ពី​អ្នក​លក់​កាសែត​​ក្លាយ​​ជា​អ្នក​លក់​ចង្រិត​បំពង​លក់​បាន​​៦០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃយ៉ាង​ធូរ

រាជធានីភ្នំពេញ៖ការ​ធ្វើ​អាជីវកម្ម​ខ្នាត​តូច​ដែល​លោក​អ្នក​មិន​បាន​ចាប់​អារម្មណ៍​ ហើយ​ថែម​ទាំង​លោក​អ្នក​គិត​ថា​ជា​មុខ​របរ​ដ៏​សាមញ្ញ​បំផុត​ក៏​ពិត​មែន​ ប៉ុន្តែ​មុខ​របរ​មួយ​នេះ​អាច​រក​ប្រាក់​ចំណូល​បាន​រហូត​ដល់​ជាង​៦០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ធ្វើ​ឲ្យ​អ្នក​លក់​កាសែត​តាម​ភោជនីយដ្ឋាន​ម្នាក់ ប្តូរ​មុខ​របរ​មក​ធ្វើ​ជា​អ្នក​លក់​ចង្រិត​បំពង​វិញ​ម្ដង​។ 
 
តើ​មូល​ហេតុ​អ្វី​ទើប​នាំ​ឲ្យ​យុវជន​រូប​នេះ សម្រេច​ចិត្ត​ឈប់​លក់​ការសែត​ បែរ​មក​ជា​ចាប់​អាជីព​ជា​អ្នក​លក់​ចង្រិត​វិញ? 
 
លោក ប៉ាវ វ៉ាន់ណេត មាន​អាយុ ២៥ ឆ្នាំ ជា​អ្នក​ស្រុក​ល្វាឯម ខេត្ត​កណ្ដាល ​មាន​ភរិយា​ និង​​បុត្រ​​ម្នាក់​ លោក​បាន​ចាប់​អាជីព​ជា​អ្នក​លក់​ចង្រិត​បំពង​តាម​ផ្លូវ​ជាង ៥ ឆ្នាំ​ហើយ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា​ពី​ដំបូង​លោក​គឺ​ជា​អ្នក​លក់​កាសែត​តាម​ភោជនីយដ្ឋាន​ម្នាក់ ដោយ​សារ​ការងារ​នោះ​មិន​សូវ​កាក់​កប​លោក​ក៏​បាន​ប្តូរ​អាជីព​មក​ធ្វើ​ជា​អ្នក​ចង្រិត​បំពង​វិញ ព្រោះយល់​ឃើញ​ថា  ការ​លក់​ចង្រិត​មាន​ភាព​ងាយ​ស្រួល និង​លក់​បាន​លុយ​ច្រើន​ជាង​លក់​កាសែត។
 
លោក ប៉ាវ វ៉ាន់ណេត បាន​និយាយ​ដូច្នេះប្រាប់​គេហទំព័រ​Kqube.Net ​ថា "កាល​ពី​មុន​ខ្ញុំ​គឺ​ជា​អ្នក​លក់​កាសែត​តាម​ភោជនីយដ្ឋាន​ ប៉ុន្តែ​ការងារ​នោះ​រក​លុយ​មិន​សូវ​បាន​ច្រើន ទើប​ខ្ញុំ​ចាប់​អាជីព​ជា​អ្នក​លក់​ចង្រិត​វិញ” ។ បច្ចុប្បន្ន​អាជីវកម្ម​លក់​ចង្រិត​របស់​លោក​ហាក់​ដូច​ជា​មាន​ការ​ចម្រើន​គួរ​សម ហើយ​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​អាជីព​មុន​របស់​លោក​ផង​ដែរ​។
 
លោក​បាន​និយាយ​ថា លោក​លក់​ចង្រិត​បំពង​សព្វ​ថ្ងៃ​បាន​ ១០ ​ទៅ​ជាង ១០ គីឡូ​ក្នុង​មួយ​ថ្ងៃ បើ​គិត​ជា​ថវិកា​ដែល​ទទួល​បាន​ពីអាជីវកម្ម​លក់​ចង្រិត​នេះ​វិញ មិន​តិច​ជាង​ ៦០ ​ម៉ឺន​រៀល​ទេ​ក្នុង​មួយ​ថ្ងៃ។ 
 
លោក​បាន​បញ្ជាក់​ថា "ខ្ញុំ​លក់​បាន ១០​គីឡូ​ជាង ឬ​ជិត​ម្ភៃ​គី​ឡូ​ក៏​មាន ហើយ​ក្នុង​មួយ​ថ្ងៃ​ខ្ញុំ​អាច​លក់​បាន​ជាង​ ៦០​ ម៉ឺន​រៀល ”​ ក្នុង​នោះ​ដែរ​លោក​បាន​ប្រាប់​ថា លោក​លក់​ចង្រិត​ចាប់​ពី​ម៉ោង ៣ រសៀល រហូត​ដល់​ម៉ោង ១០ យប់​ទើប​ឈប់​ ហើយ​ចង្រិត​ដែល​លោក​នាំ​យក​មក​លក់​នោះ ភាគ​ច្រើន​លោក​ទិញ​ចូល​មក​ពី​ខេត្ត​កំពង់ធំ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា​លោក​ចាំ​ទទួល​ទិញ​ត្រឹម​ផ្សារ​ច្បា​អំពៅ​តែ​ប៉ុណ្ណោះ​។
 
ការ​ផ្លាស់​ប្ដូរ​អាជីព​ពី​អ្នក​លក់​កាសែត​តាម​ភោជនីយដ្ឋាន​មក​ធ្វើ​ជា​អ្នក​លក់​ដូរ​ចង្រិត​បំពង​តាម​ផ្លូវ​របស់​លោក ប៉ាវ វ៉ាន់​ណេត ចប្ចុប្បន្ន​កំពុង​មាន​ការ​រីក​ចម្រើន​គួរ​សម ប៉ុន្តែ​អ្វី​ដែល​លោក​កំពុង​ជួប​ផល​វិបាក​នោះ ត្រង់​ថា​សន្តិ​សុខ​សណ្តាប់​ក្នុង​ក្រុង ជា​ពិសេស​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​តំបន់​ច្រក​ស្ពាន​នាគ​ចូល​កោះ​ពេជ្រ បាន​ដេញ​មិន​ឲ្យ​លក់​ជា​ច្រើន​ដង ព្រោះ​គេ​ខ្លាច ប៉ះ​ពាល់​សណ្ដាប់​ធ្នាប់​ដល់​តំបន់​ទេសចរណ៍​។ 
 
ប៉ុន្តែ​បើ​ទោះ​ជា​មាន​សន្តិសុខ​សណ្ដាប់​ដេញ​មិន​ឲ្យ​លក់​នៅ​ក្បែរ​ស្ពាន​នាគ​ចូល​កោះ​ពេជ្រ​ក៏​ដោយ ក៏​លោក​នៅ​តែ​បន្ត​ការ​លក់​ចង្រិត​បំពង​របស់​លោក​នៅ​មិន​ឆ្ងាយ​ជាង ៥០ ម៉ែត្រ​ពី​កន្លែង​នោះ​បាន​ចំណូល​ជាង​ ៥០ ​ទៅ​ ៦០ ​ម៉ឺន​ជា​ប្រចាំ​ថ្ងៃ​ដដែល៕
Loading...