រឿង វេរចិញ្ចៀនតាមវីង

សូមប្រើការពិចារណា និងបញ្ចេញមតិ)

ព្រឹកម៉ិញខ្ញុំទៅវេរលុយនៅកន្លែងវេរលុយវីងមួយកន្លែង ហើយឃើញអ៊ុំស្រីចំណាស់ម្នាក់ឈររញីរញ័រ ក្នុងដៃមានកាន់ចិញ្ចៀនដែលមូរចូលក្នុងលុយ។ ឃើញឥរិយាបទចំលែកដូច្នេះខ្ញុំដើរទៅក្បែរគាត់ហើយសួរ
«មីងធ្វើអីហ្នឹង?»
គាត់ងើបមុខបន្តិចហើយរ៉ាយរ៉ាប់
«កូនប្រុសមីងនៅរៀនភ្នំពេញ រៀនផងធ្វើការផងមិនពិបាកឱ្យមីងផ្ញើរលុយទៅឱ្យទេ តែពីម្សិលម៉ិញគាត់តេមកមីងថាកន្លែងការងារមិនទាន់បើកប្រាក់ខែឱ្យ វាអស់លុយ ឱ្យមីងផ្ញើរលុយឱ្យវាខ្លះសិនទម្រាំពីរបីថ្ងៃទៀតទើបគេបើកប្រាក់ខែ មីងមានលុយតែមួយម៉ឺន បើផ្ញើរទៅលឺប្អូនអ្នកវេរលុយនេះថាទាល់តែបង់សេវាឱ្យគេ៦០០០៛ទើបបាន ចឹងហើយទើបមីងសម្រេចចិត្តផ្ញើរចិញ្ចៀននេះទៅឱ្យវាទៅ ឱ្យវាលក់នៅទីក្រុងក្រែងបានថ្លៃជាង» 
ខ្ញុំស្តាប់ទាំងហួសចិត្តស្ទើរស្រក់ទឹកភ្នែក។ គាត់ស្មានតែថាផ្ញើរលុយភ្ជាប់នឹងចិញ្ចៀនអាចទៅដល់កូនគាត់។ ពេលក្រលេកឃើញចិញ្ចៀនធ្វើឱ្យខ្ញុំរំជួលចិត្តកាន់តែខ្លាំង។ វាជាចិញ្ចៀនដាំត្បូងដ៏មានតម្លៃ។ ខ្ញុំអានិតគាត់ខ្លាំងពេកណាស់ តែភាពអាត្មានិយម និងការប្រកាន់ខ្ជាប់សុចរិតកម្មបានគ្របដណ្ដប់ភាពអានិតអាសូរនេះ។
«មីងគិតខុសហើយ! បើមីងផ្ញើរលុយទៅ គេមិនបានយកលុយដែលមីងផ្ញើរផ្ទាល់នោះទៅឱ្យកូនមីងទេ គេមានភ្នាក់ងារគេច្រើន ចិញ្ចៀននេះផ្ញើរតាមវីងម៉ិចនឹងដល់ទៅ?ទាល់តែផ្ញើរតាមតាក់ស៊ីទើបដល់ ឥឡូវអញ្ចេះចុះ ចិញ្ចៀននេះមានតម្លៃថ្លៃណាស់ កុំលក់វាអីស្ដាយ ចាំខ្ញុំយកទៅបញ្ចាំឱ្យ ចាំពេលមីងមានលុយចាំមកលួសវិញទៅ នៅចាំទីនេះហើយ ខ្ញុំមកវិញឥឡូវនេះឯង»។ ថាហើយខ្ញុំក៏យកចិញ្ចៀនពីមីងក្រីក្រនេះ។ គាត់ញញឹមទាំងអំណរព្រោះគិតថាខ្ញុំពិតជាជួយជ្រោមជ្រែងកូនគាត់។ តែមិនដូចនេះទេ ខ្ញុំយកចិញ្ចៀននេះហើយមិនបានទៅដាក់បញ្ចាំ និងមិនបានត្រលប់មកជួបគាត់វិញទេ។ មិនដឹងថាគាត់រង់ចាំខ្ញុំនៅតូបវីងនោះយូរប៉ុណ្ណាទេ តែខ្ញុំមិនខ្វល់ព្រោះ....ព្រោះចិញ្ចៀននេះជារបស់ខ្ញុំ ចិត្តជាម្ដាយហេតុតែគ្មានលុយផ្ញើរឱ្យកូនបែរជាដាច់ចិត្តលួចរបស់គេ។ គាត់មិនទាំងដឹងផងថាខ្ញុំជាម្ចាស់ចិញ្ចៀននេះ។ ខ្ញុំត្រូវតែយកចិញ្ចៀនខ្ញុំនេះមកវិញ...ព្រោះ....ខ្ញុំក៏អត់លុយផ្ញើរឱ្យប្អូនប្រុសដែលនៅរៀននៅទីក្រុងដែរ៕

•• ដោយ : ក្រុមការងារអិលវីអកម្ពុជា ••

‪#‎Vasan‬

Loading...