ជីវិត​​ពិត​​របស់​​សហគ្រិន​​ស្ត្រី​​វ័យ​​៣១​​ឆ្នាំ​​មាន​​ក្រុមហ៊ុន​​១១​​ក្នុង​​ដៃ​​​​បង្កប់​​​​ឆន្ទៈ​

ជីវិត​ជោគជ័យ៖ការ​រកស៊ី​​មិនមែន​សុទ្ធតែ​ជោគជ័យ វា​តែងតែ​​ជួប​ឧបសគ្គ​និង​​បរាជ័យ​ជៀស​មិន​រួច​ឡើយ ដូច្នេះ​បើ​តាំង​ចិត្ត​ថា ចង់​ក្លាយ​ជា​អ្នក​រកស៊ី​ហើយ​ត្រូវ​តែ​ ហ៊ាន​ប្រឈម​នឹង​ការ​ខាតបង់​ ជាក់ស្ដែង​ ស្ត្រី​មួយ​រូប​ដែល​ធ្លាប់​បរាជ័យ​​ក្រុមហ៊ុន​ម្ដង​ ខាត​​អស់​រាប់​ម៉ឺន​ដុល្លារ​  ហើយ​បាន​បង្កើត​ក្រុមហ៊ុន​មួយ​ដ៏​​ជោគជ័យ​​ ប៉ុន្តែ​បែរ​ជា​អ្នកស្រី​ដើរ​ចេញ​ពី​ក្រុមហ៊ុន ​ដែល​ខ្លួន​បាន​បង្កើត​ឡើង​ទៀត ព្រោះ​តែ​អ្នក​ស្រី​មាន​ឆន្ទៈ​ធំ និង​​មាន​ចំណេះ​ជំនាញ​ពិត​ប្រាកដ​​ មក​ដល់​ថ្ងៃ​នេះ​អ្នក​ស្រី​មាន​ក្រុមហ៊ុន​ចំនួន​១១​​ក្នុង​ដៃ។*** 
 
ចង់​ដឹង​ថា​តើ​ជីវិត​របស់​អ្នក​ស្រី​មាន​ការ​បត់បែន​យ៉ាងណា​ខ្លះ? សូម​អាន​អត្ថបទ​ដែល​អ្នក​ស្រី​ផ្ដល់​ឲ្យ​គេហទំព័រ​ព័ត៌មាន​KQube.Netខាង​ក្រោម៖ 
 
​វ័យ​កុមារ​ភាព
 
អ្នក​ស្រី​ អៀ សុភា កើត​នៅ​ថ្ងៃ​ទី​​២២​ ខែ​មេសា ឆ្នាំ​១៩៨៥ ​នៅ​សង្កាត់​ចតុមុខ ខណ្ឌ​ដូន​ពេញ ​ទីក្រុង​ភ្នំពេញ​ មាន​លោក​ឪពុក​ឈ្មោះ អៀ គង់ និង អ្នក​ម្ដាយ​ឈ្មោះ​គី សុខឡាយ ជា​កូន​ទី​២​ក្នុង​ចំណោម​បងប្អូន​៤​នាក់។  
 
នៅ​អាយុ​៦​ឆ្នាំ​អ្នក​ស្រី​បាន​ចូល​រៀន​ថ្នាក់​ទី​១​ នៅ​សាលា​បឋម​សិក្សា​ចតុមុខ ស្ថិត​ក្នុង​ជីវភាព​គ្រួសារ​ជា​អ្នក​រកស៊ី​ ដែល​មាន​លោក​ឪពុក​មាន​ភាគហ៊ុន​ជាមួយ​បងប្អូន​ក្នុង​ការ​នាំ​យក​ទឹក​ផ្លែ​ឈើ​ប្រភេទ ស្រាបៀ​  ​មក​ចែកចាយ​នៅ​កម្ពុជា។ 
 
 
កើត​ក្នុង​ត្រកូល​អ្នក​រកស៊ី  មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ត្រឹម​តែ​ជា​អ្នក​ធ្វើការ​ឲ្យ​គេ 
 
