ការ​ពិត​មួយ​ចំនួន​អំពី​ជ្រូក​ជើង ៣ ដែល​ជា​ប្រថ្នូល​មិន​ល្អ!!!

ជ្រូក​គ្រាន់​តែ​ជា​សត្វ​ចិញ្ចឹម​ធម្មតា មូយ​ប្រភេទ ដែល​មនុស្ស​យក​សាច់​របស់​វា​មក​ធ្វើ​ជា​អាហារ។ ប៉ុន្តែ​ចំពោះ​ការ​ចិញ្ចឹម​ជ្រូក​នេះ​ដែរ ខ្ញុំ​ធ្លាប់​បាន​ដឹង​ថា វា​មាន​ត្រណម​មួយ​ចំនួន​សម្រាប់​ចាស់ៗ ដែល​រស់​នៅ​តាម​និគម​ជន​បទ​ស្រុក​ស្រែ​ចម្ការ។ ប្រសិន​បើ​ចិញ្ចឹម​មេជ្រូក ហើយ​កូន​របស់​វា​កើត​មក​ជើង​៣ នោះ ម្ចាស់​វា​នឹង​មិន​សប្បាយ​ចិត្ត​ឡើយ ព្រោះ​ជា​ប្រថ្នូល​មិន​ល្អ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ជ្រូក​ជើង ៣ នេះ មិន​មែន​ជា​ជ្រូក​ដែល​ពិការ​ជើង​ណា​មួយ​ទេ តែ​វា​សម្គាល់​លើ​ជ្រូក ដែល​មាន​ជើង​ទាំង៤ តែ​ជើង​៣​ទៀត មាន​ពណ៌​ស ឬ​ក៏​ពណ៌​អ្វី​មួយ ហើយ​ជើង​១ ទៀត មាន​ពណ៌​ខ្មៅ ឬ​ពណ៌​ប្លែក​ពី​គេ នោះ​គេ​សម្គាល់​ថា​ជា​ជ្រូក​ជើង​៣។

ជ្រូក​ជើង​៣​នេះ គេ​ជឿ​ថា នឹង​នាំ​គ្រោះ​មក​ឲ្យ​ម្ចាស់​ អ្នក​ដែល​ចិញ្ចឹម​វា។ មិន​តែ​ប៉ុណ្ណោះ​ប្រសិន​បើ​អ្នក​ណា​ហ៊ាន​ធ្វើ​បាប ឬ សម្លាប់​ជ្រូក​នេះ មនុស្ស​នោះ​មិន​អាច​ស៊យ ឬ​រង​គ្រោះ​ពេញ​មួយ​ជីវិត។ ខ្ញុំ​ធ្លាប់​ដឹង​រឿង​មួយ​តាម​ចាស់ៗ​ពី​មុន​ដែល​គាត់​បាន​និយាយតៗ​គ្នា​ថា ៖

កាល​ដើម​ឡើយ​នោះ (ជំនាន់​សង្គ្រាម​ប៉ុលពត​ទើប​នឹង​បញ្ចប់) មាន​ទាហាន​ម្នាក់ បាន​ជិះ​ម៉ូតូនៅ​តាម​ផ្លូវ ហើយបុក​នឹង​ជ្រូក​ជើង៣ ដោយ​ចៃ​ដន្យ។ ទាហាន​ម្នាក់​នោះ ខឹង​ទ្រាំ​មិន​បាន ក៏​ដក​កាំ​ភ្លើង​តាម​បាញ់​សម្លាប់​ជ្រូក​នោះ​រហូត​ងាប់។ ប៉ុន្តែ​ក្រោយ​មក រយៈ​ពេល​ប្រហែល​មិន​ដល់​មួយ​ខែ​ផង ទាហាន​ម្នាក់​នោះ ត្រូវ​បាន​គេ​បាញ់​សម្លាប់​ដែរ ដោយ​សារ​ជម្លោះ​ក្នុង​ការ​រក​ស៊ី។ ទាំង​នេះ​ហើយ ទើប​គេ​និយាយ​តៗ​គ្នា​មក​ថា វា​ជា​គ្រោះ​មហន្តរាយ​មួយ​ដែល​កើត​ឡើង​ដោយ​សារ​ជ្រូក​ជើង​៣៕