រឿងអប់រំខ្លី៖ ការលះបង់របស់ឪពុកម្តាយ (គ្រប់គ្នាគប្បីអានអត្ថបទនេះ)

Loading...

ប្តីប្រពន្ធក្រីក្រមួយគូរ រស់នៅក្នុងភូមិតូចមួយនៅក្នុងទីក្រុងឡុងដ៍ ពួកគាត់មានកូនប្រុសតែម្នាក់ប៉ុណ្ណោះ។ ពួកគាត់បានផ្គត់ផ្គង់អោយកូនប្រុសរបស់គាត់ ទទួលបានការសិក្សាយ៉ាងល្អបំផុត។ ក្រោយមកកូនគាត់បានបញ្ចប់ការសិក្សា ហើយក៏បានក្លាយជាវិស្វករ។

មិនយូរប៉ុន្មានកូនប្រុសរបស់គាត់បានរៀបការជាមួយកូនស្រីអ្នកមានម្នាក់។
ដំបូងពួកគេបានរស់នៅជាមួយឪពុកម្តាយនៅក្នុងភូមិ។ ប៉ុន្តែក្រោយមកប្រពន្ធគាត់មានការ ការធុញទ្រាន់នឹងជីវិតរស់នៅរបៀបអ្នកភូមិ រួចបានបញ្ចុះបញ្ចូលប្តីដើម្បីផ្លាស់ទីទៅទីក្រុង ចាកចេញពីឪពុកម្តាយចាស់ដែលរស់នៅក្នុងភូមិ។

ពេលវេលាបានកន្លងផុតទៅ, នៅ Barnet គាត់ជាមនុស្សដែលជោគជ័យម្នាក់​ គាត់បានរស់នៅទីនោះជាច្រើនឆ្នាំជាមួយប្រពន្ធរបស់គាត់។ គាត់តែងតែផ្ញើរប្រាក់ទៅឪពុកម្តាយរបស់គាត់យ៉ាងទៀងទាត់។

ពេលវេលាក៏ចេះតែកន្លងពីមួយថ្ងៃទៅមួយថ្ងៃ, គាត់ក៏លែងសូវទំនាក់ទំនងផ្ញើរលុយកាក់ទៅ ហើយព្រមទាំងបំភ្លេចឪពុកម្តាយនៅស្រុកភូមិនោះតែម្តង។ នៅថ្ងៃមួយគាត់បានយល់សុបិន្ត​យ៉ាងចម្លែក។ ក្នុងសុបិន្តនោះមានមនុស្សបានប្រាប់គាត់ អោយទៅលេងឪពុកម្តាយរបស់គាត់។

គាត់ក៏បានជិះយន្តហោះទៅដល់ភូមិដែលឪពុកម្តាយរបស់គាត់រស់នៅ ប៉ុន្តែអ្វីៗត្រូវបានផ្លាស់ប្តូរអស់គ្មានសល់។ គាត់រកផ្ទះគាត់មិនឃើញ ហើយគាត់ក៏ទៅសួរក្មេងប្រុសម្នាក់ដែលដើរកាត់ទីនោះ។ ក្នេងប្រុសបាននិយាយប្រាប់គាត់ថា៖ “នៅក្នុងផ្ទះនេះមានស្ត្រីចំណាស់ពិការភ្នែកម្នាក់, ស្វាមីរបស់គាត់បានស្លាប់ចោល ហើយដោយទុកអោយគាត់រស់នៅតែម្នាក់ឯង។ គាត់មានកូនប្រុសម្នាក់ដែលបានរៀបការជាមួយកូនស្រីអ្នកមាន ហើយទៅរស់នៅឆ្ងាយ ដែលមិនដែលមកលែងគាត់ទាល់សោះ។ គាត់គួរអោយអាណិតណាស់។”

គាត់ដើរចូលក្នុងផ្ទះ ហើយដើរទៅរកម្តាយរបស់គាត់នៅលើគ្រែ។ គាត់បានទៅក្បែរម្តាយរបស់គាត់ ដោយមិនអោយលឺសំលេងព្រោះខ្លាចម្តាយភ្ញាក់។
រំពេចនោះគាត់បានលឺសំលេងម្តាយរបស់គាត់និយាយទាំងខ្សាវៗថា៖ “ឳ, ព្រះអើយជាម្ចាស់អើយ! អាយុខ្ញុំចាស់ណាស់ហើយ ភ្នែកក៏ងងឹត ប្តីក៏ស្លាប់ចោល ចឹងគ្មានអ្នកណាយកខ្ញុំទៅបញ្ចុះទេពេលដែលខ្ញុំស្លាប់ទៅ។ ខ្ញុំសុំបួងសួងសូមអោយកូនប្រុសខ្ញុំត្រលប់មករកខ្ញុំវិញផង។” និយាយតែប៉ុន្មានម៉ាត់នេះគាត់ក៏ដាច់ខ្យល់ស្លាប់ទៅ។ ទឹកភ្នែករបស់កូនប្រុសហូរស្រក់ចុះ ព្រោះតែមិនទាន់បាននិយាយអ្វី សូម្បីតែមួយម៉ាត់ជាមួយម្តាយជាលើកចុងក្រោយផង។ គាត់នឹកស្តាយមិនគួរណាទុកឪពុកម្តាយរបស់គាត់ចោលបែបនេះទេ។ គាត់នឹកឃើញគ្រាដែលគាត់នៅតូច ហើយឪពុករបស់គាត់ប្រលែងលេងជាមួយគាត់។ នឹកដល់សំលេងបំពេរដែលម្តាយរបស់គាត់ធ្លាប់បានបំពេរគាត់អោយគេងលក់។
ទីបំផុតការស្តាយក្រោយរបស់កូនប្រុសពិតជាហួសពេលហើយ ព្រោះអ្នកមានគុណរបស់គាត់ទាំងពីរបាន លាចាកលោកនេះគ្មានថ្ងៃត្រលប់មកវិញឡើយ។

ន័យអប់រំ៖ ម្តាយទទួលការលំបាក និងឈឺចាប់ខ្លាំងណាស់ ទម្រាំតែបង្កើតបានកូនម្នាក់ៗ និងទម្រាំចិញ្ចឹមដល់ធំពេញរូបពេញរាង។ ការពិបាក ការឈឺចាប់យ៉ាងណាក៏គាត់ព្យាយាមអត់ធ្មត់ ហើយចិញ្ចឹមបីបាច់រហូតដល់កូនធំទទួលបានការងារធ្វើ។ ដូចច្នេះចូរគោរពស្រលាញ់ឪពុកម្តាយរបស់អ្នកអោយបានច្រើន អោយដូចអ្នកស្រលាញ់ប្តី ស្រលាញ់ប្រពន្ធរបស់អ្នកដែរ៕

Loading...