រឿង ក្មេងស្រីកាតាបក្រហម

Loading...

រឿងនេះគឺជារឿងគួរអោយព្រឺក្បាលមួយដែលនិយាយអំពីក្មេងស្រីម្នាក់។ នាងតែងតែស្ពាយកាតាបពណ៌ក្រហមទៅសាលារៀននាងស្រឡាញ់កាតាបនោះណាស់ព្រោះវាជាកាដូថ្ងៃបុណ្យណូអែលរបស់ឪពុកនាង។ ប៉ុន្តែថ្ងៃមួយនៅពេលដែលមិត្តរួមថ្នាក់របស់នាងមិនបានឃើញនាងមកសាលារៀនដូចសព្វដង ពួកគេចាប់ផ្តើមងឿងឆ្ងល់ថាតើមានរឿងអ្វីកើតឡើងចំពោះនាង?

នៅពេលដែលខ្ញុំមានអាយុ15ឆ្នាំ ខ្ញុំមានមិត្តរួមថ្នាក់ឈ្មោះថា ហៃកូ ។ នាងគឺជាក្មេងស្រីរួសរាយ រៀនពូកែនិងស្នាមញញឹមរបស់នាងកើតមានគ្រប់ពេលជាមួយមិត្តរួមថ្នាក់។ រឿងនេះខ្ញុំចាំបានច្រើនបំផុតអំពីរបស់នាងគឺនាងតែងតែស្ពាយពាយកាតាបពណ៌ក្រហមគ្រប់ពេល។

ថ្ងៃមួយហៃកូមិនបានមកសាលារៀនដូចរាល់ថ្ងៃមនុស្សគ្រប់គ្នាឆ្ងល់តើនាងទៅទីណា? កំពុងធ្វើអ្វី? ចំលើយគឺគ្មានអ្នកម្នាក់ដឹងហើយនៅពេលដែលសិស្សឯទៀតបានសួរគ្រូគាត់ប្រាប់ថាគាត់ក៏មិនបានដឹងថានាងនៅទីណាដូចគ្នា។ មួយសប្តាហ៍ក្រោយមកនាងនៅតែមិនបានមកសាលារៀនដូច្នេះមិត្តរួមថ្នាក់និងលោកគ្រូអ្នកគ្រូគិតថានាងនឹងត្រូវផ្លាស់ប្តូរទីលំនៅបាត់ហើយ បន្ទាប់ពីនោះមកគ្មាននរណាចងចាំនាងទៀតទេ។

ប៉ុន្តែនៅព្រឹកមួយមុនពេលដែលជួងចូលរៀនបានបន្លឺឡើង ខ្ញុំឃើញហៃកូដើរកាត់តាមរបងសាលារៀន នាងដើរយឺតណាស់ដូចមនុស្សគ្មានវិញ្ញាណនិងស្ពាយកាតាបពណ៌ក្រហមដែលនាងស្រឡាញ់ខ្ញុំបានហៅនាងប៉ុន្តែនាងហាក់ដូចជាមិនលឺនរណាម្នាក់និយាយមកកាន់នាងឡើយ។ 
ខណៈដែលនាងមកកាន់តែជិតខ្ញុំអាចមើលឃើញមុខរបស់នាងយ៉ាងច្បាស់ នាងខុសប្លែកពីមុន មានសភាពស្លេកស្លាំងមើលសឹងមិនស្គាល់។ ជួងបានបន្លឺឡើងជាសញ្ញាថាដល់ម៉ោងចូលរៀនហើយសិស្សឯទៀតក៏ប្រញាប់ប្រញាល់ចូលទៅក្នុងថ្នាក់។ នៅពេលដែលគ្រូបានមកដល់ ហើយចាប់ផ្តើមបង្រៀនខ្ញុំនៅតែមិនឃើញហៃកូចូលថ្នាក់រៀនសោះ ខ្ញុំគិតថាខ្ញុំមើលច្រលំមនុស្សទេដឹង? មិនអាចទេសិស្សឯទៀតក៏បានឃើញនាងនិងបានគិតថានាងបានវិលត្រឡប់មករៀនវិញដូចគ្នា។

ដល់ម៉ោងចេញលេងជាពេលសំរាកញាំអាហារថ្ងៃត្រង់ ខ្ញុំបានចេញទៅខាងក្រោយថ្នាក់លេងតែម្នាក់ឯងព្រោះខ្ញុំចូលចិត្តស្ងប់ស្ងាត់ស្រាប់តែខ្ញុំក្រឡេកឃើញកាតាបពណ៌ក្រហមមួយនៅក្រោមដើមឈើ ខ្ញុំដឹងណាស់ថាវាពិតជារបស់ហៃកូ ។ ខ្ញុំបានស្វែងរកនាងគ្រប់ទីកន្លែងនៅតែមិនឃើញខ្ញុំក៏បានរើសយកកាតាបនោះចូលក្នុងថ្នាក់រហូតដល់ម៉ោងចេញទៅផ្ទះនៅតែមិនឃើញនាងមករួចខ្ញុំសំរេចចិត្តយកកាតាបនោះនៅលើតុរបស់នាង។

ស្អែកឡើងខ្ញុំពេលដែលខ្ញុំបានមកដល់សាលារៀនខ្ញុំហាក់ដូចជាមកលឿនជាងគេជាងរាល់ដង ខ្ញុំដើរទៅក្នុងថ្នាក់ម្នាក់ឯងស្រាប់តែខ្ញុំឃើញកាតាបពណ៌ក្រហមនៅលើតុរបស់ហៃកូដដែលហើយដូចជាប៉ោងៗទៀត តើមានអ្វីនៅក្នុងនោះ? ដោយការចង់ដឹងចង់ឃើញខ្ញុំបានចូលទៅក្នុងថ្នាក់ហើយយកកាតាបនាងមករូតមើល.......

