RoseMag.Net | ចប់​បរិញ្ញាបត្រ​ ​តែ​មក​ធ្វើ​​ជា​ជាង​​អ៊ុត​ទូរស័ព្ទ​​​​អាច​រក​ចំណូល​បាន​មិន​​​ធម្មតា​ក្នុង​មួយខែ! | Blog

ចប់​បរិញ្ញាបត្រ​ ​តែ​មក​ធ្វើ​​ជា​ជាង​​អ៊ុត​ទូរស័ព្ទ​​​​អាច​រក​ចំណូល​បាន​មិន​​​ធម្មតា​ក្នុង​មួយខែ!

បញ្ចូល: December 24, 2015 ប្រភេទ: ពាណិជ្ជកម្ម
អាជីព៖ អាជីព​ជា​រឿង​សំខាន់​ណាស់​សម្រាប់​មនុស្ស​​ម្នាក់​ៗ ទោះ​បី​អាជីព​នោះ​ធំដុំ​ ឬ​តូចតាច​ក៏​ដោយ ព្រោះ​អាជីព​តូចតាច​មួយ​ចំនួន ក៏​​អាច​រក​លុយ​បាន​មិន​ធម្មតា​ដែរ​នា​ពេល​បច្ចុប្បន្ន​ ជាក់ស្ដែង​យុវជន​ម្នាក់​​រៀន​ចប់​បរិញ្ញាបត្រ​ហើយ​ បែរ​ជា​មិន​រក​ការងារ​ធ្វើ​ សុខ​ចិត្ត​មក​ធ្វើជា​អ្នក​អ៊ុត​ទូរស័ព្ទ​ ​ដែល​​អាច​រក​ចំណូល​បាន​មិន​តិច​ជាង​៥០០​ដុល្លារ​ក្នុង​មួយ​ខែ។
 
នៅ​លើ​​​តុ​មួយ​​មាន​​កុំព្យូទ័រ​មួយ​គ្រឿង កូន​ធុង​បាស​មួយ និង​សម្ភារៈ​មួយ​ចំនួន​ទៀត​ បុរស​ម្នាក់​សំបូរ​សណ្ដែក​បាយ សក់​រួញ​បែប​ខ្មែរ​អង្គរ​រាង​ស្គរ​បន្តិច​ កំពុង​តែ​អង្គុយ​ពី​មុខ​​កុំព្យូទ័រ​ដៃ​​កាន់​ទូរស័ព្ទ ជូត​បណ្ដើរ​​អ៊ុត​បណ្ដើរ យ៉ាង​យក​ចិត្ត​ទុក​ដាក់​ ​នៅ​​ម្ដុំ​ផ្សារ​ដេប៉ូ។
 
និយាយ​បណ្ដើរ​អ៊ុត​ទូរស័ព្ទ​ឲ្យ​គេ​បណ្ដើរ យុវជន ងន សារុន អាយុ​២៨​ឆ្នាំ ជា​កូន​ទី​៣ ក្នុង​ចំណោម​បងប្អូន​៦​នាក់ ដែល​មាន​ស្រុក​កំណើត​នៅ​ភូមិ​សូភី ឃុំ​រនាម ស្រុក​ទ្រាំង ខេត្ត​តា​កែវ បច្ចុប្បន្ន ជា​អ្នក​អ៊ុត​ទូរស័ព្ទ​នៅ​ជិត​ស្ដុប ផ្សារ​ដេប៉ូ ​ក្នុង​រាជធានី​ភ្នំពេញ។
 
សារុន​ បាន​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យាល័យ​តាំង​ពី​ឆ្នាំ ២០០៧ ហើយ​ក៏​បាន​មក​ភ្នំពេញ​ដើម្បី​បន្ត​ការ​សិក្សា ជា​និស្សិត​អាហារូបករណ៍ ផ្នែក​​គ្រប់គ្រង​នៅ​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជសាស្ត្រ។
 
នៅ​​ពេល​ឈាន​ជើង​ដល់​ដី​ក្រុង​ថ្មី​​ក្រោយ​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យាល័យ​ ដោយ​មាន​ការ​ស្រលាញ់​និង​ចូល​ចិត្ត​ខាង​​បច្ចេកវិទ្យា​ ​រូប​​គេ​មាន​​​បំណង​មួយ​ចង់​រៀន​ផ្នែក​នេះ​បន្ថែម តែ​នៅ​ពេល​នោះ​ ខ្លួន​ពុំ​សូវ​មាន​ពេល​ទំនេរ ព្រោះ​កំពុង​រៀន​នៅ​សាលា ហើយ​​ជា​ឆ្នាំ​ដំបូង​ដែល​ខ្លួន​ត្រូវ​ខិតខំ​​សិក្សា​ ដើម្បី​ប្រកួត​ប្រជែក​ជា​មួយ​និស្សិត​ដ៏​ទៃ​ទៀត​។
 
