៦​ចំណុច ​ឆ្លង​ផុត​វគ្គ​សាកល្បង​ក្នុង​ការងារ​ (Internship) បាន​យ៉ាង​ងាយ!

សម្រាប់​បុគ្គលិក​ថ្មី​ ជា​ទូទៅ​​ក្រុមហ៊ុន​តែង​តម្រូវ​ឲ្យ​ចូល​ធ្វើ​ការ​ក្នុង​វគ្គ​សាកល្បង​ (Probation) ឬ វគ្គហាត់ការ​ (​Internship) ក្នុង​រយៈ​ពេល​យ៉ាង​តិច​ណាស់​៣​ខែ​បន្ទាប់​ពី​ត្រូវ​បាន​គេ​ជ្រើស​រើស​ក្រោយ​ជាប់​សម្ភាសន៍​។​

នេះ​ មាន​ន័យ​ថា​ អ្នក​ទទួល​បាន​ឱកាស​ដ៏​ល្អ​មួយ​ សម្រាប់​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន​​ និង​ប្រលូក​ក្នុង​លក្ខខណ្ឌ​នានា​ក្នុង​ក្រុមហ៊ុន​ ស្រប​តាម​មុខ​ដំណែង​ការងារ​ដែល​អ្នក​ចង់​បាន​ ក្នុង​រយៈ​សាកល្បង​មួយ​ដែល​ត្រូវ​បាន​កំណត់​។ តើ​គួរ​ធ្វើ​បែប​ណា​ដើម្បី​អាច​ឆ្លង​ផុត​វគ្គ​Internship នេះ​ប្រកប​ដោយ​ជោគជ័យ?

សូម​សាក​ល្បង​វិធី​ ៦​ចំណុច​ខាង​ក្រោម​៖

១. បង្ហាញ​ការ​ជឿជាក់​ចិត្ត​លើ​ខ្លួន​ឯង​ (Self-Confidence)

នៅ​ពេល​ដែល​អ្នក​ទទួល​​ឱកាស​ការងារ​ដូច​អ្វី​ដែល​ខ្លួន​ចង​បាន​ហើយ​នោះ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​មុន​គេ​នោះ​គឺ​​ ការ​មាន​ទំនុកទុកចិត្ត​លើ​ខ្លួន​​ឯង ព្រោះ​ការ​ទុក​ចិត្ត​ និង​ជឿជាក់​លើ​ខ្លួន​ឯង ​នឹង​នាំ​អ្នក​ឲ្យ​មាន​ភាព​​ក្លាហាន​ឡើង​ និង​ហាន​បញ្ចេញ​អស់​នូវ​ភាព​ខ្លាំង​របស់​ខ្លួន​ទាំង​អស់​ទៅ​លើ​ការ​ងារ​នោះ​។​

២. មាន​ទំនាក់ទំនង​ល្អ​ (Good Communication)

បើ​ទោះ​បី​ជា​ អ្នក​ជា​មនុស្ស​ថ្មីថ្មោង​​ម្នាក់​ នៅ​ក្នុង​ក្រុមហ៊ុន​​ក៏​ដោយ​ ក៏​អ្នក​​មិន​អាច​​ធ្វើ​ខ្លួន​ឲ្យ​នៅ​តែ​​ឯកឯង​​​ ហើយ​ខ្លាច​ក្នុង​ការ​ទំនាក់ទំនង​អ្នក​ដ៏​ទៃ​នោះ​ឡើយ​ ផ្ទុយ​ទៅ​វិញ​អ្នក​ត្រូវ​បង្កើត​ទំនាក់ទំនង​ឲ្យ​ជិត​ស្និត​បំផុត​ជា​មួយ​ពួក​គេ​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ព្រោះ​នេះ​នឹង​បង្ហាញ​ថា​ អ្នក​ជា​មួយ​ដែល​ងាយ​​ចុះសម្រុង​ (Easy-going)​ និង​មាន​ប្រាស្រ័យ​ទាក់ទង​ល្អ​ (Good-Interpersonal)។

៣. បង្កើត​សំនួរ​ពាក់ព័ន្ធ​ (Ask Questions)

