ទេព បូព្រឹក្ស ប្រាប់​ពី​មូលហេតុ​ធ្លាក់​ប្រជាប្រិយភាព​ក្នុង​ឆ្នាំ​២០១៥​

សិល្បៈ៖ ​ក្នុង​ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ​តារា​ចម្រៀង​កញ្ញា ទេព បូព្រឹក្ស ​បាន​ចេញ​បទ​ចម្រៀង​មិន​ដល់​១០​បទ​ទេ ​ហើយ​កញ្ញា​ក៏​មិន​សូវ​បាន​បង្ហាញ​វត្តមាន​តាម​ឆាក​ទូរទស្សន៍​ញឹកញាប់​ដែរ ​មូលហេតុ​ទាំង​នេះ​ហើយ​ធ្វើ​នាង​បាត់បង់​ការ​គាំទ្រ​មួយ​ភាគ​ធំ ​រហូត​ធ្វើ​អ្នក​តាម​ដាន​វិស័យ​សិល្បៈ​ចម្រៀង​មួយ​ចំនួន​បាន​ប្រាប់​ថា នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ ​ទេព បូព្រឹក្ស ធ្លាក់​ប្រជាប្រិយភាព​គួរ​ឱ្យ​បារម្ភ​។ 
 
​ដើមទង​នៃ​បញ្ហា​ខាង​លើ​នេះ​ ទេព បូព្រឹក្ស ​ក៏​មិន​បាន​ចេញ​មុខ​បញ្ជាក់​ប្រាប់​មូលហេតុ​ដែរ រហូត​មាន​អ្នក​ខ្លះ​បាន​លើក​ឡើង​ថា ​ហេតុផល​ដែល​តារា​ស្រី​រូប​នេះ​ស្រុត​ប្រជាប្រិយភាព​ក្នុង​ឆ្នាំ​កន្លង​ទៅ​នេះ ​គឺ​មក​ពី​ផលិតកម្ម ហង្សមាស ​លែង​លើក​ស្ទួយ​នាង ​ព្រោះ​មាន​តារា​ចម្រៀង​គរ​ជើង​គ្នា ​ដូច្នេះ​ហើយ​គម្រោង​ផលិត​បទ​ចម្រៀង​សម្រាប់​តារា​ម្នាក់​ៗ​ក៏​ស្រុត​ទៅ​តាម​គ្នា​ផង​ដែរ​។ 
 
​ទើប​តែ​នៅ​ព្រឹកមិញ​​នេះ ​ទេព បូព្រឹក្ស ​បាន​ប្រាប់​ពី​មូលហេតុ​ថា ​រឿងរ៉ាវ​ដែល​នាង​មិន​សូវ​មាន​បទ​ចម្រៀង​ចេញ​មូលហេតុ​តារា​ចម្រៀង​ហង្សមាស ​ច្រើន​ក៏​ជា​ផ្នែក​មួយ​ដែរ ​ប៉ុន្តែ​រឿង​ផ្សេង​ទៀត ​គឺ​មាន​មាន​ជំងឺ​ក្រពះ ​ពោះវៀន ​ហើយ​ពេល​នាង​ព្យាបាល​ជា​ត្រូវ​ថ្នាំ​ច្រើន​ក៏​ឡើង​គីឡូ​ទៅ​ដល់​១០​គីឡូ​ឯណោះ ​ដូច្នេះ​ហើយ​ទើប​នាង​មិន​សូវ​ចង់​បង្ហាញ​វត្តមាន ​តែ​ពេល​នាង​ទម្ងន់​នាង​ស្រក​មក​នៅ​ត្រឹម​តែ​៥០ ​គីឡូ​ទើប​នាង​ចាប់​ផ្ដើម​បង្ហាញ​វត្តមាន​ឡើង​វិញ​៕