RoseMag.Net | រឿងខ្លី៖ បងសុំទោសប្រពន្ធសម្លាញ់!!! | Blog

រឿងខ្លី៖ បងសុំទោសប្រពន្ធសម្លាញ់!!!

បញ្ចូល: November 8, 2016 ប្រភេទ: រឿងនិទាន

មានប្តីប្រពន្ធមួយគូបានរៀបការជាង ១០ឆ្នាំហើយ ប៉ុន្តែពួកគេគ្មានកូននោះទេ។ ពួកគេព្យាយាមចង់បានកូន ហើយពួកគេសង្ឃឹមថានឹងមានកូនមុនខួបអាពាហ៍ពាពិហ៍ ១១ ឆ្នាំរបស់ពួកគេមកដល់។ ក្រុមគ្រួសារ និង មិត្តភក្តិរបស់ពួកគេគិតថាថ្ងៃណាមួយ ពួកគេទាំងពីរនឹងលែងលះគ្នា ដោយសារតែបញ្ហាអត់មានកូននេះ ប៉ុន្តែពួកគេមិនចង់បែកគ្នានោះទេ ព្រោះតែសេចក្តីស្រលាញ់ដ៏រឹងមាំរបស់ពួកគេទាំងពីរ។

ជាច្រើនខែកន្លងផុតទៅ,
ថ្ងៃមួយខណៈពេលដែលប្តីត្រលប់មកពីធ្វើការវិញ, គាត់បានឃើញប្រពន្ធរបស់គាត់ ដើរនៅតាមផ្លូវជាមួយនឹងបុរសប្លែកមុខម្នាក់។ ពួកគេទាំងពីរហាក់ដូចជារីករាយខ្លាំងណាស់។ មួយសប្តាហ៍ក្រោយមក ប្តីក៏បានឃើញប្រពន្ធរបស់គាត់ ដើរជាមួយបុរសដដែលម្តងទៀត។
ប្តីបានឃើញប្រពន្ធ ដើរជាមួយបុរសដដែលជាច្រើនដង ទៅទីកន្លែងណាមួយដោយគ្មានគោលដៅ ហើយ អោបគ្នាទៅវិញទៅមក។

ល្ងាចថ្ងៃមួយខណៈពេលដែលប្តីបានត្រលប់មកផ្ទះវិញ, គាត់បានឃើញបុរសដដែលបើកជូនប្រពន្ធរបស់គាត់មកដល់ផ្ទះ ជាមួយការថើបថ្ពាល់របស់នាងជាសញ្ញាលាគ្នា។ ប្តីចាប់ផ្តើមមានអារម្មណ៍ខឹង និង ក្រៀមក្រំក្នុងចិត្តបំផុត។

ខណៈពេលដែលគាត់កំពុងតែកាន់កែវមួយបំរុងនឹងចាក់ទឹកផឹក, សំលេងទូរស័ព្ទលើតុក៏បានរោទិ៍ឡើង។ គាត់លើកទូរស័ព្ទ សំលេងពីខ្សែងម្ខាងទៀតបានបន្លឺឡើងថា, «សួស្តីអូន, បងនឹងទៅផ្ទះអូននៅល្ងាចនេះ តាមដែលបងបានសន្យារ, បងសង្ឃឹមថា....»

បុរសជាប្តីក៏ដាក់ទូរស័ព្ទចុះ ដោយមិនស្តាប់ការនិយាយអ្វីបន្តពីខ្សែម្ខាងទៀតនោះទេ។ គាត់គិតក្នុងចិត្តថានោះគឺជាសំលេងរបស់មនុស្សប្រុស ហើយគាត់ច្បាស់ក្នុងចិត្តណាស់ថាជាបុរសដដែល ដែលគាត់បានឃើញជាច្រើនដង ដែលបណ្តើរជាមួយប្រពន្ធរបស់គាត់។
គាត់គិតថាប្រពន្ធរបស់គាត់បានស្រលាញ់បុរសផ្សេងហើយ។ កំពុងតែស្លុងអារម្មណ៍គិត គាត់ក៏របូតដៃធ្លាក់កែវបែកខ្ចាយ។

ដោយលឺសំលេងធ្លាក់បែក, ប្រពន្ធរបស់គាត់ក៏បានរត់យ៉ាងប្រញាប់ ហើយសួរគាត់ថា, «តើបងមិនអីទេមែនទេ»?