អ្នក​ស្រី​បាន​ចូល​រៀន​នៅ​អនុវិទ្យាល័យ​យុគន្ធរ អ្នក​ស្រី​ក៏​ជា​សិស្ស​ពូកែ​គណិតវិទ្យា​ម្នាក់​ដែរ  ​ហើយ​ក្រោយ​មក​ចូល​មក​រៀន​វិទ្យាល័យ​បាក់ទូក ដូច្នេះ​អ្នក​ស្រី​ត្រូវ​ដាក់​បញ្ជូន​ក្នុង​ថ្នាក់ សិស្ស​ពូកែ​គណិត​វិទ្យា ប៉ុន្តែ​អ្នក​ស្រី​​បាន​ចំណាត់​ថ្នាក់​ត្រឹម​ល្អ មិន​ស៊ីដាច់​គេ​នោះ គ្រាន់​តែ​សិស្ស​ពូកែ​ធម្មតា​ម្នាក់​ប៉ុណ្ណោះ។ 
 
អ្វី​ដែល​អ្នក​ស្រី​ចងចាំ​គឺ​កាលណោះ​អ្នក​ស្រី​ មិន​ចាប់​អារម្មណ៍​ចង់​ក្លាយ​ជា​អ្នក​ជំនួញ​នោះ​ទេ ដោយ​សារ​មាន​ឪពុកម្ដាយ​ ជា​អ្នក​រកស៊ី​ស្រាប់​មើល​ឃើញ​ថា ជីវិត​ជា​អ្នក​រកស៊ី​មិន​មាន​សៅរ៍​អាទិត្យ​នឹង​ឈប់​សម្រាក​នោះ​ទេ ដូច្នេះ​អ្នក​ស្រី​តែងតែ​ប្រាថ្នា​ចង់​ក្លាយ​ជា​អ្នក​ធ្វើការ​ម្នាក់​​ប៉ុណ្ណោះ។ 
 
រៀន​ជំនាញ​ដែល​ខ្លួន​ស្រឡាញ់​ គោលការណ៍​គ្រឹះ​នៃ​ជោគជ័យ 
 
នៅ​ឆ្នាំ​២០០២ ជា​​ឆ្នាំ​ដែល​អ្នក​ស្រី​បាន​ប្រឡង​ជាប់​បាក់ឌុប ដោយ​ជីវភាព​មិន​មែន​ជា​កត្តា​ប្រឈម​ដូច​សិស្ស​ដទៃ​ទេ​​ អ្នក​ស្រី​ក៏​បាន​ចូល​រៀន​សាកល​វិទ្យាល័យ​ន័រតុន   សិក្សា​ទើប​បាន​១​ឆ្នាំ​​ ។ ក្រោយ​មក​ក៏​មាន​​សាកល​វិទ្យាល័យ​ដែល​មាន​បង្រៀន​ផ្នែក​ឌីហ្សាញ និង រចនា ត្រូវ​បាន​បង្កើត​ឡើង​មាន​ឈ្មោះ​ សាកល​វិទ្យាល័យ​ស៊ីតិច  ដោយសារ​មាន​ជំនាញ​ ដែល​ខ្លួន​ស្រឡាញ់​ពេញ​ចិត្ត អ្នក​ស្រី​ក៏​សម្រេច​ចិត្ត​ លា​ឈប់​ពី​សាលា​ន័រតុន មក​សាលា​ស៊ី​តិក​វិញ  ដោយ​ចាប់​យក​ជំនាញ​ រចនា​ផ្ទៃ​ខាង​ក្នុង ឬ​ជា​ភាសា​អង់គ្លេស​ហៅ​ថា Interior Design ។  
 
ជំនាញ​មាន​ទីផ្សារ​រៀន​ឆ្នាំ​ទី​១​សោះ​ទទួល​បាន​ការ​ធ្វើ​ភ្លាម
 
ឆ្នាំ​២០០៣ ដោយសារ​សាកលវិទ្យាល័យ​ស៊ីតិក មាន​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​ច្រើន ហើយ​ក្នុង​ពេល​នោះ​មាន​ក្រុមហ៊ុន​សិង្ហបុរី មួយ​បាន​​ប្រកាស​ជ្រើសរើស​និស្សិត​ដែល​រៀន​ជំនាញ​ឌីហ្សាញ​ផ្ទៃ​ខាង​ក្នុង។  ​តាម​រយៈ​ការ​ធ្វើ​តេស្ត​តាម​ថ្នាក់ អ្នក​ស្រី​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូល​បម្រើ​ការ​នៅ​ក្នុង​​​ក្រុមហ៊ុន​នោះ​តែ​ម្ដង ដោយ​ទទួល​បាប​ប្រាក់​បៀវត្សរ៍​ត្រឹម​១៥០​ដុល្លារ​តែ​ប៉ុណ្ណោះ។ 
 