ភ្លាមនោះខ្ញុំស្រែកទាំងភ័យរន្ធត់ កាតាបបានធ្លាក់ពីដៃខ្ញុំហើយអ្វីម៉្យាងបានជ្រុះទៅលើឥដ្ឋដែលពោរពេញដោយឈាមហូរឥតដាច់ "វាគឺជាក្បាលរបស់ហៃកូ"

ខ្ញុំស្រែកយំ សិស្សឯទៀតក៏រត់មកមើលហើយសួរខ្ញុំថាតើមានរឿងអ្វីកើតឡើង? ខ្ញុំនិយាយប្រាប់ពួកគេថាខ្ញុំឃើញក្បាលហៃកូ
អ្នកគ្រូក៏បានដើរមកដល់ គាត់សួរខ្ញុំហេតុអ្វីខ្ញុំស្រែកលឺខ្លាំងម៉្លេះ? ខ្ញុំប្រាប់គាត់ថាខ្ញុំឃើញក្បាលហៃកូ អ្នកគ្រូគ្រវីក្បាលថាគ្មានក្បាលខ្មោចឯណានោះទេ។ 
ខ្ញុំមិនអស់ចិត្តខ្ញុំមើលចុះក្រោមម្តងទៀតហើយបានឃើញថាក្បាលនិងឈាមបានបាត់អស់អ្វីៗទទេរស្អាត ខ្ញុំនៅតែទទូចអង្វរថាខ្ញុំមិនបានកុហកគាត់ទេ
នៅពេលដំបូងគ្រូបានបដិសេធមិនព្រមជឿប៉ុន្តែតារូនិងយូគីបានជឿខ្ញុំ។ ដោយមានការអង្វរកនិងប្រាប់ហេតុផលមួយចំនួនទៅកាន់អ្នកគ្រូគាត់ក៏សម្រេចចិត្តយករឿងនេះទៅនិយាយជាមួយនាយកសាលា។

នៅល្ងាចនោះដែរលោកនាយកសាលាបានទៅជួបម្ដាយ ហៃកូនិងសួរគាត់នូវសំនួរខ្លះៗតែនៅតែមិនអាចទទួលបានចម្លើយណាមួយសមស្របឡើយ លោកនាយកបានសំរេចចិត្តទំនាក់ទំនងទៅប៉ូលិសស្តីពីការបាត់ខ្លួនរបស់ហៃកូ។

នៅថ្ងៃបន្ទាប់ប៉ូលិសពីរនាក់បានមកផ្ទះរបស់ហៃកូហើយបង្ខំសួររឿងបាត់ខ្លួនរបស់ហៃកូ តែម្តាយហៃកូបានព្យាយាមប្រាប់ប៉ូលិសថាគាត់មិនបានដឹងថាហៃកូនៅកន្លែងណាឡើយ។ ទីបំផុតអ្វីៗត្រូវលាតត្រដាងក្រោមការសើុបអង្កេតរបស់បូលិស ម្តាយហៃកូត្រូវបានឃាត់ខ្លួន។

ម្ដាយនិងឪពុក ហៃកូបានលែងលះគ្នាយូរមកហើយ ហៃកូត្រូវបានម្តាយយកចិញ្ចឹម ក្រោយមកគាត់បានចាប់ផ្តើមមានទំនាក់ទំនងស្នេហាថ្មីជាមួយបុរសម្នាក់ទៀត។ ប៉ុន្តែមិត្តប្រុសថ្មីរបស់គាត់មិនចូលចិត្តកូនស្រី គាត់ស្អប់ហៃកូជាពិសេសធុញទ្រាន់នឹងឃើញនាងស្ពាយកាតាបដដែលៗសូម្បីតែរបស់គាត់ទិញអោយ ដូច្នេះគាត់បានសម្លាប់ហៃកូនិងកាត់រាងកាយរបស់នាងជាកង់ៗរួចយកទៅបោះចោលក្បែរបឹងមួយ ម្តាយហៃកូក៏ដឹងតែគាត់បានលាក់រឿងនោះជិតឈឹង។ ប៉ូលិសបាននាំគ្នាជីកដីជុំវិញបឹងក្បែរសាលារៀនក្រោមក្រសែភ្នែកមនុស្សជាច្រើន ឆ្អឹងរបស់ហៃកូត្រូវបានរកឃើញជាបំណែកៗ.......

មនុស្សគ្រប់រូបនៅក្នុងសាលារៀនបានភ្ញាក់ផ្អើលនិងភ័យរន្ធត់យ៉ាងខ្លាំង វាជារឿងមួយដែលមិនគួរអោយជឿ គ្មាននរណាម្នាក់យល់អំពីរឿងដែលបានកើតឡើងទៅលើមិត្តរួមថ្នាក់របស់យើងឡើយ។

ក្រោយវិស្សមកាលជារៀងរាល់ឆ្នាំសិក្សាពួកយើងតែងតែមានបាច់ផ្កាសំរាប់ឧទ្ទិសទៅដល់ហៃកូនិងកាតាបពណ៌ក្រហមរបស់នាងដែលដំកល់ទុកក្នុងសាលារៀនមិនដែលខានឡើយ.....។

‪#‎រឿងព្រេងជប៉ុន‬
‪#‎កែសម្រួលដោយAdminHorrorNight‬

Loading...