ដោយសារកំហឹងពេញក្នុងខ្លួន គាត់ក៏បានរុញប្រពន្ធរបស់គាត់។ នាងបានដល់ទៅលើឥដ្ឋ។ មិនលឺសំលេងប្រពន្ធស្រែក និងគ្មានការកំរើក, ប្តីក៏ស្ទុះលើកប្រពន្ធឡើង គាត់បានដឹងថានាងដួលទៅលើអំបែងកែវ ដែលគាត់ធ្វើអោយធ្លាក់បែកអម្បាញ់មិញនេះ។ ហើយអំបែងដ៏ធំមួយបានមុតនាង។ ប្តីព្យាយាមធ្វើចលនាដង្ហើម និងចលនាចង្វាក់បេះដូង ប៉ុន្តែជាអកុសលវាគ្មានបានផលនោះទេ ព្រោះប្រពន្ធរបស់គាត់បានស្លាប់បាត់ទៅហើយ។

បុរសជាប្តីភ្ញាក់ដឹងខ្លួនព្រឺត ហើយស្រែកហៅឈ្មោះប្រពន្ធរបស់គាត់ខ្លាំងៗ។ គាត់បានឃើញសំបុត្រមួយនៅក្នុងដៃរបស់នាង។ គាត់សែនរន្ធត់ពេលដែលបានអានវា។

សេចក្តីនៅក្នុងសំបុត្រ៖
«ប្តីសំលាញ់របស់អូន, ពាក្យមិនអាចបញ្ជាក់ថាតើអូនមានអារម្មណ៍បែបណានោះទេ... អូនក៏បានសរសេរសំបុត្រនេះឡើង។ អូនបានទៅជួបគ្រូពេទ្យជាច្រើនសប្តាហ៍ហើយ ហើយអូនចង់អោយច្បាស់ជាមុនសិន មុនពេលដែលអូនប្រាប់ដំណឹងដ៏ធំនេះទៅបង។
គ្រូពេទ្យបានបញ្ជាក់យ៉ាងច្បាស់ថាអូនមានទំងន់ហើយ។ កូនរបស់យើងមានអាយុ ៥ ខែហើយមកដល់ពេលនេះ។ គ្រូពេទ្យដែលអូនបានទៅជួបនោះគឺជា បងប្រុសដែលបានបាត់ជាយូរមកហើយរបស់អូន ដែលអូនបានព្យាយាមទាក់ទងរក បន្ទាប់ពីពួកយើងរៀបការរួចនោះអី។ គាត់បានសន្យានឹងអូនថា គាត់នឹងមើលថែអូន និងកូន ហើយនឹងផ្តល់ការថែទាំជាពិសេសដោយមិនគិតថ្លៃ។ គាត់បានសន្យាថានឹងមកញុំាបាយល្ងាចជាមួយយើងនៅយប់នេះ។ អូនសរសេរសំបុត្រនេះឡើង ក៏ព្រោះតែអូនសប្បាយចិត្តពេក។ អរគុណបងដែលនៅក្បែរអូនគ្រប់ពេល។

ពីប្រពន្ធជាទីស្រលាញ់របស់បង»។

សំបុត្រជ្រុះពីដៃរបស់គាត់ ហើយទឹកភ្នែកជាច្រើនតំណក់បានហូរស្រុកចុះ ស្ទើរក្លាយជាស្ទឹង។ គាត់ស្តាយនូវកំហុសរបស់គាត់ ដែលមិនបានសួរប្រពន្ធរបស់គាត់ អោយបានច្បាស់លាស់។ គាត់ប្រឹងស្រែកហៅឈ្មោះនាងស្ទើរតែបែកផ្ទះទៅហើយ ប៉ុន្តែគ្មានការឆ្លើយតបមកវិញទាល់តែសោះ។ ពេលនេះគាត់បានដឹងថា គាត់បាត់បង់ទាំងប្រពន្ធ និងកូននៅក្នុងផ្ទៃជាទីស្រលាញ់របស់គាត់ហើយ។

ន័យអប់រំ៖ យើងមិនគួរធ្វើការវិនិច្ឆ័យភ្លាមៗ ទាំងមិនទាន់បានដឹងច្បាស់។ នៅក្នុងទំនាក់ទំនងមួយ យើងគួរតែព្យាយាមនិយាយគ្នាអោយបានច្បាស់លាស់។ យើងមិនគួរបណ្តោយអោយកំហឹងគ្រប់គ្រងយើង ព្រោះពេលខ្លះអ្វីដែលយើងបានឃើញ រឺបានលឺពីអ្នកដដៃអាចមិនមែនជាការពិត៕

ចង់ស្វែងរកការងារសូមចុចទីនេះ www.chr-asia.com

សំរួលនិងចុះផ្សាយដោយ / ដកស្រង់ពី: bektleay.com

សូមបញ្ចេញមតិយោបល់របស់លោកអ្នកនៅខាងក្រោម! សូមអរគុណសម្រាប់ការគាំទ្រ!