ស្ថិត​នៅ​ក្នុង​ធ្វើការ​ងារ​ជា​បុគ្គលិក​ឲ្យ​ក្រុមហ៊ុន​គេ​នោះ​ អ្នក​ស្រី​ហាក់​មិន​មាន​ការ​លំបាក​អ្វី​ទេ ដោយសារ​ អ្នក​ស្រី​មាន​ចរិត​ជា​អ្នក​បំពេញ​ការងារ​ដោយ​ទទួល​ខុសត្រូវ​បំផុត  ប៉ុន្តែ​ក្រោយ​មក​១​ឆ្នាំ​​ជាង​អ្នកស្រី​បាន​លា​ឈប់​ នៅ​ឆ្នាំ​២០០៤ ។ 
 
​ដោយ​មើល​ឃើញ​កូន​មាន​សមត្ថភាព​ ឪពុក​សម្រេច​ចិត្ត​​បើក​ក្រុមហ៊ុន​ថ្មី​ប្រគល់​ឲ្យ​គ្រប់គ្រង 
 
នៅ​ឆ្នាំ​២០០៧ អ្នក​ស្រី​បាន​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ ទន្ទឹម​គ្នា​នោះ ឪពុក​របស់​អ្នក​ស្រី បាន​បើក​ក្រុមហ៊ុន​មួយ​នាំ​ស្រា​ចូល​យីហោ​ឡុងឡុង ដែល​មាន​នំាំ​ចូល​ស្រា ទឹកក្រូច មក​កាន់​កម្ពុជា អ្នក​ស្រី​ទទួល​តួនាទី​ជា​អ្នក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន​នោះ ប៉ុន្តែ​ដោយ​សារ​មើល​ឃើញ​ថា មុខរបរ​នេះ​មិន​សូវ​មាន​ចំណេញ​​និង​រីកចម្រើន​ឆាប់​រហ័ស​អ្នក​ស្រី​បាន​លាឈប់​ហើយ​។
 
អ្នកស្រី​បាន​​សម្រេច​ចិត្ត​មក​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​មួយ​ទៀត​ ដែល​ជា​ក្រុមហ៊ុន​ផ្នែក​ឌីហ្សាញ​ ចំណុះ​ឲ្យ​ធនាគារ​វឌ្ឍនៈ មាន​តួនាទី​ជា​វិស្វករ​ផ្នែក​ឌីហ្សាញ​ផ្ទៃ​ខាង​ក្នុង​ បាន​ទទួល​បៀវត្សរ៍ ចន្លោះ​៤០០ ដុល្លារ ៥០០​ដុល្លារ ការងារ​នេះ​ក៏​មិន​យូ​ប៉ុន្មាន​ បាន​រយៈ​ពេល​ត្រឹម​តែ​១​ឆ្នាំ​ប៉ុណ្ណោះ​អ្នក​ស្រី​ក៏​បាន​លា​ឈប់​ម្ដង​ទៀត​។ 
 
ទើប​តែ​អាយុ​ជាង​២០​ឆ្នាំ​​សោះ​ហ៊ាន​បើក​ក្រុមហ៊ុន​ដំបូង​មាន​ដើម​ទុន​ជាង​១០​ម៉ឺន​ដុល្លារ
 
ដោយ​​មើល​ឃើញ​ឱកាស​និង​ទីផ្សារ​មាន​តម្រូវការ​ខ្ពស់​ មាន​ជំនាញ​ច្បាស់លាស់​និង​ចិត្ត​ស្រឡាញ់​ នៅ​ឆ្នាំ​២០០៨ អាជីវកម្ម​ដំបូង​ដែល​អ្នក​បើក គឺ​ក្រុមហ៊ុន​ឈ្មោះ​Decor Plaza ទទួល​ម៉ៅការ​សំណង់ ដូចជា សាងសង់​ដូចជា អាគារ​វិឡា ជាដើម ដោយ​មាន​ចំណុច​ពិសេស គឺ​ការ​រចនា​ផ្ទៃ​​ខាង​ក្នុង​ដែល​ជា​ជំនាញ​របស់​អ្នក​ស្រី។  ក្រុមហ៊ុន​ត្រូវ​បាន​បង្កើត​ឡើង ដោយ​មាន​ដើម​ទុន​ដំបូង​ចំនួន​១០​ម៉ឺន​ដុល្លារ ដែល​ថវិកា​នេះ​បាន​មក​ពី​ចំណង​ដៃ​នៃ​មង្គលការ​របស់​អ្នក​ស្រី។  ដោយ​គ្រួសារ​និង​ស្វាមី​របស់​អ្នក​ស្រី​បាន​គាំទ្រ​ចំពោះ​ការ​បណ្ដាក់​ទុន​ដ៏​ធំ​មួយ​នេះ។  
 
