រឿងអប់រំខ្លី៖ ធម្មជាតិរបស់សត្វខ្យាដំរី

ថ្ងៃមួយមានសត្វខ្យាដំរីមួយក្បាល បានសំលឹងមើលជុំវិញទីកន្លែងដែលវាធ្លាប់រស់នៅ ហើយវាក៏សំរេចចិត្តផ្លាស់ទីកន្លែងទៅរស់នៅកន្លែងមួយថ្មីទៀត។

ពីរបីថ្ងៃក្រោយវាក៏ចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ព្រៃភ្នំនិងវល្លិ៍។ វាបន្តដំណើររហូតដល់ស្ទឹងមួយ។

ខ្យាដំរីបានឃើញស្ទឹងមួយដែលមានទឹកយ៉ាងជ្រៅ ហើយធំខ្លាំងណាស់។ វាមិនអាចឆ្លងកាត់ស្ទឹងនោះបានទេ។ វារិះរកគ្រប់មធ្យោបាយដើម្បីឆ្លងកាត់ស្ទឹងនេះ ប៉ុន្តែហាក់ដូចជាគ្មានវិធីទាល់តែសោះ។ វាក៏គិតថាប្រហែលជាត្រូវបកក្រោយវិញហើយ។

ស្រាប់តែពេលនោះវាបានឃើញកង្កែបមួយ កំពុងអង្គុយនៅកម្ពោធព្រៃក្បែរច្រាំង។ វាក៏សំរេចចិត្តសុំអោយកង្កែបជួយចំលងទៅត្រើយម្ខាង។

ខ្យាដំរីបានស្រែកហៅកង្កែបថា, «សួស្តី, បងកង្កែប! តើបងអាចចិត្តល្អជួយចំលងខ្ញុំទៅត្រើយម្ខាង ដោយអោយខ្ញុំជិះនៅលើខ្នងរបស់បងបានទេ?»

«អូ, សួស្តីបងខ្យាដំរី! ទោះបីជាខ្ញុំព្យាយាមជួយបង, តើធ្វើម៉េចខ្ញុំអាចទុកចិត្តបានថា បងនឹងព្យាយាមសម្លាប់ខ្ញុំទៅ?» កង្កែបសួរទៅខ្យាដំរី។

«បងអាចប្រាកដអំពីវា.. តើបងឃើញទេថាប្រសិនបើខ្ញុំសម្លាប់បង, អ៊ីចឹងខ្ញុំក៏ស្លាប់ទៅជាមួយបងដែរ ព្រោះខ្ញុំមិនអាចហែលទឹកបានទេ...» ខ្យាដំរីឆ្លើយតប។

កង្កែបគិតមួយសន្ទុះ ហើយក៏យល់ថាវាសមហេតុផលដែរ ប៉ុន្តែវានៅតែមានមន្ទិលសង្ស័យ ហើយក៏សួរបន្តទៀតថា, «ចុះពេលដែលខ្ញុំទៅជិតដល់ច្រាំងហើយនោះ... តើបងនឹងសម្លាប់ខ្ញុំទេ?»

«ទេ, ខ្ញុំធ្វើម៉េចនឹងអាចឡើងច្រាំងបានបើខ្ញុំសម្លាប់បងនោះ» ខ្យាដំរីឆ្លើយ។

កង្កែបគិតទៀត ហើយនៅតែមិនអស់ចិត្តវាក៏សួរបន្ត, «តើធ្វើម៉េចខ្ញុំដឹងថា ពេលដែលបងទៅដល់ច្រាំងហើយនោះ បងនឹងសម្លាប់ខ្ញុំរឺអត់?»

«អូ,​ ពេលដែលបងនាំខ្ញុំទៅដល់គោលដៅហើយនោះ, ខ្ញុំមានតែអរគុណបង អ៊ីចឹងវាមិនសមថាខ្ញុំសម្លាប់បងទេ... តើទៅរួចដែររឺ?» ខ្យាដំរីឆ្លើយតប។

ចុងក្រោយកង្កែបក៏យល់ព្រមចំលងខ្យាដំរី។ កង្កែបក៏លោតចុះទៅក្នុងទឹក ហើយអោយខ្យាដំរីឡើងលើខ្នង។ ខ្យាដំរីវារឡើងលើខ្នងកង្កែប។

ដល់ពាក់កណ្តាលផ្លូវ, កង្កែបមានអារម្មណ៍ថាមានអ្វីទិចខ្នង ហើយនឹងកែងភ្នែករបស់វា, កង្កែបក្រឡែកមើល ក៏ឃើញខ្យាដំរីយកដង្កៀបចេញពីលើខ្នងរបស់ខ្លួន។

កង្កែបចាប់ផ្តើមមានអារម្មណ៍ថាស្ពឹកនៅក្នុងខ្លួន ហើយនិយាយគ្រលរក្អុលៗ, «អ្នកឆ្កួតហើយ.... តើអ្នកបានធ្វើអ្វី...! ឥលូវពួកយើងទាំងពីរមិនរស់ទេ»។

ខ្យាដំរីនិយាយទាំងកំពុងលង់ទឹកទៅជាមួយនឹងកង្កែបថា, «ខ្ញុំមិនអាចហាមខ្លួនខ្ញុំបានទេ។ វាជាធម្មជាតិរបស់ខ្ញុំ»។

រួចហើយខ្យាដំរី និងកង្កែបក៏បានលិចចូលទៅក្នុងទឹកស្ទឹងបាត់ទៅ។

ន័យអប់រំ៖ ពេលខ្លះយើងត្រូវដឹងថាធម្មជាតិរបស់មនុស្ស គឺមិនអាចកែប្រែបានទេ ហើយយើងគួរតែដឹងថាមនុស្សណាដែលយើងគួរជួយ រឺមិនគួរជួយ។ ពេលខ្លះមនុស្សដែលមាននិស្ស័យអាក្រក់ ទោះបីជាអ្នកខំជួយយកអាសារប៉ុណ្ណាក៏គ្មានគុណនោះដែរ ថាមិនត្រូវគេអាចនាំទុក្ខទោសដល់ខ្លួនអ្នកទៀតផង៕

  •  
Loading...