ការ​ពិត​៦​យ៉ាង​និង​ជីវិត​ជោគជ័យ​របស់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sabay

Loading...
មិត្ត​អ្នក​អាន​ជា​ទី​គោរព អ្នក​ប្រហែល​ជា​ធ្លាប់​បាន​ស្គាល់​និង​បាន​ដឹង​ពី​ព័ត៌មាន​របស់​ក្រុមហ៊ុន Sabay ហើយ​មើល​ទៅ ប៉ុន្តែ​អ្នក​ទាំងអស់​ប្រហែល​មិន​ប្រាកដ​ថា​បាន​ដឹង​នូវ​ខ្សែ​ជីវិត​​ការ​តស៊ូ​នានា​ក៍​ដូចជា​វិធីសាស្ត្រ​​បើក​មុខ​របររកស៊ី និង​អាជីវកម្ម​ផ្សេង​របស់​នាយក​​ប្រតិបត្តិ​ក្រុមហ៊ុន Sabay ឡើយ។
 
ដើម្បី​ជ្រាប់​នូវ​ព័ត៌មាន​លំអិត​ទាក់ទិន​ប្រវត្តិរូប​ខ្លះ​ៗ​ និង​ចំណុច​ពិសេស​សម្រាប់​ការ​បើក​​អាជីវកម្ម​នាយក​ប្រតិបត្តិ​រូប​នេះ​  សូម​អាន​​អត្ថបទ​ដែល​គេហទំព័រ K​q​ube​.​net ​យើងខ្ញុំ​បាន​ជួប​សម្ភាសន៍​ជាមួយ​លោក​ផ្ទាល់​ខាង​ក្រោម​នេះ​៖ 
 
ក្លាយ​ជា​អ្នក​គ្រប​គ្រង​រង្គសាល​នៅ​វ័យ​២១​ឆ្នាំ
 
ប្រវត្តិ​នៃ​ការងារ៖​​ដោយ​​មាន​ទេព​កោសល្យ​ពី​កំណើត​ ជា​សហគ្រិន​ និង​ភាព​ឈ្លៀស​វៃ​ក្នុង​ការងារ លោក ជី សិលា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ​​Sabay Digital បាន​ចូល​បម្រើ​ការងារ​តាំង​ពី​វ័យក្មេង ដូចជា ​ធ្វើ​ជា​អ្នក​មគ្គុទ្ទេសក៍​ទេសចរណ៍ ជា​អ្នក​គ្រប់គ្រង​រង្គសាល និង អ្នកគ្រប់គ្រង​ផ្នែក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​  ទោះបីជា​រូបលោក​មិន​ទាន់​រៀន​ចប់​​ថ្នាក់​វិទ្យាល័យ​​ផង​នោះ​ក៍​ដោយ។ 
 
ក្រោយពី​បាន​បម្រើ​ការ​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​ បាន​រយៈពេល​ពី​រ​ឆ្នាំ ចាប់​ពី​ឆ្នាំ​១៩៩៤-១៩៩៦​ លោក​បាន​សម្រេច​ចិត្ត​លាឈប់​ពី​ការងារ បន្ទាប់ពី​​បាន​មើល​ឃើញ​ថា​មិន​អាច​ឲ្យ​រូប​លោក​មាន​អនាគត​មួយ​ល្អ​និង​និរន្តរភាព។​ ម្យ៉ាងវិញទៀត​ដោយ​ការ​គិត​របស់​រូប​លោក​ផ្សេង​ពី​ការងារ​នេះ​ និង​មាន​ចក្ខុវិស័យ​ផ្ទាល់ខ្លួន ដូច្នេះ​ក៍​​សម្រេច​ចិត្ត​ថា​​ត្រូវតែ​ទៅ​រក​ការងារ​ឬ​អាជីវកម្ម​ដែល​លោក​ចូលចិត្ត​ដែល​អាច​ឲ្យ​មាន​និរន្តរភាព​ ។
 
ការ​លា​ឈប់​នេះ​ លោក​ក៍​ត្រូវ​បាន​ថៅកែ​ក្រុមហ៊ុន​ហៅ​សាក​សួរ​និង​បញ្ចុះ​បញ្ចូល​មិន​ឲ្យ​ឈប់​ជា​ច្រើន​ដង​ផង​ដែរ​ ដោយសារ​ រូប​លោក​ជា​មនុស្ស​​ស្មោះ​ត្រង់​ព្យាយាម​​​និង​មាន​ទេពកោសល្យ ព្រម​ទាំង​អាច​ជួយ​រក​ចំណូល​បាន​ច្រើន​ដល់​ក្រុម​ហ៊ុន។
 