ក្រុមហ៊ុន​នេះ​បើក​ដំបូង​ហាក់​មាន​អតិថិជន​ច្រើន ដោយសារ​ធ្លាប់​ស្គាល់​ស្នាដៃ​របស់​អ្នក​​ស្រី​ ហើយ​គម្រោង​ជា​ច្រើន ត្រូវ​បាន​ទទួល​ដែល​គិត​ជា​ទឹក​ប្រាក់ មាន​ទំហំ​ជិត​១​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ ។ ​ក្នុង​អំឡុង​ពេល​ដំណើរ​ការ​៥​ឆ្នាំ​ ពី​១​ឆ្នាំ​ទៅ​១​ឆ្នាំ ប្រែ​ធ្លាក់​ចុះ​ដោយសារ​ ការ​គ្រប់​គ្រង​មិន​បាន​ដិតដល់ ​និង​ចន្លោះ​ប្រហោង​ខ្លះ​ៗ ដូចជា ការ​គ្រប់​គ្រង​កម្លាំង ការ​គ្រប់គ្រង​ធនធាន​សម្ភារៈ ​តាម​ការដ្ឋាន​ជា​ដើម។ ទន្ទឹម​នឹង​នេះ​ដែល​ពិភពលោក​ក៏​បាន​ជួប​វិបត្តិ​ហិរញ្ញវត្ថុ World Financial Crisis ​ដូច្នេះ​នាំ​ឲ្យ​ការ​សាងសង់​សំណង​ចាប់​ផ្ដើម​ធ្លាក់​ចុះ​ខ្លះ​ផង​ដែរ ។  
 
ក្នុង​អំឡុង​ពេល​នោះ អ្នក​ស្រី​ពិត​ជា​រង​សម្ពាធ​ធ្ងន់ធ្ងរ​ ទាំង​ក្នុង​ក្រុមហ៊ុន​ជាមួយ​ដៃគូ​ពេល​ដែល​ លំហូរ​សាច់​ប្រាក់​ បង្វិល​មិន​ទាន់​ ប៉ុន្តែ​ដៃគូ​វិនិយោគ​របស់​អ្នក​ស្រី មិន​ចង់​វិនិយោគ​លុយ​បន្ថែម​ទៀត​ឡើយ ចំណែក​ឯ​អ្នក​ផ្ទះ​វិញ ​ក៏​បាន​ដាក់​សម្ពាធ​នឹង​បង្ហាញ​ក្ដី​អស់​សង្ឃឹម​ចំពោះ​អ្នក​ស្រី​ផង​ដែរ។ 
 
​ដោយ​ភាព​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​សូម្បី​ក្រុមហ៊ុន​ជិត​រលំ​ក៏​អាច​លក់​បាន
 
ក្នុង​ខណៈ​ពេល​នោះ​ ក្រុមហ៊ុន​របស់​អ្នក​ស្រី​បាន​ហៀប​នឹង​ដួល​រលំ​ ខណៈ​មាន​គម្រោង​ថ្មី​​ប្រមាណ​៦ ទៅ​៧​ទៀត កំពុង​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​នៅ​ឡើយ ។ ពេល​នោះ​អ្នក​ស្រី ហាក់​ស្ថិត​ក្នុង​កណ្ដាល​មហា​សាគរ គឺ​ដក​ថយ​មិន​កើត ទៅ​មុខ​មិន​ដល់ ធ្វើ​ឲ្យ​អ្នក​ស្រី​ហាក់​ស្ថិត​ក្នុង​ភាព​ឯកការ​ ​ពិបាក​ខ្លាំង​ណាស់  ប៉ុន្តែ​ដោយ​មើល​ឃើញ​ថា ​បើ​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ មុន​​និង​ក្រោយ​ ក្រុមហ៊ុន​មួយ​នេះ​គង់​តែ​ដួល​រលំ​ដោយ​ឯកឯង ដូច្នេះ​អ្នក​ស្រី​ក៏​ចាប់​ផ្ដើម​រិះរក​មធ្យោបាយ​មួយ​ដើម្បី​សង្គ្រោះ​ស្ថានការណ៍​នេះ​ឡើង​វិញ ។ 
 
