RoseMag.Net | អនុវត្តន៍​វិធី​សន្សំ​លុយ​៥​​យ៉ាង​នេះ​ ជួយ​អ្នក​ឲ្យ​មាន​លុយ​ច្រើន​ក្នុង​រយៈ​ពេល​ដ៏​ខ្លី | Blog

អនុវត្តន៍​វិធី​សន្សំ​លុយ​៥​​យ៉ាង​នេះ​ ជួយ​អ្នក​ឲ្យ​មាន​លុយ​ច្រើន​ក្នុង​រយៈ​ពេល​ដ៏​ខ្លី

បញ្ចូល: December 25, 2015 ប្រភេទ: ពាណិជ្ជកម្ម

មនុស្ស​ភាគច្រើន​តែង​ត្អូញត្អែរ​ជា​រឿយ​ៗ​ថា ប្រាក់​​ខែ​​មួយ​ខែ​ៗ​​របស់​ខ្លួន​​ដែល​រក​បាន​មក​ ​មិន​ដែល​​សល់​សោះ​ ចំណាយ​​នេះ​នោះ​ៗ​ ក៏​អស់​ដោយ​មិន​ដឹង​ខ្លួន​ តែ​ហាក់​មិន​សូវ​ជា​មាន​ប្រយោជន៍ប៉ុន្មាន​​​ទេ​។ ប៉ុន្តែ​បើ​ទោះ​ជា​ដឹង​ថា​​យ៉ាង​នេះ​ក្ដី ​ក៏​ករណី​​បែប​នេះ​នៅ​តែ​កើត​ឡើង​ជា​រឿយ​ៗ (​រៀង​រាល់​ខែ) ដែរ​។

សម្រាប់​ប្រិយមិត្ត​ និង​មិត្ដ​អ្នក​អាន​ ពេល​នេះ​kqube ​បាន​រក​ឃើញ​វិធីសាស្ត្រ​សាមញ្ញ​៥​​យ៉ាង​ ដែល​អាច​ជួយ​អ្នក​ឲ្យ​សន្សំ​លុយ​បាន​​ច្រើន​ក្នុង​រយៈ​ខ្លី​ និង​នាំ​អ្នក​ទៅ​សម្រេច​ផល​ប្រយោជន៍​ធំ​ដុំ​​បាន​។ តោះ​! អនុវត្តន៍​ទាំង​អស់​គ្នា​!

១. កំណត់​គោល​ដៅ​នៃ​ការ​សន្សំ​លុយ​​ឲ្យ​បាន​ច្បាស់

វិធី​ដំបូង​គេ​ ដែល​អ្នក​ត្រូវ​ធ្វើ​នោះ​ គឺ​អ្នក​ត្រូវ​តែ​មាន​គោល​ដៅ​មួយ​ជា​មុន​សិន​ថា តើ​អ្នក​សន្សំ​​លុយ​នេះ​​ក្នុង​គោល​បំណង​អ្វី​ (អ្នក​ចង់​បានអ្វី?) ។ ធ្វើ​ដូច​នេះ វា​ជា​វិធី​មួយ​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​មាន​គំនិត​ និង​ចិត្ត​ប្ដេជ្ញា​ក្នុង​​រក​វិធី​សន្សំ​លុយ​តាម​អ្វី​ដែល​ខ្លួន​អ្នក​ចង់​បាន។ ម្យ៉ាង​ទៀត រៀប​ចំ​គំនិត​​មួយ​​ថា​ តើ​គួរ​សន្សំ​មួយ​ថ្ងៃ​ប៉ុន្មាន​ ឬ​មួយ​ខែ​ប៉ុន្មាន​ គួរ​ទុក​ចាយ​ប៉ុន្មាន​ ហើយ​សន្សំ​រយៈ​ពេល​ប៉ុន្មាន​ឲ្យ​បាន​​តាម​ប្រាថ្នា​។

២. បញ្ឈប់​ការ​ប្រើ​ប្រាស់​របស់​ថ្លៃ​ៗ​ ឬ របស់​​មិន​ចាំបាច់

អ្នក​ត្រូវ​ពិចារណា​ជា​ថ្មី​ឡើង​វិញ​មុន​នឹង​ចំណាយ​ប្រាក់​ទៅ​លើ​របស់​របរ​ដែល​​អ្នក​តែង​តែ​​ចំណាយ​​​កាល​ពី​​ពេល​មុន​ៗ​ដោយ​មិន​បាន​គិត ព្រោះ​ការ​ធ្វើ​ដូច​អ្វី​ដែល​អ្នក​ធ្លាប់​បាន​ធ្វើ​កាល​ពី​​មុន​វា​ហាក់​សម្ដែង​នូវ​ការ​ខ្ជះខ្ជាយ​ជា​ខ្លាំង ហើយ​បើ​អាច​អ្នក​​គួរ​ឈប់​ការ​ប្រើ​របស់របរ​ថ្លៃ​ៗ​ទាំង​នោះ​ជា​ស្ថាពរ​តែ​ម្ដង​ក៏​ល្អ​​ដែរ ហើយ​​ក៏​ត្រូវ​​កាត់​បន្ថយ​​ចំណាយ​ផ្សេង​​ៗ​ទៀត​​ទៅ​លើ​សេវា​កម្ម​នានា​​ដែល​មិន​​មាន​​​ប្រយោជន៍​ក៏​រឹត​តែ​ប្រសើរ​ទៀត​​។