បន្ទាប់ពីនេះ​លោក​បាន​​បើក​រង្គសាល​​មួយ​កន្លែង​ដោយ​មាន​ការ​ផ្ដល់​ផ្នែក​ហិរញ្ញវត្ថុ​ពី​មិត្ត​របស់​លោក​នៅ​ក្រៅ​ប្រទេស ហើយ​ការ​បើក​នេះ​តាំង​ពី​ការ​រៀប​ចំ​គម្រោង, សាង​សង់​អាគារ​​និង​បង្កើត​ឲ្យ​មាន​បន្ទប់​ខារ៉ាអូខេ​​និង​អ្វីៗ​ទាំងអស់ រួម​ទាំង​រៀប​ចំ​ឲ្យ​ដំណើរ​ល្អ​និង​ជោគជ័យ​ក្នុង​ការ​រកស៊ី​ក្នុង​ផ្នែក​នេះ​គឺ​ឋិត​នៅ​លើ​រូប​លោក​ទាំងអស់។
 
​ទោះបីជា​លោក​បាន​ទទួល​ប្រាក់​ចំណូល​ខ្ពស់ ហើយ​​ឈាន​ដល់​មាន​លទ្ធភាព​ទិញ​រថយន្ត​ជិះ​ផ្ទាល់​ខ្លួន​ទៅ​ធ្វើ​ការ​​ទាំង​រូប​លោក​នៅ​វ័យ​២១​ឆ្នាំ​​ក៏ដោយ​ ក៍​លោក​បាន​បន្ត​សម្រេច​ចិត្ត​ចាក​ចេញ​ពី​មុខ​តំណែង​អ្នក​គ្រប់​គ្រង​នេះ​ដែរ ដោយ​មូលហេតុ​ថា​ការងារ​នេះ​មិនបាន​ផ្ដល់​ការ​រៀន​​ច្រើន​នោះ​ទេ។ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​មិន​បាន​យល់​ពី​ចក្ខុវិស័យ​របស់​លោក ​គិត​ថា​សម្រេច​ចិត្ត​នេះ​មិន​ត្រឹម​ត្រូវ​ទេ ព្រោះ​ការងារ​​នៅ​រង្គសាល​នេះ បាន​ផ្ដល់​នូវ​ចំណូល​ខ្ពស់​ហើយ​និង​បាន​ផ្ដល់​ការ​សប្បាយ​ទៀត​ផង​។
 
សិក្សា​ពី​ទំនោរ​ជា​ចំណុច​ជោគជ័យ​សម្រាប់​អាជីវកម្ម​ថ្មី​ៗ
 
ងាក​មក​និយាយ​ពី​អាជីវកម្ម​​របស់​​លោក​​មាន​ដូចជាCD World, BB world, T&C Coffee និង Sabay Digitalដែល​ជា​អាជីវកម្ម​ហាក់​ដូចជា​បើក​មុន​គេ​នៅ​កម្ពុជា  នាយក​ប្រតិបត្តិ​រូប​នេះ​និយាយ​ថា ការ​ជ្រើស​រើស​បើក​អាជីវកម្ម​នេះ​ដំបូង​មិន​ងាយ​ស្រួល​ទេ​ ព្រោះ​​រូបលោក​មិន​ធ្លាប់​បាន​ដើរ​លើ​ផ្លូវ​នេះ​ពី​មុន​ឡើយ​ ​ម្យ៉ាង​រូបលោក​នៅ​វ័យក្មេង​ថែម​ទៀត។ តែ​ទោះបីជា​យ៉ាង​នេះ​ក្តី វា​មិនមែន​ជា​ឧបសគ្គ​ធំ​សម្រាប់​លោក​ទេ​។
 
លោក​បាន​បន្ត​ថា​ លោក​ត្រូវ​តែ​ចាប់​ផ្ដើម​គិត​​រិះរក​នូវ​មធ្យោបាយ​ចាប់​យក​អាជីវកម្ម​ទាំង​នេះ ពីព្រោះ​លោក​បាន​​មើល​ការវិវត្តន៍​​ទំនោរ​សង្គម​នឹង​​មក​ដល់​នា​ពេល​មុខ ទោះបី​បច្ចុប្បន្ន​​មិន​ទាន់​ទៅ​ក៍​ដោយ​តែ​ពិភពលោក​បាន​ទំនោរ​រួច​ទៅ​ហើយ ដូច្នេះ​លោក​បាន​​ពិចារណា​យ៉ាង​​ច្បាស់​ ដើម្បី​ធ្វើការ​សម្រេច​ចិត្ត​ក្នុង​ការ​ជ្រើស​រើស​យក​អាជីវកម្ម​ទាំងនេះ។
 
