RoseMag.Net | ពី​ក្មេង​រត់​តុ​គុយទាវ​នៅ​ទួលសង្កែ​ឥឡូវ​ក្លាយ​ជា​ឧកញ៉ា​ម្ចាស់​ក្រុមហ៊ុន​២​តម្លៃ​រាប់​លាន​ដុល្លារ | Blog

ពី​ក្មេង​រត់​តុ​គុយទាវ​នៅ​ទួលសង្កែ​ឥឡូវ​ក្លាយ​ជា​ឧកញ៉ា​ម្ចាស់​ក្រុមហ៊ុន​២​តម្លៃ​រាប់​លាន​ដុល្លារ

បញ្ចូល: January 28, 2016 ប្រភេទ: ពាណិជ្ជកម្ម
ជីវិត​ជោគជ័យ៖ ការ​ខិតខំ​ប្រឹងប្រែង​តាំង​ពី​វ័យ​ជាង​១០​ឆ្នាំ  បាន​កែប្រែ​វាសនា​បុរស​សម្បុរ​ស្រអែម​ រូប​សង្ហា​  ពី​ក្មេង​រត់​តុ​គុយទាវ​យក​លុយ​រៀន ក្លាយ​ជា​ឧកញ៉ា​ មាន​ក្រុមហ៊ុន​ធំៗ​ចំនួន​២នៅ​ក្នុង​ដៃ​មាន​​​តម្លៃ​​រាប់​លាន​ដុល្លារ ​ ដែល​មាន​អាជីវកម្ម​ ​ប្រមាណ​ជិត​១០​មុខ។   
 
​ក្រុមហ៊ុន​ទី១​គឺ មាន​ឈ្មោះ​ថា ​សេវេនអេនជី (7NG) ​ជា​ក្រុមហ៊ុន​រួម​ក្នុង​គ្រួសារ​របស់​លោក​   ដែល​បច្ចុប្បន្ន​នេះ​ ​បាន​បើក​ជា​សួន​​ឧស្សាហកម្ម​​នៅ​តំបន់​វិហារសួគ៌  មាន​​ប្រមាណ​​ជាង​២០​រោងចក្រ ដែល​បាន​ផ្ដល់​ការងារ​ជូន​ប្រជាជន​ប្រមាណ​៣ម៉ឺន​នាក់។  
 
ក្រុមហ៊ុន​ទី​២គឺ ក្រុមហ៊ុន​ JET Group  ដែល​​មាន​អាជីវកម្ម​ត្រកូល​Jet​ ជា​ច្រើន  ដូចជា ហាង​កាហ្វេ​ទំនើប, ក្លឹប​កម្សាន្ត ,  ក្រុមហ៊ុន​រថយន្ត ។ល។ បើ​បង្កើត​ក្រុមហ៊ុន​នេះ​ឡើង​គឺ​ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​ដៃគូ​វិនិយោគ​ក៏​ដូចជា​ភ្ញៀវ​បរទេស​ដែល​មក​កាន់​កម្ពុជា ក្នុង​ការ​កម្សាន្ត​និង​ទទួល​ទាន​អាហារ​បែប​ស្តង់ដារ គឺ​គោល​ដៅរួម​ធ្វើ​យ៉ាង​ណា​ឲ្យ​ពួក​គាត់​ពេញ​ចិត្ត​ក្នុង​ការ​បោះ​ទុន​វិនិយោគ​នៅ​កម្ពុជា​។  
 
​នេះ​បើ​យោង​តាម​លោក ឧកញ៉ា​មាន​សម្ដី​រួសរាយ​រាក់ទាក់​រូប​នេះ​បាន​ផ្ដល់​បទសម្ភាសន៍​ដល់​គេហទំព័រ​ខេឃ្យូបKQube.Net ​ នា​ពេល​ថ្មីៗ​ ដូច្នេះ​ដើម្បី​ជ្រាប​ច្បាស់​ពី​ដំណើរ​ជីវិត​របស់​លោក​ឧកញ៉ា សូម​អាន​អត្ថបទ​ខាង​ក្រោម​នេះ៖  
 