ពីរ​ឆ្នាំ​ក្រោយ​មក ក្នុង​ឆ្នាំ​២០០៩ ខ្លួន​​គេ​នៅ​តែ​មាន​ចិត្ត​ចង់​យល់​ដឹង​ពី​បច្ចេកវិទ្យា​ សារុន ក៏​បាន​ឆ្លៀត​ពេល​ទំនេរ​ពី​ការ​សិក្សា​​នៅ​សាកលវិទ្យាល័យ​ ​បាន​សម្រេច​ចិត្ត​ទៅ​រៀន​ជា​ជាង​អ៊ុត​ទូរស័ព្ទ​ នៅ​កន្លែង​​បង្រៀន​អ៊ុត​ទូរស័ព្ទ​មួយ​កន្លែង​។
 
ដោយ​ពេល​នោះ​​​ ​រូប​គេ​​បាន​រៀន​អ៊ុត​ទូរស័ព្ទ​បណ្ដើរ និង​រៀន​ផ្នែក​គ្រប់គ្រង​​បណ្ដើរ ដោយ​នៅ​ពេល​ព្រឹក ​ឆ្លាត​ជួយ​រៀបចំ​និង​ចែកចាយ​ អីវ៉ាន់​របស់​បង ដើម្បី​បាន​ប្រាក់​ចំណូល​បន្ថែម  ​រហូត​ដល់​ពេល​រសៀល​​​​​​​ទើប​ត្រូវ​ទៅ​រៀន​នៅ​អ៊ុត​ទូរស័ព្ទ និង​បញ្ចូល​បទ​ភ្លេង​ ហើយ​ពេល​ល្ងាច ត្រូវ​ទៅ​រៀន​​នៅ​វិទ្យាស្ថាន ។
 
ដោយ​ការ​សិក្សា​ជំនាញ​នេះ​ប្រើ​រយៈ​ពេល​ខ្លី​ត្រឹម​តែ​៣​ខែ សារុន​ បាន​បើក​អាជីព​​នេះ​ដោយ​ខ្លួន​ជា​លើក​​ដំបូង ជា​ជាង​​អ៊ុត​និង​បញ្ចូល​បទ​ភ្លេង ឬ​ ដំឡើង​កម្មវិធី​ទូរស័ព្ទ​ ​ដែល​មាន​ទីតាំង​នៅ​កែង​​ផ្សារ​ដេប៉ូ ​រហូត​ដល់​​រូប​គេ​បាន​រៀន​ចប់។  
 
ដូច្នេះ សារុន នៅ​តែ​បន្ត​ទម្លាប់​នេះ​ជា​ធម្មតា ដោយ​ព្រឹក​ឡើង​ធ្វើការ​ជា​មួយ​បង ហើយ​រួសរាន់​មក​រៀបចំ​កន្លែង​អ៊ុត​ទូរស័ព្ទ​របស់​ខ្លួន ដើម្បី​រក​ប្រាក់​​ក្នុង​ការ​រៀន​សូត្រ​បន្ថែម​ ​និង​ផ្គត់ផ្គង់​ជីវភាព ដល់​ពេល​ល្ងាច ទើប​ទៅ​រៀន​ធម្មតា​។
 
ជីវភាព​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ សារុន​ អាច​រក​ប្រាក់​បាន​គួរ​សម​ពី​មុខរបរ​​ជា​អ្នក​អ៊ុត​ទូរស័ព្ទ​នេះ សម្រាប់​ចាយ​វាយ​លើ​ការ​សិក្សា និង​ការ​ហូប​ចុក​ប្រចាំ​ថ្ងៃ រហូត​​រូប​គេ​បាន​បញ្ចប់​ការ​សិក្សា​បាន​យ៉ាង​ជោគ​ជ័យ​ ជា​និស្សិត​អាហារូបករណ៍​ផ្នែក​គ្រប់គ្រង​ ពី​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជសាស្ត្រ​នៅ​ឆ្នាំ​​២០១៣ ។
 
ដោយ​ឡែក​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ ​ត្រង់​ពេល​ដែល​ សារុន បាន​កញ្ជប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រួច​ហើយ​នោះ​ បែរ​ជា​​មិន​ស្វះស្វែង​រក​ការងារ​តាម​ជំនាញ​គ្រប់គ្រង​របស់​​នោះ​ទេ គឺ​បាន​សម្រេច​​ចិត្ត​ចាប់​យក​អាជីព​ជា​អ្នក​អ៊ុត​ទូរស័ព្ទ​​​ ​បញ្ចូល​បទ​ចម្រៀង​ដំឡើង​កម្មវិធី​ទូរស័ព្ទ​នេះ​​តែ​ម្ដង។
 
គេហទំព័រ​ KQUBE បាន​សួរ​សំនួរ​មួយ​ទៅ​រូប​គេ​ថា៖ "បើ​មាន​និស្ស័យ​ខាង​អេឡិចត្រូនិក​និង​ចង់​ក្លាយ​ជា​អ្នក​រកស៊ី​បែប​នេះ​ទៅ​ហើយ​ ហេតុអ្វី​មិន​សម្រេច​ចិត្ត​ជ្រើសរើស​យក​ជំនាញ​ព័ត៌មាន​វិទ្យា​តែ​ម្ដង​ទៅ?”  
 
