ឈប់​ពី​កម្មករ​សំណង់​មក​​​លក់​ដំឡូង​អាំង​១​ខែ​សល់​ជិត​៥០០​ដុល្លារ

Loading...
អាជីព៖ ជា​ទូទៅ​មនុស្ស​ម្នាក់​តែងតែ​ត្រូវ​ការ​មុខរបរ​ឬ​អាជីព​​ ដោយ​ខ្លះ​ជា​អ្នក​ធ្វើការ​ឲ្យ ខ្លះ​អាច​ធ្វើ​ជា​ថៅកែ​ ខ្លះ​ទៀត​អាច​រកស៊ី​តូចតាច​រក​កម្រៃ​សម្រាប់​ចិញ្ចឹម​ជីវភាព​ ដោយ​ឡែក​បុរស​ម្នាក់​សុខ​ចិត្ត​បោះ​ចោល​ការងារ​ជា​ជាង​សំណង់​មក​ក្លាយ​ជា​​អ្នក​លក់​ដំបូង​អាំង​ចល័ត ដែល​​គាត់​រក​ប្រាក់​ចំណេញ​ជិត​២​លាន​រៀល​ក្នុង​១​ខែ។ 
 
តើ​​គាត់​មាន​ភាព​ប៉ិនប្រសព្វ​យ៉ាងណា​ទើប​អាច​លក់​ដាច់​បាន​ច្រើន​បែប​នេះ? 
 
កំពុង​ញាប់ដៃជើងខ្ចប់​ដំបូង​អាំង​លក់​ជូន​អតិថិជន​ និង​មាន​ភាព​ខ្មាសអៀន​បន្តិច​ យុវជន​ឈ្មោះ​ ឌីណា​ អាយុ​ ២៦​ ឆ្នាំ​ ដែល​ជា​អ្នក​រស់​នៅ​ឯ​ភាគ​ខាង​ត្បូង​ នៃ​ភ្នំពេញ​ក្នុង​​ភូមិ​ជើង​ឯក​ សង្កាត់​ជើង​ឯក​ ខណ្ឌ​ដង្កោ​ បាន​រៀបរាប់​ពី​ជីវប្រវត្តិ​ខ្លះ​ៗ​ ជូន​គេហទំព័រ​ Kqube.net (ខេឃ្យូបឌុតណេត) ដើម្បី​ចែក​ជា​បទពិសោធន៍​​នៃ​អាជីព​ក្នុង​​ការ​លក់​ដំឡូង​អាំង​ និង​ចេក​អាំង​ដ៏​សាមញ្ញ​មួយ​នេះ​។
 
ប៉ុន្តែ​ជាក់​ស្ដែង​ការ​ប្រកប​មុខ​របរ​មួយ​នេះ​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​គួរ​សម​ បើ​ប្រៀបធៀប​នឹង​ការងារ​ដែល​ស៊ីឈ្នួល​ដោយ​ប្រើ​កម្លាំង​សុទ្ធសាធ​ ដើម្បី​ដោះ​ស្រាយ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​​ប្អូន​ប្រុស​ ឌីណា​ បាន​បក​ស្រាយ​ដូច្នេះ​ថា​ "ព្រោះ​តែ​មាន​ជីវភាព​ក្រីក្រ​និង​រៀន​បាន​ត្រឹម​ថ្នាក់​ទី​៩ ខ្ញុំ​​បាន​សម្រេច​ចិត្ត​ចេញ​ទៅ​ធ្វើ​ការ​ជា​កម្មករ​សំណង់​ តាំង​ពី​អាយុ​២០​ឆ្នាំ​ដោយ​ទទួល​បាន​ប្រាក់​កម្រៃ​បន្តិច​បន្តួច​ប៉ុណ្ណោះ"​។
 
