រឿងអប់រំខ្លី៖ ប្រសិនជាអ្នកជាមនុស្សទន់ជ្រាយ ចូរអានអត្ថបទនេះ

Loading...

ថ្ងៃមួយមានកូនស្រីម្នាក់បានរអ៊ូដាក់ឪពុករបស់នាងថា ជីវិតរបស់នាងគឺអភ័ព្វខ្លាំងណាស់ ហើយនាងមិនដឹងថាត្រូវធ្វើម៉េចនោះទេ។ នាងនឿយហត់ក្នុងការប្រយុទ្ធតតាំង និងពុះពារគ្រប់ពេលណាស់។ វាហាក់ដូចជាបញ្ហាមួយត្រូវបានដោះស្រាយ ហើយបញ្ហាផ្សេងទៀតនឹងតាមមកពីក្រោយ។

ឪពុករបស់នាងជាមេចុងភៅដ៏ចំណានម្នាក់, ពេលដែលបានស្តាប់លឺពាក្យត្អូញត្អែររបស់កូនស្រីហើយ គាត់ក៏បាននាំកូនស្រីទៅក្នុងផ្ទះបាយ។ គាត់យកឆ្នាំង ៣ ដែលមានទំហំ និង រូបរាងដូចៗគ្នា ហើយចាក់ទឹកចូលទៅក្នុងឆ្នាំងទាំងបីនោះ។ បន្ទាប់មកគាត់យកឆ្នាំងដាក់ដាំនៅលើចង្ក្រាន ដោយបើកភ្លើងខ្លាំង។ ពេលដែលឆ្នាំងទឹកទាំង ៣ ចាប់ផ្តើមពុះ, គាត់យកដាក់ការ៉ុត ១ មើម ដាក់ចូលទៅក្នុងឆ្នាំងទី ១។ បន្ទាប់មកគាត់ដាក់ស៊ុត ១គ្រាប់ចូលទៅក្នុងឆ្នាំងទី ២ ហើយចុងក្រោយគាត់ដាក់កាហ្វេចូលទៅក្នុងឆ្នាំងទី ៣។

បន្ទាប់មកគាត់ទុកវាចោលអោយពុះមួយសន្ទុះ ដោយមិននិយាយអ្វីសូម្បីតែមួយម៉ាត់ទៅកាន់កូនស្រី។ កូនស្រីរអ៊ូតិចៗ និងមិនអត់ទ្រាំក្នុងការរង់ចាំ, នាងឆ្ងល់ថាតើឪពុករបស់នាងកំពុងតែធ្វើអ្វី។

២០ នាទីបន្ទាប់គាត់បិទភ្លើងចង្ក្រាន។ គាត់យកដំឡូងបារាំងចេញពីក្នុងឆ្នាំង ហើយយកវាដាក់ក្នុងចានមួយ។ បន្ទាប់មកគាត់យកស៊ុតចេញពីក្នុងឆ្នាំង ហើយដាក់ទៅក្នុងចានមួយទៀត ហើយចុងក្រោយគាត់ចាក់កាហ្វេចូលទៅក្នុងពែងមួយ។ គាត់បែរក្រោយសួរទៅកាន់កូនស្រីថា, «តើកូនឃើញអ្វីទេ?»

«ការ៉ុត, ស៊ុត និង កាហ្វេ» នាងឆ្លើយយ៉ាងរហ័ស។

ឪពុកប្រាប់កូនស្រី, «មើលអោយជិត ហើយយកដៃទៅប៉ះការ៉ុតលមើល»។ នាងក៏ធ្វើតាម ហើយនាងសំគាល់ឃើញថាការ៉ុតទន់។ បន្ទាប់មកគាត់ប្រាប់នាងអោយយកស៊ុត ហើយគោះវាអោយបែក។ បន្ទាប់ពីយកចាប់កាន់ស៊ុត, នាងសង្កេតឃើញថាស៊ុតឆ្អិន​ ហើយឡើងរឹង។ ចុងក្រោយ, ឪពុកប្រាប់កូនស្រីអោយជិបកាហ្វេ។ ក្លិនឈ្ងុយរបស់វា ធ្វើអោយនាងញញឹមឡើងស្រស់។

«ប៉ា, តើនេះបានន័យថាម៉េចទៅ?» នាងសួរទៅកាន់ឪពុក។

បន្ទាប់មកគាត់ក៏បានពន្យល់ថាការ៉ុត, ស៊ុត និង កាហ្វេសុទ្ធតែបានប្រឈមនឹងការ ដាក់ចូលទៅក្នុងឆ្នាំងទឹកដាំពុះដូចគ្នា។ ទោះបីជាយ៉ាងណាក៏ដោយ, ប្រតិកម្មរបស់ពួកវាគឺខុសៗគ្នា។ ការ៉ុតមុនពេលដាក់ចូលទៅក្នុងឆ្នាំងគឺរឹង ប៉ុន្តែពេលដាក់ចូលទៅក្នុងទឹកក្តៅ,​ វាក្លាយទៅជាទន់។ ស៊ុតគឺងាយនឹងបែក ដោយសារតែសំបកខាងក្រៅរបស់វា ប៉ុន្តែពេលដែលវាដាក់ចូលទៅក្នុងទឹកក្តៅ, វាប្រែទៅជារឹង ហើយសាច់ខាងក្នុងក៏រឹងដូចគ្នា។

ទោះបីជា, កាហ្វេជាប្រភេទផ្សេងខុសពីគេ។ ប៉ុន្តែបន្ទាប់ពីវាត្រូវទឹកក្តៅ, វាធ្វើអោយទឹកប្រែផ្សេង ហើយបង្កើតបានជាអ្វីមួយដែលថ្មី។

«មួយណាដែលជាកូន» ឪពុកសួរទៅកាន់កូនស្រី។ «នៅពេលដែលទុក្ខលំបាកមករកកូន, តើកូនតបវិញដោយរបៀបណា? តើកូនជាការ៉ុត, ជាស៊ុត រឺក៏ជាកាហ្វេ?»

ន័យអប់រំ៖ នៅក្នុងជីវិតរស់នៅរបស់យើងម្នាក់ៗមានរឿងជាច្រើន ដែលបានកើតឡើងជុំវិញខ្លួនយើង និងកើតឡើងចំពោះយើង, ប៉ុន្តែរឿងពិតតែមួយគត់ដែលសំខាន់នោះគឺ ជាអ្វីដែលកើតឡើងក្នុងខ្លួនយើង និងជម្រើសរបស់យើងថាតើ យើងនឹងមានប្រតិកម្មដោយរបៀបណា ហើយអ្វីដែលអ្នកធ្វើវា។ រៀនសម្របខ្លួន និងជ្រើសរើសធ្វើអោយបានល្អបំផុតគ្រប់បទពិសោធន៍។ មានមនុស្សមួយចំនួនសំបកក្រៅ ហាក់ដូចជារឹងមាំខ្លាំងណាស់ ប៉ុន្តែនៅពេលដែលមានរឿងកើតឡើង ពួកគេបែរជាទន់ជ្រាយដូចបបរ។ ចំណែកអ្នកខ្លះវិញតែងគិតថាធ្វើមិនបាន ប៉ុន្តែពួកគេអាចរឹងមាំហួសពីការស្មាន។ ដូច្នេះនៅក្នុងជីវិតរបស់អ្នក តើអ្នកគួរជ្រើសរើសមួយណា រវាងការ៉ុត ស៊ុត និងកាហ្វេ?

Loading...