នៅ​ឆ្នាំ​២០១១ អ្នក​ស្រី​បាន​ទាក់ទង​ជាមួយ​អ្នក​ជំនួញ​ម្នាក់​ឲ្យ​ទិញ​យក​ក្រុមហ៊ុន​របស់​អ្នក​ស្រី​ តាម​រយៈ​ការ​បញ្ចុះបញ្ចូល​ឲ្យ​ដឹង​ពី​អត្ថប្រយោជន៍ ​បើ​សិន​អ្នក​ជំនួញ​ម្នាក់​នោះ​ហ៊ាន​ទិញ​ នឹង​ទទួល​បាន​ប្រាក់​ចំណេញ​ពី​​គម្រោង​ដែល​នៅ​សេសសល់ ។  ហើយ​អ្នក​ស្រី​ធានា ធ្វើការ​ឲ្យ​រយៈ​ពេល​មួយ​ឆ្នាំ​ ដើម្បី​រក​ប្រាក់​ចំណេញ​ឲ្យ​ក្រុមហ៊ុន​វិញ ។  
 
ពេល​នោះ​អ្នក​ជំនួញ​រូប​នោះ​បាន​សម្រេច​ចិត្ត​ទិញ​ក្នុង​តម្លៃ​មួយ  ដែល​អាច​ឲ្យ​អ្នក​ស្រី ដោះខ្លួន​ពី​ស្ថានភាព​ដ៏​អាក្រក់​នេះ  ។  
 
 
​បង្កើត​អាជីវកម្ម​មួយ​ដោយ​គ្មាន​ដើម​ទុន​ 
 
​បន្ត​​នៅ​ឆ្នាំ​២០១២ ​ក្រុមហ៊ុន​មួយ​មាន​ឈ្មោះ​ថា Yang Decoration Group ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវការ​ ដោយ​គ្មាន​ដើមទុន​​ឡើយ គឺ​ចាប់​ផ្ដើម​ដោយ​ធនធាន​បញ្ញាញាណ​សុទ្ធសាធ​តែ​ម្ដង។  នៅ​ត្រង់​ចំណុច​នេះ​ អ្នក​ស្រី​បាន​ពន្យល់​ថា" ខណៈ​ពេល​នោះ​អ្នក​ស្រី​​គ្មាន​ទុន​សម្រាប់​វិនិយោគ​បន្ត​ទៀត​ឡើយ គឺ​ការ​បើក​ក្រុមហ៊ុន​ថ្មី​មាន​គ្នា​តែ​២​នាក់​ប៉ុណ្ណោះ​ គឺ​អ្នក​ស្រី​និង​មិត្តភ័ក្ដិ​របស់​អ្នក​ស្រី​  ដោយ​​សូម្បី​ទីស្នាក់ការ​នៅ​ក្នុង​ក្រុមហ៊ុន​ក៏​អ្នក​ស្រី​បាន​បើក​នៅ​ផ្ទះ​ខ្លួន​ឯង​ផ្ទាល់​តែ​ម្ដង ដូច្នេះ​ការ​ចំណាយ​មាន​តិចតួច​បំផុត"។ 
 
