រឿងខ្លី៖ ក្រោយបែកគ្នា....

Loading...

មានសង្សារមួយគូបានបែកគ្នាជិត ១ឆ្នាំមកហើយ។ ពួកគេកំពុងដើរលើវីថីរៀងៗខ្លួន អនុស្សាវរីយ៍ទាំងឡាយដែលធ្លាប់មានកន្លងមក ពួកគេព្យាយាមបំភ្លេច​ចោលទាំងស្រុង។ ពួកគេចាប់យកពេលវេលារវល់ដាក់តែរៀងៗខ្លួន។ ប៉ុន្តែពួកគេមិនដែលធ្លាប់ព្យាយាមសាកល្បងមានស្នេហាថ្មីនោះទេ ពួកគេគិតថាពួកគេអាចបំភ្លេចគ្នាបានទាំងស្រុងបានហើយ នេះក៏ដោយសារតែកាលវិភាគការងារដ៏មមាញឹក ទើបធ្វើអោយពួកគេ គ្មានពេលគិតដល់រឿងអតីតកាល។

ថ្ងៃមួយ, នារីបានអង្គុយនៅក្នុងហាងកាហ្វេតែម្នាក់ឯង ព្រោះថ្ងៃនោះជាថ្ងៃឈប់សំរាក។ នាងមិនដែលភ្លេចរសជាតិកាហ្វេដើមដែលនាងចូលចិត្តនោះទេ។ កំពុងតែស្លុងអារម្មណ៍គិតដល់រឿងអ្វីមួយមិនដឹង, ស្រាប់តែនាងភ្ញាក់ព្រឺតដូចមានអ្វីចាប់កន្ត្រាក់នាង។ សំលេងបុរសម្នាក់បានឈរកុម្ម៉ង់កាហ្វេដែលមានរសជាតិដូចនាង។ សំលេងនោះគឺប្រហាក់ប្រហែលខ្លាំងណាស់។ នាងមិនទាន់ងាករកមើលម្ចាស់សំលេងនោះទេ។
នៅជ្រុងម្ខាងត្រង់កន្លែងទទួលការកុម្ម៉ង់របស់ភ្ញៀវ, បុរសរាងខ្ពស់សង្ហារ ស្លៀកខោខាវប៊ូយវែង ពាក់អាវសដៃវែងមូរដៃ បានសំលឹងមើលនារីស្រស់​ ដែលអង្គុយផឹកកាហ្វេតែម្នាក់ឯង។ កែវភ្នែកមុតថ្លាសំលឹងមិនដាក់ភ្នែកចំពោះស្រស់ស្រី។ នាងបែររកមើលម្ចាស់សំលេងដែលកុម្ម៉ង់កាហ្វេរសជាតិដូចនាង។ កែវភ្នែកទាំងពីរប្រសព្វគ្នា, ធ្វើអោយអនុវស្សាវរីយ៍ចាស់ៗទាំងប៉ុន្មានអណ្តែតពេញខួរក្បាលរបស់ពួកគេ។ ពួកគេជាគូស្នេហាដែលបានបែកគ្នាអស់រយៈពេលជិត ១ ឆ្នាំ។

អ្វីៗដែលធ្លាប់គិតថាភ្លេចទាំងស្រុងនោះគឺមិនពិតនោះទេ។ ពេលវេលាដែលសប្បាយរួមគ្នា, ពេលវេលាដ៏រ៉ូមែនទិច, ពេលវេលាផ្អែមល្វីងជូរចត់, ពាក្យសន្ទនាល្អៗដែលធ្លាប់មាន, ទឹកភ្នែកដែលធ្លាប់ហូរ, ពេលវេលាឈ្លោះគ្នា និងថ្ងៃចុងក្រោយដែលស្រស់ស្រី ប្រមូលរបស់របរដើរចេញពីផ្ទះ,។ វាបានលេចរូបរាងឡើងពេញក្នុងខួរក្បាលរបស់ពួកគេ។ អារម្មណ៍ពេលនោះហាក់ដូចជាយ៉ាងម៉េចមិនដឹង។ រីករាយផ្សំជាមួយនឹងអារម្មណ៍ខឹង ហើយនៅមានអារម្មណ៍ជាច្រើនទៀត ដែលកំពុងច្រាស់ច្រាលពេញក្នុងបេះដូង។ បុរសសំលឹងកែវភ្នែកនារីដោយក្តីស្រលាញ់ និងនឹករលឹក។ អត់ទ្រាំមិនបានគេក៏ដើរសំដៅមករកនាង។ នារីឃើញបែបនេះបុកពោះអរភើត មិនដឹងគួរធ្វើបែបណា។ បុរសដើរទៅដល់តុដែលនាងអង្គុយ គេដាក់កែវកាហ្វេចុះ ហើយភ្នែករបស់គេរក្សាលំនឹកមិនងាករេនោះទេ។ នាងមើលមុខបុរសជាមួយនឹងអារម្មណ៍យ៉ាងណាមិនដឹង, នាងមិនដឹងថាគួរនិយាយអ្វីមុនទៅកាន់ពួកគេនោះទេ, មានតែនៅស្ងៀមស្ងាត់ ទុកអោយខាងប្រុសជាអ្នកផ្តើមមុនទៅចុះ។