ដោយ​ឃើញ​ប្អូន​ប្រុស​មាន​ការ​លំបាក​ បង​ប្រុស​របស់​ ឌីណា​ បាន​បបួល​ប្អូន​ឲ្យ​មក​លក់​ដំឡូង​និង​ចេក​អាំង​វិញ​ ព្រោះ​វា​ជា​មុខរបរ​ដែល​អាច​រក​ប្រាក់​ស្រួល​ជាង​ ធ្វើជា​កម្មករ​សំណង់​ដែល​ប្រើ​តែ​កម្លាំង​បាយ​ និង​ដោយ​មាន​ការ​ពិចារណា​ ព្រមទាំង​មើល​ឃើញ​ទិដ្ឋភាព​ជាក់​ស្ដែងនិង​តាមដាន​ការ​លក់​របស់​បង​ឃើញ​ថា អាច​រក​បាន​​ប្រាក់​ចំណូល​គួរសម​ ប្អូន​ប្រុស​ ឌីណា​ ក៏​សម្រេច​ចិត្ត​លក់​ដំឡូង​និង​ចេក​អាំង​ ដូច​បង​ប្រុស​របស់​ខ្លួន​ដែរ​ទៅ។
 
ធ្វើការ​ឲ្យ​គេ​មិន​ត្រូវ​ការ​ដើម​ទុនចុះ​ដើម្បី​លក់​ដំបូង​អាំង​តើ​ត្រូវ​ការ​ចំណាយ​ដើម​ទុន​ប៉ុន្មាន?    ឌីណា បាន​ឆ្លើយ​ទាំង​សើច​ញឹមៗ​ថា សម្រាប់​ដើម​ទុនដំបូង​​​ចំណាយ​សម្រាប់​ទិញ​រទេះ​និង​ម៉ូតូ​មួយ​គ្រឿង​ ដែល​អស់​ប្រហែល​ជាង​៦០០​ដុល្លារ​ចំណែក​ គ្រឿង​លក់​ប្រចាំ​ថ្ងៃ​​ចំណាយ​ទុនប្រហែល​ជាង​២០​ម៉ឺន​រៀល​ ដើម្បី​ទិញ​ចេក​និង​ដំឡូង​ព្រម​ទាំងគ្រឿង​ដទៃ​​ទៀត​មួយ​ថ្ងៃ​លក់​​សម្រាប់​មួយ​ថ្ងៃ ។  ឌីណា​ បាន​បន្ថែម​ថា អាច​រក​ប្រាក់​ចំណូល​ដល់​ជាង​៥​ម៉ឺន​ ទៅ​៦​ម៉ឺន​រៀល​ ក្នុង​មួយ​ថ្ងៃ​ដែល​ជា​ប្រាក់​ចំណេញ​សុទ្ធ​ វា​ជា​ប្រាក់​ចំណូល​ច្រើន​គួរ​សម​សម្រាប់​ប្អូន​ បើ​សរុប​ជា​ប្រាក់​ចំណូល​ប្រចាំ​ខែ​វិញ​នោះ​ គឺ​ប្រហែល​ជា​មួយ​លាន​ប្រាំ​សែន​ ទៅ​មួយ​លាន​ប្រាំ​មួយ​សែន​រៀល​ ក្នុង​មួយ​ខែ​។
 
ចំពោះ​ការ​លំបាក​របស់​ប្អូន​វិញ​ គឺ​មាន​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​ ដោយ​គ្រាន់​តែ​មុខរបរ​នេះ​គឺ​ត្រូវ​លក់ដូរ​នៅ​តាម​ចិញ្ចើម​ផ្លូវ​ ហើយ​ពេល​ខ្លះ​ត្រូវ​ប៉ូលិស​ឬ​អាជ្ញាធរ​សណ្ដាប់ធ្នាប់​ដេញ​ ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ និង​ត្រូវ​ប្រឈម​ជាមួយ​កម្ដៅ​ថ្ងៃ​ក្ដៅ​ ព្រម​ទាំង​រងា​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាងណា​ប្អូន​នៅ​តែ​តស៊ូ​ មិន​រុញរា​ព្រោះ​ចង់​លក់​ឲ្យ​អស់​ដើម្បី​បាន​ប្រាក់​ចំណេញ​។
 