​បើ​មិន​មាន​ដើម​ទុន​សោះ ចុះ​ធ្វើ​ម៉េច​ទើប​អ្នក​ស្រី​អាច​មាន​លទ្ធភាព​​បើក​អាជីវកម្ម​បាន​? ​ នេះ​គឺជា​​សំនួរ​​ ដែល​ចាំបាច់​ត្រូវ​តែ​មាន​ចម្លើយ​ អ្នក​ស្រី​បាន​ប្រាប់​ពី​អាថ៌កំបាំង​នេះ​ថា ​ទំនុក​ចិត្ត​ដែល​អ្នក​ស្រី បាន​កសាង​នា​ពេល​កន្លង​មក ។ អ្នក​ស្រី​បាន​រំលឹក​ថា "ជំនួញ​នៃ​ការ​ decor ​នេះ​ភាគច្រើន​បន្ទាប់​ពី​ព្រមព្រៀង​ចុះ​កិច្ចសន្យា​​ហើយ គឺ​អតិថិជន​គេ​តែងតែ​បង់​ប្រាក់​កក់​ប្រមាណ​៣០​ភាគរយ​ជាមុន ដូច្នេះ​ថវិកា​នេះ​ហើយ​ សម្រាប់​គឺ​ជា​ដើម​ទុន សម្រាប់​យក​មក​បង្វិល​ ធ្វើការ​ងារ​ឲ្យ​ម្ចាស់​គម្រោង"។  
 
ចំណុច​គួរ​សង្កត់​ធ្ងន់​ថា ​គេ​អាច​​ផ្ដល់​លុយ​​​ឲ្យ​អ្នក​ស្រី​បាន​​នោះ គឺ​ជា​​កើត​ចេញ​ពី​ទំនុក​ចិត្ត​ នឹង​ភាព​ជឿជាក់​លើ​ស្នាដៃ​អ្នក​ស្រី​នា​ពេល​កន្លង​មក ដូច្នេះ​បើសិនជា​ក្នុង​រយៈ​ពេល​មុន​នេះ ​អ្នក​ស្រី មិន​បាន​​បំពេញ​ការងារ​បាន​ល្អ​​ឲ្យ​គេ​បាន​ល្អ​នោះ​ទេ ​ថ្ងៃ​នេះ​​អតិថិជន​មិន​អាច​មក​រក​អ្នក​ស្រី ​ផ្ដល់​ទំនុក​ចិត្ត​លើ​អ្នក​ស្រី​បាន​ឡើយ។ 
 
​ក្រោយ​ពី​ជោគជ័យ​គម្រោង​ជា​បន្តបន្ទាប់​មក ក្រោយ​ដំណើរ​អស់​រយៈ​ពេល​២​ឆ្នាំ​ នៅ​ចុង​ឆ្នាំ​២០១៤ ក្រុមហ៊ុន​មាន​ការ​រីកចម្រើន​ខ្លាំងក្លា​គួរ​ជាទី​មោទនភាព គឺ​មាន​ក្រុមហ៊ុន​ធំ​របស់​អ្នក​ស្រី មាន​​ក្រុមហ៊ុន​តូច​ៗ​ចំនួន​៦​ចំណុះ​ ដែល​សុទ្ធ​តែ​រកស៊ី​ជាមួយ​នឹង​វិស័យ​សំណង់​ដូច​គ្នា។   
 
ឆន្ទៈ​ខុស​គ្នា​សម្រេច​ដើរ​ផ្លូវ​ផ្សេង​គ្នា 
 
​គោលការណ៍​ធម្មជាតិ​​រឿង​សាមញ្ញ​ ក្រោយ​ការ​ខិតខំ​ប្រឹង​ប្រែង​រហូត​បាន​សម្រេច​​ការងារ​ណា​មួយ​ សម​ណាស់ មនុស្ស​ត្រូវ​ការ​សម្រាក​ សោយសុខ ​ដើម្បី​បំបាត់​ភាព​នឿយហត់ របស់​ខ្លួន​ ងាក​មក​ក្រុមហ៊ុន​​របស់​អ្នក​ស្រី​វិញ គឺ​ ក្រោយ​ការ​ទទួល​បាន​ជោគជ័យ​ក្រុមហ៊ុន​បាន​រីកចម្រើន ដៃគូ​របស់​អ្នក​ស្រី​ភាគ​ច្រើន​ មិន​ចង់​ពង្រីក​ខ្លួន​បន្ត​ទៀត​នោះ​ទេ គឺ​ចង់​រក្សា​ខ្លួន​ឲ្យ​នៅ​ដដែល  ទទួល​បាន​​ប្រាក់​ចំណេញ​​ដដែល  ​ផ្ទុយ​ពី​ឆន្ទៈ​អ្នក​ស្រី​ដែល​ចង់​ពង្រីក​វិសាល​ភាព​ក្រុមហ៊ុន​ឲ្យ​​ធំធាត់​រីកចម្រើន​ខ្លាំង​ ដែល​អ្នក​ស្រី បាន​កំណត់​មហិច្ឆតា​ ពង្រីក​ក្រុមហ៊ុន​ឲ្យ​ធំ​រហូត​ដល់​២០០​ក្រុមហ៊ុន ​ចំណុះ​ក្រុមហ៊ុន​មេ ​មួយ​។ 
 