ជាឧទាហរណ៍៖ ទំនោរ​សង្គម​សព្វ​ថ្ងៃ​មនុស្ស​ចាប់​ផ្ដើម​មាន​ការ​ចេះ​ដឹង​ច្រើន និង​មាន​ជីវភាព​ធូរធារ​ច្រើន​ ដូច្នេះ​នេះ​ជា​ឱកាស​សម្រាប់​អ្នក​ដែល​ចេះ​ចាប់​យក​ឱកាស​សម្រាប់​ការ​បើក​មុខ​របរ​មុនគេ ប្លែក​ជាង​គេ ហើយ​មាន​គំនិត​ខុស​ពី​គេ​ឬ​មាន​អ្នក​ផ្សេងៗ​គិត​ដែរ​តែ​មិន​ហ៊ាន​ធ្វើ ឬ​​អាជីវកម្ម​ផ្នែក​ម្ហូប​អាហារ​ប្លែកៗ​ ពី​ព្រោះ​ពួកគេ​ចង់​សាក​អ្វី​ដែល​ថ្មី​និង​រស់​ជាតិ​ប្លែក។ 
 
​​​​​​សម្រាប់​អ្នក​ចង់​បើក​អាជីវកម្ម​ថ្មី​​គួរ​តែ​ចេញ​ទៅ​ក្រៅ​ប្រទេស​ឲ្យ​បាន​ញឹក​ញាប់
 
ដើម្បី​ជា​លើក​ទឹកចិត្ត​ដល់​អ្នក​ដែល​ចង់​បង្កើត​ឬ​​បើក​អាជីវកម្ម គួរ​ចេញ​ទៅ​ក្រៅ​ប្រទេស​ឲ្យ​បាន​ច្រើន​ ដើម្បី​មើល​នូវ​អ្វី​ដែល​ប្លែក ហើយ​អាច​ជា​ជំនួយ​សម្រាប់​បើក​អាជីវកម្ម​នៅ​ក្នុង​ស្រុក​បាន។​ ក្នុង​ន័យ​នេះ​ដែរ​ ត្រូវ​​ទាមទារ​ការ​សង្កេត​ឲ្យ​បាន​ច្រើន​ចំពោះ​មុខរបរ​អ្វី​ដែល​ទាក់ទង​នឹង​អ្នក​ចង់​ធ្វើ​។ បើសិនជា​អ្នកចូលចិត្ត​ផ្នែក​អ្វី​​ត្រូវ​មើល​និង​សិក្សា​ឲ្យ​បាន​ច្រើន ដើម្បី​ស្វែងយល់​ពី​វា​ឲ្យ​​បាន​ច្បាស់លាស់​​សម្រាប់​ធ្វើ​សម្រេចចិត្ត​។
 
គួរ​ចេះ​ភាសា​ឲ្យ​បាន​ច្រើន​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ជំនួញ
 
ជា​បុគ្គល​មួយ​រូប​ដែល​បាន​ទៅ​ក្រៅ​ប្រទេស​មិន​តិច​ជាង​៣៥​ប្រទេស និង​ភាព​ឆ្លាតវៃ​ក្នុង​ការ​ចាប់​យក​នូវ​ដែល​ថ្មី នាយក​ប្រតិបត្តិ​រូប​នេះ អាច​ប្រើ​​ប្រាស់​៧​ទៅ​៨​ភាសា​ដោយ​មិន​រាប់​បញ្ចូល​ភាសា​ជាតិ។ ភាសា​ទាំង​នោះ​មាន អង់គ្លេស​ ចិន​(កា​តាំង, កុង​ងឺ​,...)  បារាំង ជប៉ុន ថៃ និង វៀតណាម​ជាដើម។ ការ​ចេះ​នេះ​ក៍​ដោយ​សារ​តែ​ការ​ព្យាយាម​សិក្សា​លើស​ពី​អ្នក​ដ៍​ទៃ​តាំង​ពី​វ័យក្មេង រួម​ទាំង​ចេញ​ទៅ​ក្រៅ​​ជា​ញឹក​ញាប់​នេះ​ផង​ដែរ។
 
ជា​កូន​ខ្មែរ​មួយ​រូប​ដែល​អាច​នាំ​យក​ឈ្មោះ​ក្រុមហ៊ុន​ជា​ភាសាខ្មែរ​ទៅ​ក្រៅ​ប្រទេស
 
នា​ពេល​ថ្មីៗ​នេះ​លោក​បាន​ចេញ​ចូល​ប្រទេស​ភូមា​សិក្សា​ពី​បរិបទ​ក្នុង​​ប្រទេស​មួយ​នេះ​ដែល​ទើប​​និង​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​នយោបាយ​ដើម្បី​បើក​ចំហ​នូវ​ទីផ្សារ​ការ​វិនិយោគ​។ ត្រង់​ចំណុច​នេះ​ដែរ លោក​បាន​បញ្ជាក់​ឲ្យ​ដឹក លោក​បើក​អាជីវកម្ម​នៅ​មីយ៉ាន់ម៉ា(ភូមា) តាំង​ពី​១៨​ខែ​​មុខ ហើយ​លោក​ក៍​បាន​ទៅ​សិក្សា​កាល​ពី​៣​ទៅ​៤​ឆ្នាំ​មុន​ផង​ដែរ​នូវ​​ស្ថានភាព​ទីផ្សារ​និង​ច្បាប់​ផ្សេងៗ​របស់​ប្រទេស​នេះ​ផង​ដែរ។
 