៣. បន្ថយ​ចំណាយ​លើ​ការ​ហូប​ចុក​ ឬ​កម្សាន្ត​ឥតប្រយោជន៍​​​

ការ​ហូប​ចុក​របស់​កំប៉ិកកំប៉ុក ការ​​បរិភោគ​អាហារ​ថ្លៃ​ៗ​​ក្រៅ​ផ្ទះ​ ឬ​ការ​​កម្សាន្ត​ខាង​ក្រៅ​​ជា​មួយ​មិត្តភ័ក្ដិ​ ជា​ដើម នៅ​ពេល​ដែល​អ្នក​ភ្លេច​ខ្លួន​វា​អាច​ធ្វើ​ឲ្យ​មិន​សល់​លុយ​ទាំង​ស្មាន​មិន​ដល់​។ ដូច​នេះ អ្នក​គួរ​ប្ដូរ​​ទម្លាប់​ពី​ញ៉ាំ​អាហារ​ក្រៅ​ផ្ទះ​ មក​ញ៉ាំ​នៅ​ផ្ទះ​វិញ​ ឬ​ដាក់​អាហារ​ពី​ផ្ទះ​ទៅ​ញ៉ាំ​ការងារ​ក៏​បាន​ ឬ​​កាត់​បន្ថយ​ការ​ទិញ​អ្វី​ញ៉ាំ​រហេតរហូត​ជា​ដើម។ ជា​មួយ​គ្នា​នេះ​​ អ្នក​គួរ​​​រៀន​កំណត់​ពេល​វេលា​ដើរ​លេង​ខាង​ក្រៅ​ ឬ​កាត់​បន្ថយ​ឲ្យ​បាន​តិច​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ឬ​មិន​ដើរ​លេង​តែ​ម្ដង​ក៏​ជា​​ការ​ល្អ​។

៤. ​គណនា​​ឲ្យ​ដឹង​ច្បាស់​ពី​ការ​ចំណាយ​ប្រចាំ​ថ្ងៃ (បើមិន​ដឹង​ច្បាស់​ពី​​ការ​ចំណាយ​ប្រចាំ​ថ្ងៃ ​អ្នក​មិន​អាច​​គ្រប់គ្រង​លុយ​បាន​ទេ​)

អ្នក​គួរ​គិត​ឲ្យ​ដឹង​ច្បាស់​ថា ជា​មធ្យម​អ្នក​ចាយ​លុយ​អស់​ប៉ុន្មាន​ជា​រៀង​រាល់​ថ្ងៃ​ ហើយ​ត្រូវ​កំណត់​ការ​ចំណាយ​ជា​ថ្មី​ ឬ​ធ្វើ​ការ​កែ​ទម្រង់​នានា​ដោយ​ខ្លួន​ឯង​​​។ ជា​ការ​ល្អ​មួយ​ទៀត​ អ្នក​មិន​គួរ​យក​លុយ​ទៅ​តាម​ខ្លួន​ច្រើន​ពេក​ទេ គឺ​យក​តែ​ចំនួន​ចាយ​ក្នុង​មួយ​ថ្ងៃ​ទៅ​បាន​ហើយ។ ម្យ៉ាង​វិញ​ទៀត​ អ្នក​គួរ​រៀន​រៀប​ចំ​កញ្ចប់​ថវិកា​របស់​ខ្លួន​ឲ្យ​បាន​ល្អ​បំផុត​ ពិសេស​ផ្ដោត​សំខាន់​លើ​ការ​ចំណាយ​នេះ​តែ​ម្ដង។​​​

៥. បើក​ប្រាស់​សេវាកម្ម​ធនាគារ​ដែល​មាន​អត្រា​ការ​ប្រាក់​ខ្ពស់​

បើ​សិន​ជា​ អ្នក​គិត​ថា​ អ្នក​​ត្រូវ​ការ​លុយ​ច្រើន​ ហើយ​ត្រូវ​ការ​សន្សំ​រយៈ​ពេល​រាង​យូរ​ចាប់​ពី​៦​ខែ​ឡើង​ទៅ​ អ្នក​គួរ​ពិចារណា​​​ប្រើ​ប្រាស់​គណនេយ្យ​ប្រាក់​សន្សំតាមរយៈ​​ប្រព័ន្ធ​ធនាគារ​ ឬ​ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​វិញ​ ហើយ​ត្រូវ​រក​ធនាគារ​ ឬ​គ្រឹះស្ថាន​ណា​​ ដែល​សន្សំ​ទៅ​ទទួល​បាន​អត្រា​​ការ​ប្រាក់​​ច្រើន​ទើប​ជា​ការ​ប្រសើរ។ មាន​ធនាគារ​មួយ​ចំនួន ​​បាន​​​​ផ្ដល់​ជូន​គណនេយ្យ​​សន្សំ​ក្នុង​អត្រា​ការប្រាក់​ខ្ពស់ ដែល​នេះ​ជា​ឱកាស​ដ៏​ល្អ​​សម្រាប់​ដាក់​​ប្រាក់បញ្ញើ​​​របស់​អ្នក​ ដើម្បី​រក​ចំណូល​ដែល​បង្កើន​ចំនួន​ប្រាក់​ដើម​របស់​អ្នក​បាន​ក្នុង​រយៈ​ពេល​កំណត់​ណា​មួយ​។

ចង់ស្វែងរកការងារសូមចុចទីនេះ www.chr-asia.com

សំរួលនិងចុះផ្សាយដោយ / ដកស្រង់ពី:

សូមបញ្ចេញមតិយោបល់របស់លោកអ្នកនៅខាងក្រោម! សូមអរគុណសម្រាប់ការគាំទ្រ!