វ័យ​កុមារ​ភាព​
 
លោក​ ស្រី ចាន់ថន កើត​នៅ​ឆ្នាំ​១៩៨៣ នៅ​ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្ត​កណ្ដាល​ ជា​កូន​ទី​៣ ​ក្នុង​ត្រកូល​អ្នក​រកស៊ី​   ​លោក​ឪពុក​ឈ្មោះ​ស្រី សុធា ​និង​អ្នក​ម្ដាយ​ហ៊ុយ សារី ។ កាល​ពី​នៅ​​វ័យ​ក្មេង​​គ្រួសារ​របស់​លោក​ បាន​ធ្លាក់​ដុនដាប​ ព្រោះ​សេដ្ឋកិច្ច​ជំនាន់​​នោះ​មិន​ទាន់​ល្អ​ ដោយសារ​​នយោបាយ​ប្រែប្រួល​​មិន​ទៀត​ទាត់​  ដូច្នេះ​លោក​ក៏​សម្រេច​ចិត្ត​ធ្វើ​ជា​​ក្មេង​រត់​តុ​គុយទាវ​ក្នុង​​ភោជនីយដ្ឋាន​មួយ​​នៅ​ម្ដុំ​ទួល​សង្កែ ដើម្បី​យក​លុយ​​​រៀន​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ ។  
 
​​ចំពោះ​ប្រវត្តិ​សិក្សា​លោក​ មិន​បាន​ចាំ​ឆ្នាំ​ច្បាស់​លាស់​នោះ​ទេ  គ្រាន់​តែ​ដឹង​ថា កាល​ពី​តូច​រៀន​នៅ​សាលា​បឋម​សិក្សា​កុលាប​​ទី​១  ​ហើយ​បន្ត​ចូល​រៀន​នៅ​អនុវិទ្យាល័យ​វត្តភ្នំ  ​ក្រោយ​មក​ទៀត​ចូល​រៀន​នៅ​វិទ្យាល័យ បាក់ទូក  ​​នឹង​ចូល​រៀន​ថ្នាក់​ឧត្ដម​សិក្សា​នៅ​សាលា​កសិកម្ម​ចម្ការ​ដូង។
 
 
រកស៊ី​ដំបូង​ កម្មករ​ក៏​ខ្លួន​ឯង ថៅកែ​ក៏​ខ្លួន 
 
ដោយសារ​មាន​ចំណង់​ជា​អ្នក​រកស៊ី​ខ្លាំង​ក្លា ​នៅ​វ័យ​១៧​ឆ្នាំ  លោក​បាន​សុំ​លុយ​ពី​ឪពុក​ម្ដាយ​របស់​លោក​ចំនួន​១ពាន់​ដុល្លារ ដើម្បី​ចាប់​ផ្ដើម​ប្រកប​មុខរបរ​ទិញ​អង្ករ​ពី​ឧត្ដុង្គ​  មក​លក់​នៅ​ព្រែក​ព្នៅ ។ 
 
ពាក្យ​ថា​រក​ស៊ី​ក​វែក​ក​ឆ្នាំ​ ពិត​ជា​មិន​ងាយ​ស្រួល​នោះ​ទេ ការងារ​គ្រប់​បែប​យ៉ាង​គឺ​លោក​ត្រូវ​ធ្វើ​ដោយ​ខ្លួន​ឯង​  ដោយ​ជំហាន​ដំបូង​លោក​ចុះ​ជួប​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ  ដើម្បី​សុំ​ចរចា​ ទិញ​បណ្ដាក់ ដោយ​បង់​លុយ​ខ្លះ ជំពាក់​ខ្លះ ​ពេល​ណា​លោក​មក​យក​អង្ករ​ម្ដង​ទៀត​ទើប​បង់​ផ្ដាច់​អា​ចាស់  ​ហើយ​​គំនិត​នេះ​ក៏​ត្រូវ​បាន​ឯកភាព​ពី​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ។ 
 
ប៉ុន្តែ​​មិន​មែន​មាន​ន័យ​ថា ទិញ​អង្ករ​យក​មក​លក់​ស្រួល​ៗ​នោះ​ទេ  គឺ​លោក​ត្រូវ​ចាប់​ផ្ដើម​តាំង​ពី​ការ រើស​អង្ករ​យក​មក​រែង អុំ​ដោយ​ខ្លួន​ឯង ​ហើយ​ដើរ​រក​ម៉ូយ​តាម​ផ្សារ និង​លី​អង្ករ​យក​ឲ្យ​គេ​ដល់​ក្នុង​ផ្សារ​ទៀត​ផង ​លើក​លែង​តែ​ការ​បើកបរ​ប៉ុណ្ណោះ​ដែល​លោក​ពឹង​បងប្អូន​ជីដូន​មួយ​របស់​លោក។  
 
