើរគ្រប់កន្លែង ទោះជាយ៉ាងណា រិទ្ធមិនជឿថាពិតជាមានខ្មោចកំប៉ុងមែននោះទេ តារាអាចមានបញ្ហាជាមួយមិត្តដទៃក៏ថាបាន។ រិទ្ធបន្តថា ទាល់តែខ្លួនបានឃើញផ្ទាល់នឹងភ្នែកទើបជឿ ទោះវាយស្លាប់ក៏មិនជឿដែរ។

នេះជាការរៀបរាប់របស់អ្នកទាំងបីដែលបានលេងល្បែងនេះជាមួយគ្នា តែមានការអះអាងផ្សេងៗគ្នា ជាការពិត រឺមិនពិតយ៉ាងណា ខ្ញុំក៏ធ្លាប់បានលេងក៏ប៉ុន្តែវាហោះតែបន្តិចក៏លែងហោះមិនដឹងមកពីអ្វីដែរហើយខ្ញុំក៏មិនបានអុធធូបអោយព្រលឹងខ្មោចត្រឡប់ទៅវិញដែរ។ បន្ទាប់ពីលេងល្បែងហ្នឹងហើយយប់ឡើងខ្ញុំត្រូវខ្មោចលងពេលទៅងូតទឹកត្រពាំងព្រោះខ្ញុំនៅស្រុកស្រែតាំងពីតូចតែងតែប្រើទឹកត្រពាំងបែបនេះហើយ កាលនោះប្រហែលជាម៉ោង៦កន្លះខ្ញុំទៅតែម្នាក់ឯងគត់។

លុះទៅដល់ត្រពាំងទឹកកំពុងតែមុជសុខៗក៏ក្រឡេកឃើញមិនដឹងជានរណាគេទេស្លៀកពាក់ខ្មៅមកអង្គុយចោងហោងច្រងុកបែរខ្នងមាត់ត្រពាំងខ្ញុំឆ្ងល់ពេកបំរុងឡើងទៅហៅបែរជារលាយបាត់រូប ខ្ញុំភ័យពេករត់ចោលអាវចោលខោកាត់តាមវាលស្រែដួលច្រង៉ាប់ច្រងិលមិត្តខ្ញុំឯទៀតក៏ជួបខ្មោចលងដូចគ្នាដែរគ្រាន់តែលងរបៀបខុសៗគ្នា។

មកដល់ពេលនេះវិទ្យាសាស្ត្រជឿនលឿនកម្រមានអ្នកជឿណាស់ទោះជាយ៉ាងណាសូមអ្នកទាំងអស់គួរកុំចង់សាកលេងល្បែងដែលទាក់ទងនឹងផ្លូវងងឹតបែបនេះ ព្រោះមិនថាពិត រឺមិនពិត កុំប្រមាថវាអោយសោះ៕

ចង់ស្វែងរកការងារសូមចុចទីនេះ www.chr-asia.com

សំរួលនិងចុះផ្សាយដោយ / ដកស្រង់ពី:

សូមបញ្ចេញមតិយោបល់របស់លោកអ្នកនៅខាងក្រោម! សូមអរគុណសម្រាប់ការគាំទ្រ!