សារុន​ បាន​ឆ្លើយ​​ថា ខ្លួន​មាន​ក្ដី​​​បំណង​ចង់​រៀន​នោះ គឺ​​ផ្នែក​​អេឡិចត្រូនិក​បច្ចេកទេស Software ឬ​ ផ្នែក​ព័ត៌មានវិទ្យា​​តែ​ម្ដង​​ ប៉ុន្តែ​កាល​ពី​ដំបូង ដោយសារ​ជាប់​អាហារូបករណ៍​​ឥត​បង់​ថ្លៃ នៅ​សាកល​វិទ្យាល័យ​ លើ​ជំនាញ​គ្រប់គ្រង​នេះ​​ ដូច្នេះ​ក៏​សម្រេច​ចិត្ត​ចេះ​រៀន​​តែម្ដង​ទៅ​។ 
 
ហើយ​ហេតុផល​លើស​ពី​នេះ​ទៀត​នោះ អាជីព​ដែល​ខ្លួន​ប្រកបរបរ​ជា​ប្រចាំ​ថ្ងៃនេះ​ ក៏​មាន​ភាព​កាក់កប​ល្អ​ដែរ ដែល​អាន​រក​ចំណូល​បាន​គួរសម​ អាច​ទ្រទ្រង់​ជីវភាព​ខ្លួន​ឯង​បាន  ដោយ​មួយ​ថ្ងៃ​អាច​អ៊ុត​​ទូរស័ព្ទ​បាន​​ពី​៧​ទៅ​៨​គ្រឿង​ឡើង និង​មាន​ការ​ដំឡើង​កម្មវិធី ឬ​បញ្ចូល​បទ​ភ្លេង​ខ្លះ​ទៀត​ជា​ដើម ដោយ​​អ៊ុត​ទូរស័ព្ទ​មួយ​គ្រឿង​មាន​តម្លៃ​ពី​២​ដុល្លារ ១​ម៉ឺន​រៀល ឬ ៣​ដុល្លារ ទៅ​ប្រភេទ​ទូរស័ព្ទ។
 
​ហើយ​ សារុន ​បាន​ប្រាប់​ថា រូប​គេ​អាច​រក​បាន​ចំណូល​ប្រចាំ​ថ្ងៃ​បាន​ច្រើន អាស្រ័យ​​លើ​​អនីតិជន​ច្រើន ​ដោយ​អាច​រក​បាន​ឈាន​ដល់​៣០​ដុល្លារ ឬ​លើស​ពី​នេះ​ក្នុង​មួយ​ថ្ងៃ​ ប៉ុន្តែ​ក៏​មាន​ថ្ងៃ​ខ្លះ​បាន​តិច​ជាង​នេះ​ដែរ តែ​មិន​អត់​សោះ​នោះ​ទេ ព្រោះ​ថា​បើ​មិន​មាន​ទូរស័ព្ទ​អ៊ុត​ ក៏​មាន​អ្នក​មក​ដំឡើង​កម្មវិធី​ឬ​បញ្ចូល​បទ​ចម្រៀង​ដែរ។
 
សម្រាប់​​ថ្ងៃ​អនាគត​ សារុន នឹង​មាន​គម្រោង​មួយ​​ចង់​បើក​ហាង​ លក់​ទូរស័ព្ទ​ដៃ​ផ្ទាល់​ខ្លួន​ ដើម្បី​បង្កើន​ជីវភាព​និង​ចំណូល សម្រាប់​ផ្គត់​ផ្គង់​ជីវិត​ទៅ​ថ្ងៃ​អនាគត ​។ ហើយ​​រូប​គេ​បាន​​ផ្ដាំផ្ញើ​​ដល់​យុវវ័យ​ទាំង​អស់​ ឲ្យ​រក​ខិតខំ​រៀន​សូត្រ​ ដើម្បី​រក​ការងារ​បាន​ល្អ ឬ​​ចេះ​ស្វែងរក​និង​បង្កើត​អាជីព​ផ្ទាល់​ខ្លួន សម្រាប់​ជីវិត​មួយ​រស់នៅ​ប្រកប​ដោយ​ ភាព​ថ្លៃថ្នូរ​ជៀសវាង​ធ្វើអំពើ​ខុស​ច្បាប់​៕

ចង់ស្វែងរកការងារសូមចុចទីនេះ www.chr-asia.com

សំរួលនិងចុះផ្សាយដោយ / ដកស្រង់ពី:

សូមបញ្ចេញមតិយោបល់របស់លោកអ្នកនៅខាងក្រោម! សូមអរគុណសម្រាប់ការគាំទ្រ!