ភាព​វ័យ​ឆ្លាត​ក្នុង​ការ​ប្រកប​របរ​រកស៊ី 
 
​​ពេល​បោះ​អង្ករ​តាម​ផ្សារ​អស់​ហើយ លោក​ត្រូវ​បើក​ឡាន​មក​យក​អង្ករ​ម្ដង​ទៀត ដូច្នេះ​​ឡាន​ទទេ គ្មាន​ជាប់​ដឹក​អ្វី​ទេ ដូច្នេះ​លោក​ក៏​ឆ្លៀត​បើក​ដឹក​ កម្មករ​រោងចក្រ  ដើម្បី​បាន​ប្រាក់​កម្រៃ​បន្ថែម​កុំ​ឲ្យ​ខាត​សាំង  ​ហើយ​បើ​គ្មាន​អង្ករ​ដឹក​ត្រលប់​មក​វិញ​ទេ លោក​ឆ្លៀត​ដឹក​ធ្យូង​ដឹក​អុស ​យក​មក​លក់​ តាម​ផ្សារ​មួយ​ចំនួន​គឺ​ធ្វើ​យ៉ាង​ណា​​មិន​ឲ្យ​ឡាន​ទំនេរ​ឡើយ  ​ក្រោយ​មក​ទៀត​លោក​ក៏​បន្ថែម​មុខ​របរ​មួយ​មុខ​ទៀត គឺ​ដឹក​អំពៅ​ពី​​ផ្សារ​ដើមគរ​ ដើរ​បោះ​តាម​ផ្លូវ​ត្រលប់​មក​​រោង​ម៉ាស៊ីន​កិន​ស្រូវ​នៅ​ឧត្ដុង​​វិញ។ ប៉ុន្តែ​ជា​ឧបសគ្គ​កាល​នោះ​គឺ​ផ្លូវ​លំបាក​ពេក មាន​រណ្ដៅ​បាយខុន​ច្រើន ដែល​នាំ​ឲ្យ​ខាតបង់​ទៅ​លើ​ថ្លៃ​សេវា​ជួសជុល​រថយន្ត​​ទៅ​វិញ  ។  
 
មិន​ទុក​ប្រាក់​ឲ្យ​ទំនេរ ​លោក​បាន​ទិញ​ដី​ទុក​ដើម្បី​ចំណេញ​ 
 
អាជីវកម្ម​​របស់​លោក​កាន់​តែ​រីក​ចំរើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​គឺ​មាន​ម៉ូយ​វិល​ជុំ​ ធ្វើ​ឲ្យ​លោក​សល់​ថវិកា​មួយ​ចំនួន​។  ដោយសារ​ពី​មុន​មក​គ្រួសារ​របស់​លោក​ធ្លាប់​ជា​អ្នក​រកស៊ី ​ដីធ្លី​ផង​នោះ  លោក​​ក៏​មាន​​ទស្សនៈ​​វិជ្ជមាន​ចំពោះ​វិស័យ​ដីធ្លី​ដែរ​។  ដូច្នេះ​លោក​ក៏​ចាប់ផ្ដើម​សន្សំ​​ប្រាក់​ម្ដង​បន្តិចៗ​រហូត​ទិញ​បាន​ដី​ មួយ​ប្លង់​​ទុក ។  ​ក្រោយ​មក​មិន​ខុស​ពី​ការ​រំពឹង​ទុក​ពី​លោក​ឡើយ គឺ​តម្លៃ​ដី​ដែល​លោក​បាន​ទិញ​ទុក​នោះ  បាន​កើន​តម្លៃ​ឡើង​ជា​ប្រចាំ​   ដូច្នេះ​លោក​ក៏​បាន​លក់​ចេញ  ហើយ​យក​ប្រាក់​ទាំង​អស់​នោះ វិនិយោគ​លើ​ទំហំ​ដី​កាន់​តែ​ធំ​​លក់​ចេញ​ចំណេញ​កាន់​តែ​ច្រើន ។  
 
