RoseMag.Net | រឿងខ្លី៖ ស្នេហាត្រូវការហេតុផលដែររឺទេ? | Blog

រឿងខ្លី៖ ស្នេហាត្រូវការហេតុផលដែររឺទេ?

បញ្ចូល: November 21, 2016 ប្រភេទ: ស្នេហា-គ្រួសារ

ថ្ងៃមួយមានគូស្នេហ៍មួយគូបានជជែកគ្នាលេង។ នារីជាសង្សារក៏បានសួរទៅកាន់មិត្តប្រុសរបស់នាងថា៖

នារី៖ ហេតុអ្វីបានជាបងស្រលាញ់អូន?
បុរស៖ បងមិនដឹងអំពីមូលហេតុរបស់វានោះទេ ប៉ុន្តែបងពិតជាស្រលាញ់អូនខ្លាំងណាស់។
នារី៖ បងមិនអាចប្រាប់ខ្ញុំសូម្បីតែហេតុផលរបស់វា, អ៊ីចឹងធ្វើម៉េចបងអាចនិយាយបានថា បងស្រលាញ់អូនទៅ? តើបងអាចនិយាយថាបងស្រលាញ់អូនដោយរបៀបណា?
បុរស៖ បងពិតជាមិនដឹងអំពីហេតុផលពិតមែន ប៉ុន្តែបងអាចពិសោធន៍ថាបងពិតជាស្រលាញ់អូនមែន។
នារី៖ ពិសោធន៍? ទេ, អូនគ្រាន់តែចង់អោយបងប្រាប់អូនអំពីហេតុផលតែប៉ុណ្ណោះ។ សង្សារមិត្តភក្តិអូនអាចប្រាប់នាងបានថា ហេតុអ្វីបានជាគាត់ស្រលាញ់នាង ប៉ុន្តែបងមិនអាចនោះទេ។
បុរស៖ អូខេៗ....!!! អ៊ឺ... ព្រោះតែអូនស្អាត, សម្លេងរបស់អូនពិរោះ, អូនពូកែថ្នាក់ថ្នម, អូនគួរអោយស្រលាញ់, អូនជាមនុស្សចេះគិត, ស្នាមញញឹមរបស់អូន, និងគ្រប់សកម្មភាពរបស់អូន។

នារីជាសង្សារមានអារម្មណ៍ពេញចិត្តយ៉ាងខ្លាំងចំពោះចម្លើយរបស់ដៃគូ។

ជាអកុល, មួយខែក្រោយមកនាងបានជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរមួយ ដែលបណ្តាលអោយនាងក្លាយជាមនុស្សភ្លឹកបាត់បង់ស្មារតី (coma)។
បុរសរន្ធត់ជាខ្លាំងពេលដែលទទួលបានដំណឹងនេះ។ គេតែងតែទៅកំដរនាងជារៀងរាល់ថ្ងៃ ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃកាន់តែឃ្លាតចាកពីក្តីសង្ឃឹម។

ជាយូរខែថ្ងៃ, នាងនៅតែទាន់មិនដឹងខ្លួនឡើងវិញ។ បុរសមានអារម្មណ៍អស់សង្ឃឹម ហើយគេក៏បានសរសេរកូនសំបុត្រមួយទុកនៅក្បែរនាង។ គេសង្ឃឹមថាថ្ងៃណាមួយណានាងនឹងភ្ញាក់ដឹងខ្លួនអានសំបុត្រនេះបាន។

ថ្ងៃមួយនារីក៏បានដឹងខ្លួនឡើងវិញ ហើយនាងបានរកឃើញសំបុត្រមួយ ដែលបុរសជាសង្សារសរសេរទុកអោយនាង។

សេចក្តីនៅក្នុងសំបុត្រ៖

«អូនធ្លាប់សួរបងថា, ហេតុអ្វីបានជាបងស្រលាញ់អូន? បងក៏ធ្លាប់ប្រាប់អូនថា, បងមិនដឹងអំពីហេតុផលនោះទេ, បងដឹងត្រឹមតែថា​ បងស្រលាញ់អូន។ ប៉ុន្តែអូនចង់បានហេតុផលនៃការស្រលាញ់របស់បង ដូច្នេះប្រសិនបើបងស្រលាញ់អូន...
ក៏ព្រោះតែសម្លេងដ៏ផ្អែមល្ហែមរបស់អូន...
ពេលនេះអូនមិនអាចនិយាយបានទៀតទេ ហើយក៏ប្រហែលជាលែងនិយាយជារៀងរហូតផង! ដូច្នេះបងពិតជាមិនអាចស្រលាញ់អូនបានទៀតទេ។
ក៏ព្រោះតែការខ្វាយខ្វល់យកចិត្តទុកដាក់របស់អូន ទើបបងស្រលាញ់អូន...
ប៉ុន្តែពេលនេះអូនមិនអាចបង្ហាញវាបានទៀតទេ, ដូច្នេះបងមិនអាចស្រលាញ់នោះទេ។
ក៏ព្រោះតែស្នាមញញឹមរបស់អូន និង សកម្មភាពគ្រប់យ៉ាងរបស់អូន ទើបបងស្រលាញ់អូន...
ប៉ុន្តែពេលនេះអូនមិនអាចញញឹម ហើយក៏មិនអាចកំរើកបានទៀតដែរ ដូច្នេះបងមិនអាចស្រលាញ់អូនបានទៀតទេ។

ប្រសិនជាស្នេហាពិតជាត្រូវការហេតុផលពិតមែន, អ៊ីចឹងឥលូវនេះគ្មានហេតុផលអ្វី ដែលអាចអោយបងស្រលាញ់អូននោះទេ។

ប៉ុន្តែការស្រលាញ់របស់បងចំពោះអូន ពិតជាមិនត្រូវការហេតុផលនោះទេ។ ដូច្នេះហើយបងនៅតែស្រលាញ់អូន.... ឆាប់បើកភ្នែកឡើងអូនសម្លាញ់។ ក្រោកមកធ្វើជាកូនក្រមុំរបស់បង។ ការស្រលាញ់របស់អូនចំពោះអូនគឺគ្មានហេតុផលនោះទេ។ វាកើតចេញពីក្នុងចិត្ត ហើយនេះក៏ជាក្តីស្រលាញ់ពិតផងដែរ»។

បន្ទាប់ពីអានសំបុត្រចប់នារីពិតជារំភើប និងពេញចិត្តនូវអ្វីដែលបុរសជាគូស្នេហ៍សរសេរអោយនាងជាខ្លាំង។

នេះហើយទើបហៅថាស្នេហាពិត។ ស្នេហារវាងមនុស្សពីរនាក់អាចកើតមានឡើង ប្រហែលជាគ្មានហេតុផលនោះទេ៕

ចង់ស្វែងរកការងារសូមចុចទីនេះ www.chr-asia.com

សំរួលនិងចុះផ្សាយដោយ / ដកស្រង់ពី: bektleay.com

សូមបញ្ចេញមតិយោបល់របស់លោកអ្នកនៅខាងក្រោម! សូមអរគុណសម្រាប់ការគាំទ្រ!