កំចាត់មុនខ្សាច់ រឺមុនផ្សេងៗ ចេញពីលើផ្ទៃមុខ ដោយប្រើរូបមន្តងាយៗ

មុនជាសត្រូវដ៏ធំ របស់មនុស្ស ។ យុវវ័យស្ទើរតែ គ្រប់គ្នាដែលមានបញ្ហា ជាមួយនឹងមុនខ្សាច់ កើតនៅលើមុខ ។ គ្មាននរណាម្នាក់ ដែលចង់អោយវា កើតនៅលើផ្ទៃមុខទេ មិនថាមុនតូច មុនធំ ក៏ដោយ ។ គ្រប់គ្នាតែងតែចង់ បានផ្ទៃមុខរលីងស្អាត ។ ប្រសិនបើអ្នក​ មានកង្វល់នឹងបញ្ហា មុនទាំងឡាយដែល តាមយាយីអ្នក សូមសាកល្បងអនុវត្តន៍វិធី ងាយៗដូចខាងក្រោម ៖



១. Scrub ម្សៅគ្រាប់ធញ្ញាជាតិ (oatmeal)
អ្វីដែលអ្នកត្រូវធ្វើគឺ យក oatmeal ១/៣ ពែង, ស្ករស ១/៤ ពែង និង ទឹកឃ្មុំ ១/៤ ពែង ។ លាយគ្រឿងផ្សំ ទាំងនេះបញ្ជូលគ្នា ហើយលាបទៅលើ ស្បែករបស់អ្នក ។ ម៉ាស្សាថ្នមៗរយៈពេល ៥ នាទី សឹមលាងចេញ ជាមួយទឹកក្តៅឧណ្ហៗ ។



២. ស្ទីមមុខ
ស្ទីមមុខជាវិធី ដ៏ល្អក្នុងការកំចាត់ មុនខ្សាច់ ក៏ដូចជាសំអាត ធូលីដីដែលកកស្ទះ នៅក្នុងរន្ធញើស ។ ដាំទឹកអោយពុះ រួចចាក់ចូលកន្ធន់ទឹកមួយ រកកន្លែងអង្គុយ ដែលងាយស្រួលសំរាប់អ្នក ។ ដាក់កន្ធន់ទឹកក្តៅលើតុ រួចអង្គុយចុះ ហើយទ្រោបពីលើ កន្ធន់ទឹកក្ដៅនោះ ដោយគ្រប់ក្បាលរបស់អ្នក ជាមួយនឹង កន្សែង ។ ចំហាយទឹកក្ដៅ នឹងចេញមកប៉ះនឹង ផ្ទៃមុខរបស់អ្នក ហើយកន្សែង នឹងការពារចំហាយ សាយភាយចេញទៅក្រៅ ។ ស្ទីមមុខរបស់អ្នក រយៈពេល ប្រហែល ៥ ទៅ ១០ នាទី, ងើបមុខចេញ ពីចានទឹកក្ដៅ បន្តិចសិន បើអ្នកមានអារម្មណ៍ថាក្ដៅ ពិបាកទ្រាំ ។ ធ្វើវាម្តងក្នុងមួយថ្ងៃ ។



៣. ប៉េងប៉ោះ
ប៉េងប៉ោះសំបូរទៅដោយ វីតាមីន C ។ យកប៉េងប៉ោះមួយផ្លែ ពុះជាពីរ រួចដុសវាទៅលើ ផ្ទៃមុខដែលមានមុន, ជាពិសេសកន្លែង ដែលមានមុនខ្សាច់ ។ ទុកចោល ៥ នាទីសឹមលាងចេញ ។



៤. Scrub អង្ករ
ត្រាំអង្ករមួយយប់ រឺ ៥ ម៉ោង បន្ទាប់មកយកអង្ករ ទៅកិនអោយម៉ត់ ។ រួចហើយយកអង្ករដែល កិនរួចមកលាបលើមុខ ដើម្បីជំរុសកោសិការ ស្បែកងាប់ចោល ។



៥. ស្ករស និង ប្រេងអូលីវ
ដួសស្ករស ១ ស្លាបព្រាកាហ្វេ ដាក់ក្នុងកូនចាន រួចបន្ថែមប្រេងអូលីវ ២-៣ ដំណក់ចូល ។ យកច្រាសដុសធ្មេញ ដែលមានសរសៃទន់ ជ្រលក់ចូលទៅក្នុងល្បាយ ដែលបានរៀបចំរួច ដុសទៅលើផ្ទៃមុខ ។ ដុសទៅដុសមក រយៈពេល ៥-១០ នាទី សឹមលាងចេញ ជាមួយទឹកត្រជាក់ ។ ធ្វើវិធីនេះ ម្តងក្នុងមួយសប្តាហ៍ ។

ជ្រើសរើសវិធីមួយណា ដែលងាយស្រួលសំរាប់អ្នក ហើយអនុវត្តន៍វា ជាប្រចាំ ៕

Loading...