​ក្រោយ​មក​ទៀត​ដោយសារ​មាន​ការ​ស្នើសុំ​ពី​សហគមន៍​ដី​ក្រហម ដែល​ជា​តំបន់​រស់នៅ​មាន​ស្មុគស្មាញ​ខ្លាំង ​និង​មាន​ប្រជាជន​ក្រីក្រ​​រស់នៅ​ច្រើន មិន​មាន​របៀប​រៀបរយ​ ព្រមទាំង​ឧស្សាហ៍​កើត​មាន​បញ្ហា​ច្រើន​ទៀត​ផង​នោះ​  លោក​និង​ឪពុក​លោក​បាន​បង្កើត​ជា​ក្រុមហ៊ុន​មួយ​ឈ្មោះ​ 7NG ​ ដើម្បី​ដោះដូរ​អភិវឌ្ឍន៍​តំបន់​សហគមន៍​ដី​ក្រហម​នោះ  ឲ្យ​ក្លាយ​ជា​តំបន់​ទំនើប​ សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍។ 
 
ដូច្នេះ​ខាង​ក្រុមហ៊ុន​របស់​លោក បាន​ដាក់​គោលការណ៍​គឺ ប្រជាជន​រស់នៅ​ដី​សហគមន៍​ទាំង​អស់ ត្រូវ​​រើ​ទៅ​នៅ​តំបន់​ចោមចៅ ដែល​ក្រុមហ៊ុន​បាន​អភិវឌ្ឍន៍​រួច​ហើយ ដែល​មានផ្ទះ  ​ផ្សារ សាលា​រៀន​  ​ទឹក​ ភ្លើង ​​ឲ្យ​ប្រជាជន​ទាំង​នោះ​រស់នៅ​ដោយ​សមរម្យ និង​អាច​ប្រកប​អាជីវកម្ម​បាន ។ លើស​ពី​នេះ​ទៅ​ទៀត ​ក្រុមហ៊ុន​​របស់​លោក​ បាន​បង្កើត​ជា​សហគមន៍​មួយ​​នៅ​ទីនោះ​ ដើម្បី​ផ្ដល់​ប្រាក់​កម្ចី​សម្រាប់​អ្នក​​ប្រជាជន​ដែល​ចង់​ចាប់​ផ្ដើម​រកស៊ី។ 
 
ក្លាយ​ជា​អ្នក​រកស៊ី​ មិន​ភ្លេច​ជួយ​អ្នក​ក្រ 
 
​ដោយ​ធ្លាប់​រៀន​ផ្នែក​កសិកម្ម​និង​ជា​អ្នក​រកស៊ី​លើ​ដីធ្លី​ផង នៅ​អំឡុង​ឆ្នាំ​២០០៦ ​លោក​បាន​ចាប់​ផ្ដើម​គំនិត​មួយ ដែល​អាច​ផ្ដល់​ប្រយោជន៍​ដល់​​ប្រជាជន​នៅ​តំបន់​នោះ​ផង​និង​អាច​ធ្វើ​ឲ្យ​ដី​ឡើង​ថ្លៃ​ លក់​បាន​ចំណេញ​ផង​ ។   លោក​បាន​​កែប្រែ​តំបន់​វិហារសួគ៌​ដែល​ដី​គ្មាន​ជីជាតិ ឲ្យ​ក្លាយ​ជា​តំបន់​ឧស្សាហកម្ម​ និង​បង្កើត​ការងារ​​ឲ្យ​ប្រជាជន​​ផង​ដែរ ទោះបីជា​គម្រោង​នេះ​មាន​ការ​រិះ​គន់​ខ្លះ ប៉ុន្តែ​​លោក​បាន​តស៊ូ​ជម្នះ​រហូត​ជោគជ័យ។  
 