អ្នក​គួរ​ធ្វើ​ខ្លួន​ ​ជា​មនុស្ស​ ដែល​ស្ម័គ្រ​ទទួល​បទពិសោធន៍​ថ្មី​ និង​ការ​ចែក​រំលែក ដូចនេះ​ការ​សាកសួរ​នូវ​អ្វី​ដែល​ខ្លួន​មិន​យល់​ ឬ​យល់​មិន​ដល់ ​ទៅ​ក្រុម​ការងារ​ផ្សេង​ទៀត​ការ​​ល្អ​បំផុត​។ ការ​សួរ​សំណួរ​ ពាក់ព័ន្ធ​​នឹង​ការ​ងារ​​ច្រើន​ដោយ​ភាព​ម៉ត់ចត់​ នឹង​ធ្វើ​ឲ្យ​អ្នក​ទទួល​នូវ​គំនិត​ល្អ​ច្រើន​ ហើយ​អាច​បង្កើន​គុណ​ភាព​ការងារ​បាន​ឆាប់​រហ័ស​ទៀត​ផង។​​

៤. ឈាន​សម្រេច​ចិត្ត​ (Self-Decision)

មក​ដល់​ពេល​នេះ ជា​ពេល​ដែល​ចៅហ្វាយ​នាយ​កំពុង​ឃ្លាំមើល​ការ​សម្រេច​របស់​អ្នក​ហើយ​ ​ដូច​នេះ អ្នក​​មិន​ត្រូវ​ខ្លាច ឬ​ស្ទាក់ស្ទើរ​ក្នុង​ការ​សម្រេច​ចិត្ត​នោះ​ទេ ផ្ទុយ​ទៅ​អ្នក​ត្រូវ​ធ្វើ​ឲ្យ​គេ​មើល​ឃើញ​ថា​ អ្នក​ជា​មនុស្ស​ដែល​ឈាន​សម្រេច​ចិត្ត​ ហើយ​ការ​សម្រេច​ចិត្ត​របស់​អ្នក​ជា​ការ​សម្រេច​ដោយ​ក្ដី​ជឿជាក់​។​

៥. ស្មោះ​ត្រង់​ (Honest)

ត្រូវ​ចាំ​ថា ភាព​ស្មោះ​ត្រង់​ គឺ​ជា​ស្នូល​នៃ​ភាព​ជោគ​ជ័យ​ក្នុង​​ការងារ។ បើ​គ្រាន់​តែ​គ្រា​ដំបូង​នៃ​ការ​ចាប់​ផ្ដើម ​អ្នក​បង្ហាញ​ឲ្យ​គេ​ឃើញ​ពី​ភាព​មិន​ស្មោះ​ត្រង់​ទៅ​ហើយ​ តើ​ធ្វើ​ម៉េច​គេ​អាច​នឹង​យក​អាជីវកម្ម​របស់​គេ​មក​ផ្ញើ​វាសនា​យើង​នោះ​? ដូច​នេះ​ មាន​តែ​ភាព​ស្មោះត្រង់​ទេ​ ដែល​អាច​ធ្វើ​អ្នក​សម្រេច​ជោគជ័យ​ទៅ​បាន​ដោយ​មាន​តម្លៃ​។​

៦. ស្ម័គ្រ​ទទួល​ការ​កែលំអ (Willing to be improved)

ទន្ទឹម​នឹង​មាន​នូវ​ចំណុច​ខាង​លើ​អស់​ហើយ​​នោះ​ អ្វី​ដែល​អ្នក​ត្រូវ​តែ​​មាន​មួយ​ទៀត​នោះ​ បើក​ចិត្ត​ឲ្យ​ទូលាយ​ទទួល​យក​ការ​កែលំអ​នានា​ ដោយ​ក្ដី​ពេញ​ចិត្ត​ នឹង​ត្រៀម​ខ្លួន​ជា​និច្ច​​ក្នុង​ការ​រៀន​សូត្រ​ពី​អ្វី​ដែល​ថ្មី​ និង​ជឿនលឿន។​

Loading...