ដោយសារ​មាន​ឆន្ទៈ​ខុសគ្នា​ អ្នក​ស្រី​ ក៏​សម្រេច​ចិត្ត​លក់​ហ៊ុន​ទាំង​អស់ ពី​ក្រុមហ៊ុន​ហើយ​ ដើរ​ចេញ ស្វែង​រក​ដៃគូ​ណា​ដែល​មាន​ឆន្ទៈ​ដូច​គ្នា។ ​មិន​ខុស​ពី​ការ​គិត​ប៉ុន្មាន​អ្នក​ស្រី បាន​ស្គាល់​ដៃ​គូ ​នឹង​បាន​បង្ហាញ​ពី​ផែនការ​មេ​ ដើម្បី​ដើរ​ឲ្យ​ដល់​នឹង​សម្រេច​​នៅ​គោលដៅ​របស់​ខ្លួន​នៅ​ថ្ងៃ​អនាគត​បាន តាម​រយៈ​ការ​បង្កើត​សម្ព័ន្ធ​មេ​ជា​មុន​សិន បន្ទាប់​មក​ទើប​បង្កើត​​ក្រុមហ៊ុន​ស្នូល​មួយ​ចំនួន​ទៀត​សិន ទើប​សម្រេច​បំណង​ធំ​បាន។ 
 
បច្ចុប្បន្នភាព​ "វ័យ​៣១​ឆ្នាំ​ មាន​ក្រុមហ៊ុន​ចំនួន​១១​ក្នុង​ដៃ" 
 
អ្នក​ស្រី​ អៀ សុភា មាន​អាយុ​៣១​ឆ្នាំ មាន​បុត្រ​ចំនួន​២​នាក់ ​មាន​ក្រុមហ៊ុន​ធំ​១ ដែល​ក្រុមហ៊ុន​តូចៗ​ចំណុះ​ចំនួន​១១ កំពុង​ដំណើរ ដូច​ខាង​ក្រោម​នេះ​៖ 
 
១/ CEO Master Club:  គឺជា​បណ្ដុំ​នៃ​បណ្ដាញ​ពាណិជ្ជកម្ម​នៅ​កម្ពុជា និង​បង្វឹក​ថ្នាក់​ដឹកនាំ​និង​ម្ចាស់​ក្រុមហ៊ុន។ 
២/Sahakrin Khmer:  គេហទំព័រ​ផ្សព្វផ្សាយ​លើក​កម្ពស់​វិស័យ​សហគ្រិន​ភាព​នៅ​កម្ពុជា ។
៣/ Quality Career Institute of Cambodia:  ជា​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​សម្រាប់​សម្រាប់​វិស័យ​ការងារ​នៅ​កម្ពុជា ។
៤/​ក្រុមហ៊ុន​ Jobskhmer (ការងារ​ខ្មែរ)​: ​ក្រុមហ៊ុន​ជ្រើសរើស​ធនធាន​មនុស្ស​សម្រាប់​សហគ្រាស​-​ក្រុមហ៊ុន​នៅ​កម្ពុជា ។ 
៥/គ្រឹះស្ថាន​ហិរញ្ញវត្ថុ Cambodia Microfinance Institute ។  
៦/ក្រុមហ៊ុន SalePlusMedia ។ 
៧/ក្រុមហ៊ុន​ពន្ធ​ TopFinTax    ។
៨/ក្រុមហ៊ុន​ព័ត៌មាន​វិទ្យា​ Sopronom  ។ 
០៩/​ក្រុមហ៊ុន​អចលនទ្រព្យ​ Thoroni  
១០/  ​ក្រុមហ៊ុន​ភោជនីយដ្ឋាន​Wisdom Park។ 
១១/ ក្លឹប​សហគ្រិន​យុវជន Youth Entrepreneurs Club ។ 
 
​ការ​ចែករំលែក​ និង​ផ្ដាំ​ផ្ញើ " ​ទំនុក​ចិត្ត​គឺជា​ដើម​ទុន​ធំ​បំផុត​​ក្នុង​ជីវិត​អាជីវកម្ម" 
 