គម្រោង​នោះ​ លោក​បាន​ប្រមូល​ទិញ​ដី​នៅ​តំបន់​វិហារសួគ៌ ឃុំ​វិហារសួគ៌​  ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល ​ក្នុង​តម្លៃ​ធូរ​ថ្លៃ ហើយ​កាត់​មួយ​ចំណែក​លក់​ជូន​ប្រជាជន​ក្រីក្រ ​ដោយ​បង់​​ប្រាក់​ចំនួន​បន្តិចបន្តួច​ប្រចាំ​ខែ ដើម្បី​ទទួល​បាន​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​ដី​នោះ ។   មក​ដល់​បច្ចុប្បន្ន​នេះ ផ្ទៃ​ដី​ទាំង​នោះ​  បាន​ប្រែ​ក្លាយ​ជា​តំបន់​ឧស្សាហកម្ម​​មួយ​ដ៏​ធំ​  ​មាន​រោង​ចក្រ​ចំនួន​២០​​កំពុង​ដំណើរ​ ដោយ​ដៃគូ​វិនិយោគ​មក​ពី​បណ្ដា​​ប្រទេស​មួយ​ចំនួន​ដូចជា សហរដ្ឋ​អាមេរិក ចិន អង់គ្លេស កូរ៉េ វៀតណាម  ជា​ដើម ដែល​បាន​ផ្ដល់​ការងារ​ជូន​ប្រជាជន​​កម្ពុជា​ប្រមាណ​៣​ម៉ឺន ​នាក់។  
 
​ពេល​ថ្មីៗ​នេះ លោក​ទើប​តែ​ជ្រើស​រើស​ប្រជាជន​ពី​សហគមន៍​ស្ទឹងមានជ័យ ចំនួន​៧៧​គ្រួសារ​​​ឲ្យ​ទៅ​រស់នៅ​តំបន់​របស់​លោក ​​និង​សន្យា​ឲ្យ​ដី ធ្លី ​សម្រាប់​រស់នៅ​ ប៉ុន្តែ​​នៅ​ក្នុង​ពេល​បណ្ដោះអាសន្ន​នេះ ​គឺ​អនុញ្ញាត​ឲ្យ​កូនៗ​របស់​ពួក​គាត់​ចូល​រៀន​​នៅ​សាលា​ដែល​លោក​សាងសង់​ដោយ​ពុំ​ចាំ​បាច់​បង់​ថ្លៃ​ឡើយ  ចំណែក​ឪពុក​​របស់​ពួកគេ​​ អាច​ធ្វើការ​ខាង​ដាំ​ដើម​ឈើ និង រៀប​ឥដ្ឋ​ការ៉ូឡា  ចំណែក​ស្ត្រី​អាច​ធ្វើការ​រោង​ចក្រ  ឬ អាច​ធ្វើ​ជា​អ្នក​អនាម័យ​ ដោយ​ទទួល​បាន​កម្រៃ​ប្រចាំ​ថ្ងៃ​ផង​ដែរ។  
 
 
បច្ចុប្បន្ន​ភាព  
 
លោក​ ស្រី ចាន់​ថន អាយុ​៣៣​ឆ្នាំ ​មាន​បុត្រ​ចំនួន​៣​នាក់​  លោក​ត្រូវ​​ព្រះ​មហាក្សត្រ​ ប្រោស​ប្រទាន​គោរមងារ​​ជា​ឧកញ៉ា ​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៣ ។  លោក​មាន​ក្រុមហ៊ុន​ធំ​មួយ  ឈ្មោះ​ជេត គ្រុប ដែល​មាន​​មុខ​របរ​អាជីវកម្ម​ចំនួន​៨​  ដែល​មាន​ដើមទុន​ប្រមាណ​១០​លាន​ដុល្លារ ​ក្នុង​នោះ​រួម​មាន​ ស្ថានីយ​សាំង Jet  Station   ​ក្រុមហ៊ុន​នាំ​រថយន្ត​ចូល​មក​កម្ពុជា​ Jet Auto (Transit) ភោជនីយដ្ឋាន​ Jet Restaurant   ក្លឹប​កម្សាន្ត​  Jet Club ។ល។ ដែល​គិត​មក​ដល់​សព្វថ្ងៃ​នេះ​មាន​ ​បុគ្គល​បម្រើការ​​ជាង​៣០០​នាក់ ។
 
 
លោក​មាន​រថយន្ត​ទំនើប​តម្លៃ​ថ្លៃ​ប្រមាណ​៦​គ្រឿង ដែល​មាន​ដូចជា  Lamborghini , Bentley , ferrari, Rolls-Royce វត្ថុ​បំណង​ដែល​លោក​ទិញ​ឡាន​ទំនើប​ៗ​នេះ គឺ​​ដើម្បី​ឲ្យ​អ្នក​វិនិយោគ​បរទេស​  គេ​ចូល​​មក​ស្រុក​ខ្មែរ អាច​មើល​​និង​ទាក់ទាញ​ទំនុក​ចិត្ត​ ចំពោះ​ការ​ចាប់​ដៃគូ​ជាមួយ​លោក​រកស៊ី​ជាមួយ​លោក ។  
 