ជា​រឿយ​ៗ​ប្អូន​តែង​លក់​នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្សី​ នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ពី​ព្រឹក​រហូត​ដល់​ពេល​រសៀល​ទើប​ត្រឡប់​ទៅ​ផ្ទះ​ជួល​នៅ​ឯ​ទឹក​ថ្លា​វិញ​ ដែល​មាន​ម្ដាយ​របស់​ប្អូន​ជា​អ្នក​ចាំ​ជួយ​បក​ចេក​និង​បុក​ដំឡូង​ សម្រាប់​លក់​នៅ​ថ្ងៃ​ស្អែក​ ដោយ​ប្អូន​បាន​បញ្ជាក់​ពី​ចំនួន​ចេក​និង​ដំឡូង​ ដែល​ត្រូវ​លក់​ក្នុង​មួយ​ថ្ងៃ ​ក្នុង​នោះ​ម្ដាយ​ប្អូន​ត្រូវ​បក​ចេក​ចំនួនប្រហែល​​ ៣០​ ស្និត​និង​បុក​ដំឡូង​មី​ដែល​ចំហុយ​រួច​ចំនួន​១០​ គីឡូ​ ជា​រៀង​រាល់​ថ្ងៃ​។
 
ស្ថិត​ក្នុង​បទពិសោធន៍​នៃ​ការ​លក់​ដូរ​ខ្នាត​តូច​មួយ​នេះ​ ឌីណា​ បាន​ចំណាយ​ពេលវេលា​ជាង​៥​ ឆ្នាំ​ទៅ​ហើយ​ ដោយ​ធ្លាប់​មាន​ក្ដី​ស្រមៃ​ទៅ​ថ្ងៃ​អនាគត​ ចង់​មាន​មុខ​របរ​ជា​ម្ចាស់​វង់​ភ្លេង​តន្ត្រី​សម័យ​ និង​ចង់​ឲ្យ​ក្ដី​ស្រមៃ​មួយ​នោះ​ក្លាយ​ជា​ការ​ពិត​ បើ​ទោះបីជា​ប្អូន​មិន​មាន​ចំណេះ​ដឹង​ជ្រៅ​ជ្រះ​យ៉ាង​ណា​ក្ដី​ ក៏​ប្អូន​នឹង​ព្យាយាម​រៀន​សូត្រ​ និង​ដក​ពិសោធន៍​ពី​ចំណេះ​ដឹង​នៃ​មុខ​ជំនួញ​ ដែល​ប្អូន​ចង់​ចេះ​ដើម្បី​ភាព​ជោគជ័យ​ នា​ថ្ងៃ​អនាគត​។
 
ជា​ចុង​ក្រោយ​ ឌីណា​ ក៏​សូម​ផ្ដល់​ជា​មតិ​ផ្ដាំផ្ញើ​ដល់​យុវជន​ ដែល​ពុំ​មាន​វាសនា​ល្អ​និង​គ្មាន​ចំណេះ​ដឹង​ដូចជា​រូប​ប្អូន​ កុំឲ្យ​​អាក់អន់ចិត្ត​នឹង​ជោគ​វាសនា​របស់​ខ្លួន​ ហើយ​កុំ​ចំណាយ​ពេល​អត់​ប្រយោជន៍​ ជាមួយ​​អំពើ​ពាលា​ទាំងឡាយ​ ជា​ពិសេស​ល្បែង​អបាយមុខ​ ដែល​អាច​បណ្ដាល​ឲ្យ​ខ្លួន​​វិនាស​ គឺ​ត្រូវ​ស្វះស្វែង​ធ្វើ​ការងារ​ដែល​សុចរិត​ត្រឹម​ត្រូវ​ ដើម្បី​ជួយ​ជ្រោមជ្រែង​អនាគត​គ្រួសារ​ និង​អាច​សម្រេច​ក្ដី​ប៉ង​ប្រាថ្នា​សម្រាប់​គម្រោង​​ជីវិត​នា​ថ្ងៃ​ខាង​មុខ​៕
 
តើ​អ្នក​ធ្លាប់​ចាប់​អារម្មណ៍​ពី​ជីវភាព​នៃការ​លក់ដូរ​បែប​នេះ​ អាច​រក​ប្រាក់​កម្រៃ​ច្រើន​អញ្ចឹង​ដែរ​ឬ​ទេ​?
Loading...