​អ្នក​ស្រី​ អៀ សុភា ៖  " យើង​តាំង​ចិត្ត​ជា​អ្នក​រកស៊ី​ចាំបាច់​ណាស់​ត្រូវ​ទុក​ ក្រេឌីត(Credit) ​ឲ្យ​ខ្លួន​ឯង ទោះបីជា​ ​ខ្ញុំ​ធ្លាក់​ដល់​ស្ថានភាព​ដួល​រលំ​ក្រុមហ៊ុន​ក្ដី ក៏​ប៉ុន្តែ​ខ្ញុំ​នឹង​តែ​អាច​ចរចា​ជាមួយ​នឹង​ម្ចាស់​បំណុល ជាមួយ​ឆន្ទៈ​ពិត​ប្រាកដ​ ​ហើយ​សុំ​សង​តាម​រយៈ​​​រំលស់​ជាដើម។  ដូច្នេះ​ការ​រក្សា​ទំនុក​ចិត្ត​នេះ​ សំខាន់​ណាស់ ពេល​ខ្ញុំ​ចាប់​ផ្ដើម​រក​ស៊ី​មុខ​របរ​នេះ​វិញ  ​ខ្ញុំ​អាច​រក​បាន​ហើយ​ម្ចាស់​បំណុល​ក៏​មិន​ខ្លាច​នឹង​រកស៊ី​ជាមួយ​យើង​ដែរ គេ​មិន​ខ្លាច​ផ្គត់ផ្គង់​​ទំនិញ​ឲ្យ​យើង​ជំពាក់​ឡើយ។    
 
ចំពោះ​អតិថិជន​វិញ​ក៏​ដូចគ្នា ការ​ងារ​ទី១​ដែល​គេ​ផ្ដល់​​មក​ឲ្យ​ យើង​ត្រូវ​តែ​សម្រេច​ឲ្យ​បាន​ទោះបីជា​ក្នុង​លក្ខខណ្ឌ​ណា​ក៏​ដោយ  ធ្វើ​យ៉ាង​នេះ​ដើម្បី​យក​ទំនុក​ចិត្ត​របស់​អតិថិជន​  ដូច្នេះ​ថ្ងៃ​ក្រោយ​គេ​នឹង​មក​រក​យើង​ទៀត ជា​មិន​ខាន​ឡើយ។ 
 
 
​មាន​មហិច្ឆតា​ធំ​ ​ធ្វើការ​ដោយ​វ័យ​ឆ្លាត ( Work Hard and Work Smart ) ​
 
អ្នក​ស្រី​ អៀ សុភា ៖ " ​​មាន​ផ្លូវ​ច្រើន​ណាស់​ដែល​យើង​ឆ្ពោះ​ទៅ​រក​ជោគជ័យ យើង​ខ្លួន​ឯង​មាន​មហិច្ឆតា​ធំ​ប៉ុណ្ណា ​បើ​យើង​គ្រាន់​តែ​ចង់​បាន​មុខរបរ​រកស៊ី​ធម្មតា​ៗ ​ហើយ​មាន​គ្រួសារ​មួយ​សប្បាយចិត្ត​នោះ យើង​អាច​រក​បាន​ដោយ​ងាយ ប៉ុន្តែ​បើ​យើង​មាន​មហិច្ឆតា​ចង់​ជួយ​មនុស្ស​ជុំវិញ​ខ្លួន ជួយ​ដល់​សង្គម​ជាតិ​ឲ្យ​រីកចម្រើន​នោះ​ យើង​ត្រូវ​ស្វែង​រក​វិធី​ដើម្បី​សម្រេច​នូវ​មហិច្ឆតា​របស់​យើង ។ ដូច​ខ្ញុំ​អីចឹង​ ខ្ញុំ​ចង់​បាន​ក្រុមហ៊ុន​ចំនួន​២០០​នៅ​ចំណុះ​ ដូច្នេះ​ខ្ញុំ​ស្វែងរក​វិធីសាស្ត្រ​ដើម្បី​សម្រេច​វា​ឲ្យ​បាន​។  ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា​ប្រជាជន​ខ្មែរ​ មាន​ទស្សនវិស័យ​កាន់​តែ​ធំ នឹង​ធ្វើ​ឲ្យ​ប្រទេស​យើង​កាន់​តែ​រីកចម្រើន​ដែរ ។