ការងារ​សង្គម​និង​បណ្ដុះបណ្ដាល​យុវជន 
 
លោក​បាន​ចូល​ក្នុង​ក្រុម​យុវជន​១៥៧ ដើម្បី​បណ្ដុះបណ្ដាល​ក្រុម​យុវជន​ខ្លះ​ដែល​មាន​និស្ស័យ​ខាង​រកស៊ី​ ឲ្យ​ក្លាយ​ជា​សហគ្រិន​នៅ​ថ្ងៃ​អនាគត ។  ​ថ្មី​ៗនេះ លោក​បាន​ជ្រើសរើស​យុវជន​២​ក្រុម ដែល​ពួក​គេ​ខ្លះ​មាន ទុន​ និង ខ្លះ​ទៀត​គ្មាន​ទុន លោក​បាន​ផ្ដួចផ្ដើម​គំនិត​អាជីវកម្ម​ឲ្យ​ពួក​គេ​  មួយ​ក្រុម​ ចាប់​ផ្ដើម​រកស៊ី​ផលិត​ទឹក​សុទ្ធ​  និង​មួយ​ក្រុម​ទៀត ចាប់​ផ្ដើម​រកស៊ី​ រៀបចំ​ផ្សារ​រាត្រី​ ដើរ​តាម​បណ្ដា​ខេត្ត។ លោក​បាន​ពន្យល់​ថា គ្រប់​អាជីវកម្ម​ចាំបាច់​ណាស់​ទាមទារ​ក្រុម​ការងារ​មួយ​រឹង​មាំ  ហើយ​មាន​ជំនាញ​ផ្សេងៗ​គ្នា​ដើម្បី​សហការ​គ្នា ទើប​សម្រេច​បាន​ជោគជ័យ​បាន ដោយ​លោក​ចាំ​ជួយ​ឃ្លាំមើល​និង​បង្ហាញ​ផ្លូវ​ដល់​ពួកគេ​ជា​ប្រចាំ។  
 
ជាក់ស្ដែង​លោក​បាន​​ជ្រើសរើស​យុវជន​ដែល​មក​ធ្វើការ​ជាមួយ​លោក​តែ​រយៈ​៣​ឆ្នាំ​ប៉ុណ្ណោះ លោក​បាន​ដំឡើង​គាត់​ឲ្យ​ក្លាយ​ជា​អ្នក​ចាត់ការ​ទូទៅ (GM)  ពី​ប្រាក់​ខែ​១០០ ដុល្លារ រហូត​បាន​ទទួល​ដល់​១​ពាន់​ដុល្លារ។  
 
ការងារ​មនុស្ស​ធម៌ 
ហាង​ទាំង​អស់លោក​​បង្កើត​ឡើង គឺ​​មាន​ការ​ដក​ប្រាក់​ចំណេញ​ខ្លះ​សម្រាប់​មនុស្ស​ធម៌   ព្រោះ​លោក​ធ្លាប់​ក្រ ជិះ​ម៉ូតូ​កញ្ចាស់  មុង​មួយ​គេង​៨​នាក់    ហើយ​លោក​បាន​សហការ​ជាមួយ​អ្នក​នៅ​ក្រៅ​ប្រទេស​ដើម្បី​កសាង​សាលា​រៀន ​ឲ្យ​កូន​កម្មករ​ និង​ អ្នក​នៅ​សហគមន៍​ទាំង​អស់​ ឲ្យ​បាន​រៀន​សូត្រ​ទៀត​ផង។
 