លោក​បាន​បន្ថែម​ថា​លោក​ក៍​មាន​ទស្សនវិស័យ​ក្នុង​ការ​ពង្រីក​អាជីវកម្ម​ក្នុង​ស្រុក​ទៅ​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ ដោយ​សារ​តែ​ខាង​ពេល​ចុង​ឆ្នាំ​២០១៥​ខាងមុខនេះ សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ផង​ដែរ។​ ពីព្រោះ​វា​ជា​មោទនភាព​មួយ​ដែរ ដែល​អាជីវកម្ម​ក្នុង​ស្រុក​អាច​ពង្រីក​ទៅ​ក្រៅ​ប្រទេស​បាន​ជាមួយ​មិត្ត​សញ្ញា ឈ្មោះ​ភាសាខ្មែរ ដែល​អាច​បង្ហាញ​ដល់​ជនជាតិ​បរទេស​។ លោក​បាន​បញ្ជាក់​ដែរ​ថា ដោយសារ​តែ​មាន​ភាគ​ហ៊ុន​ក្នុង​ស្រុក​ (ភូមា)​៥០​ភាគរយ ដូច្នេះ​លោក​បាន​ដាក់​ឈ្មោះ​ក្រុមហ៊ុន​ថា អេ​ប៊ី​ស៊ី ​សប្បាយ (A​B​C Sabay)។ 
 
បើក​អាជីវកម្ម​ត្រូវ​តែ​ធ្វើ​ ចិត្ត​ឲ្យ​ដាច់​និង​ម៉ឺងម៉ាត់​ ទោះបី​វា​ជា​ផ្លូវ​ថ្មី​ដែល​អ្នក​​មិន​ធ្លាប់​ដើរ​មុន​ក៏ដោយ​
 
លោក​បាន​លើក​ឡើង​បាន​ សូម​កុំ​អន់​ចិត្ត​និង​ខ្លួន​ឯង​ ហេតុអ្វី​បាន​គេ​អាច​ក្លាយ​​អ្នក​ជំនួញ​ដ៍​ល្បី​និង​ជោគជ័យ​? ព្រោះ​នៅ​លើ​ពិភពលោក​អ្នក​ដែល​កើត​មាន​គំនិត​ជា​សហគ្រិន ត្រឹម​តែ​១០​ភាគរយ​ប៉ុណ្ណោះ។ 
 
ម្យ៉ាងវិញទៀត​បើ​អ្នក​ទាំង​អស់​គ្នា ចង់​បើក​ការ​រកស៊ី  អ្នក​ទាំងអស់​ត្រូវ​តែ​ស្គាល់​ខ្លួន​ឯង​ច្បាស់ ថា​ខ្លួន​ជា​បុគ្គល​ដែល​មាន​គំនិត​ជា​សហគ្រិន​ឬ​អត់? តែ​បើ​មិន​មាន​ទេ​ អ្នក​រៀន​បាន​តាម​រយៈ Google ក៍​ដូច  ជា​ការ​សាកសួរ​ ទៅ​អ្នក​ដ៍​ទៃ ព្រម​ទាំង​ការ​សិក្សា​ស្រាវជ្រាវ​តាម​សៀវភៅ​នានា​បាន។
 
លើស​ពី​នេះ​ ចំណុច​​ដែល​សំខាន់​បំផុត មនុស្ស​​ម្នាក់​តែង​មិន​អាច​ម្ចាស់​ការ​លើ​ខ្លួន​បាន​ ដូច្នេះ​ដើម្បី​​ជោគជ័យ​លើ​ការ​បើក​អាជីវកម្ម​ត្រូវ​តែ​ធ្វើ​ ចិត្ត​ឲ្យ​ដាច់​និង​ម៉ឺងម៉ាត់​ ទោះបី​វា​ជា​ផ្លូវ​ថ្មី​ដែល​អ្នក​​មិន​ធ្លាប់​ដើរ​មុន​ក៏ដោយ​។ មួយទៀត​ត្រូវ​តែ ​ធ្វើ​ការ​សម្រេចចិត្ត​ប្រកប​ដោយ​គតិ​បណ្ឌិត ដែល​ពាក្យ​ស្លាក​ខ្មែរ​យើង​​តែង​តែ​និយាយ​ថា​"មុន​ធ្វើ​អ្វី​មួយ​ត្រូវតែ​ គិត​មុន​គូ"៕
Loading...