ការ​ចែករំលែក 
 
អត់ធ្មត់ ៖ ត្រូវ​តាំង​ចិត្ត​អត់​ធ្មត់ ខាំ​មាត់​សង្កត់​ចិត្ត​ឲ្យ​បាន​ខ្ពស់​បំផុត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ​​ហើយ​ត្រូវ​ប្រើប្រាស់​បញ្ញាញាណ ដោះស្រាយ​ដោយ​សន្តិវិធី​ ជៀសវាង​ការ​ធ្វើការ​ទាំង​ឆេវឆាវ​ ​បណ្ដាល​ឲ្យ​ខាត​បង​​ផល​ប្រយោជន៍​ធំ ។ មាន​រឿង​ច្រើន​ណាស់​ដែល​លោក​បាន​ឆ្លង​កាត់ ពេល​ខ្លះ​ លោក​ខឹង​ស្ទើរ​ទ្រាំ​មិន​បាន ប៉ុន្តែ​​នៅ​តែ​តស៊ូ​ព្យាយាម​អត់ធ្មត់​ បើ​ខឹង​ខ្លាំង​សុខ​ចិត្ត​ ញញឹម​ហើយ លើក​ពេល​ចរចា​ ហើយ​ពេលវេលា​អាច​ប្រែប្រួល អាច​ក្លាយ​ជា​រឿង​ល្អ​វិញ​ក៏​ថា​បាន។  
 
មើល​ឲ្យ​ឆ្ងាយ រៀន​សូត្រ​ពី​អ្នក​ជោគជ័យ៖  ធ្វើ​ការ​អី​ក៏​ដោយ​ ប្អូន​ត្រូវ​ចេះ​សម្លឹង​មើល​ឲ្យ​ឆ្ងាយ  និង​រៀន​សូត្រ​ពី​អ្នក​ធ្លាប់​ជោគជ័យ​កន្លង​មក ព្រោះ​អ្នក​ជោគជ័យ​កន្លង​មក​​ធ្លាប់​ឆ្លង​កាត់​បរាជ័យ និង​ចែក​រំលែក​ចំណុច​ល្អៗ ដល់​ប្អូនៗ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា ត្រូវ​យក​ម៉ូដែល​គេ​ទាំង​ស្រុង​មក​អនុវត្តន៍​នោះ​ទេ គឺ​ត្រូវ​ចេះ ច្បិច​យក​ចំណុច​ល្អៗ និង​បង្កើត​ជា​គំនិត​ថ្មី​ទើប​អាច​ទទួល​បាន​ជោគជ័យ។  
 
កសាង​ទំនុក​ចិត្ត ៖  គ្រប់​ការងារ​មុខ​របរ​ណា​ក៏​ដោយ​ចាំ​បាច់​ដែល​ត្រូវ​ទាមទារ​យក​បេះដូង​ពី​អ្នក​ក្រោម​បង្គាប់​ឬ​មនុស្ស​ជុំវិញ​ខ្លួន ដើម្បី​ឲ្យ​គេ​ធ្វើការ​ជាមួយ​យើង​ឲ្យ​អស់​ពី​បេះដូង ​​ទើប​អាច​ធ្វើ​ឲ្យ​ជំនួញ​ឬ​អាជីវកម្ម​របស់​យើង​រីក​ចម្រើន​ទៅ​មុខ​បាន។ 
 
ជាក់ស្ដែង​ដូច​​ខ្ញុំ​ចឹង​មិន​រើសអើង​ការងារ​ទេ មាន​ពេល​ខ្លះ​ខ្ញុំ​ចុះ​ធ្វើការ​​កាយ​ដី​ជាមួយ​កម្មករ ​គឺ​ចង់​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​របស់​ខ្ញុំ​ចំពោះ​ការ​ងារ​របស់​ពួកគាត់ ធ្វើ​ដូច្នេះ​ពួក​គាត់​មាន​អារម្មណ៍​ស្និទ្ធស្នាល និង​យល់​ថា ការងារ​ដែល​ពួក​គាត់​កំពុង​ធ្វើ​មាន​តម្លៃ ដូច្នេះ​បើ​ទោះបីជា​លោក​មិន​នៅ​ការដ្ឋាន ក៏​ពួកគាត់​ខិតខំ​ធ្វើការ​ដោយ​អស់​ពី​ចិត្ត​ដែរ៕  

ចង់ស្វែងរកការងារសូមចុចទីនេះ www.chr-asia.com

សំរួលនិងចុះផ្សាយដោយ / ដកស្រង់ពី:

សូមបញ្ចេញមតិយោបល់របស់លោកអ្នកនៅខាងក្រោម! សូមអរគុណសម្រាប់ការគាំទ្រ!