បុរសទាញកៅអី ហើយអង្គុយចុះពីមុខនាង។ គេចាប់ផ្តើមបន្ទឺរជាសំនួរទៅកាន់នាងថា៖

បុរស៖ តើអ្នកសុខសប្បាយជាទេ?
នារី៖ ខ្ញុំសុខជាធម្មតាទេ, ចុះចំណែកអ្នកវិញ? (ឆ្លើយតបដោយអារម្មណ៍ភ័យ)
បុរស៖ ខ្ញុំក៏សុខធម្មតាដែរ។ អស់ពេលជាយូរណាស់ហើយដែលយើងមិនដែលជួបគ្នា។
នារី៖ ពិតមែនហើយ, ខ្ញុំសង្ឃឹមថាជីវិតរបស់អ្នកនឹងមានរឿងល្អៗ។
បុរស៖ ជីវិតប្រែប្រួលហើយ, មិនដូចមុននោះទេ។
នារី៖ អ្នកចង់ថាវាមានតែរឿងល្អៗមែនទេ? (នារីនិយាយបែបឌឺដង)
បុរស៖ តើអ្នកកំពុងតែព្យាយាមបញ្ឈឺរខ្ញុំមែនទេ?
នារី៖ ទេខ្ញុំមិនដែលនោះទេ...
បុរស៖ ចុះចឹងម៉េចបានជាអ្នកនិយាយបែបនេះ?
នារី៖ ខ្ញុំគិតថាអ្នកនៅជាមួយខ្ញុំមានតែរឿងឈឺចាប់, អ្នកធ្លាប់និយាយបែបនេះ។ ខ្ញុំគ្រាន់តែចង់អោយអ្នកគ្មានការឈឺចាប់ ហើយមានតែភាពរីករាយ។
បុរស៖ តើអ្នកគិតថាឥលូវនេះខ្ញុំរីករាយ?

នារី៖ ស្ងាត់មួយសន្ទុះ... ខ្ញុំម៉េចនឹងដឹងទៅ...
បុរស៖ តើអ្នករីករាយទេ?
នារី៖ នៅត្រឹងសំលឹងទៅកែវកាហ្វេ.... ខ្ញុំព្យាយាមធ្វើអស់ពីលទ្ធភាព។
បុរស៖ តើអ្នកមាននរណាម្នាក់នៅក្នុងជីវិតហើយមែនទេ?
នារី៖ សួរធ្វើអី? តើវាមានន័យអ្វីសំរាប់អ្នកនៅពេលនេះ?
បុរស៖ គ្រាន់តែឆ្លើយទៅតាមសំនួរដែលខ្ញុំសួរបានហើយ។
នារី៖ វាគ្មានន័យអ្វីនោះទេ។ ប៉ុន្តែខ្ញុំជឿជាក់ថាអ្នកច្បាស់ជាមានរួចហើយ។
បុរស៖ តើហេតុអ្វីបានអ្នកច្បាស់លាស់ម្ល៉េះ?
នារី៖ ខ្ញុំជួយត្រេកអរ, ប្រសិនជាអ្នកមាន។
បុរស៖ (សំលឹងមើលមុខនារី) មើលកែវភ្នែករបស់ខ្ញុំមក ហើយនិយាយប្រាប់ខ្ញុំថា អ្នករីករាយពេលដែលឃើញខ្ញុំនៅជាមួយអ្នកមនុស្សស្រីដទៃ។
នារី៖ (មើលមុខបុរស) ខ្ញុំគ្មានអ្វីដែលត្រូវបង្ហាញនោះទេ។
បុរស៖ ពិតណាស់អ្នកត្រូវតែបញ្ជាក់។ អ្នកត្រូវតែបញ្ជាក់ប្រាប់ខ្ញុំថា «អ្នកមិនស្រលាញ់ខ្ញុំទៀតទេ»។
នារី៖ ខ្ញុំ.....មិនស្រលាញ់អ្នកទៀតទេ... (និយាយទាំងរអាក់រអួល)
បុរស៖ និយាយថាអ្នកមិនធ្លាប់ដែលនឹកខ្ញុំទេ រយៈពេលកន្លងមកនេះ។
នារី៖ ខ្ញុំ..... មិនធ្លាប់នឹកអ្នកសូម្បីតែម្តង ចាប់តាំងពីយើងបែកគ្នា (និយាយទាំងរលីងរលោងទឹកភ្នែក)
បុរស៖ (បុរសយកដៃជូតទឹកភ្នែករបស់នាង) ទាំងនេះគឺគ្រប់គ្រាន់ហើយ។
នារី៖ អ្នកចង់បានន័យថាម៉េច?
បុរស៖ ខ្ញុំដឹងថាអ្នកនៅតែស្រលាញ់ខ្ញុំ ហើយតែងតែនឹកខ្ញុំជានិច្ច។
នារី៖ អ៊ីចឹង, ហេតុអ្វីបានជាអ្នកមិនធ្លាប់ខលរកខ្ញុំ?
បុរស៖ ព្រោះអ្នកចាក់ចេញពីខ្ញុំ... អោយខ្ញុំឯកកោរ...
នារី៖ ខ្ញុំចាក់ចេញ ព្រោះតែអ្នកនិយាយថារស់នៅជាមួយខ្ញុំគឺជាក្តីឈឺចាប់...
បុរស៖ ខ្ញុំគ្មានចេតនានោះទេ,​ ខ្ញុំនិយាយវាមកទាំងខឹង។ តើខ្ញុំមិនធ្លាប់ប្រាប់អ្នកទេមែនទេថា, រស់នៅជាមួយអ្នក បានធ្វើអោយខ្ញុំប្រែក្លាយជាមនុស្សប្រុសល្អ? តើខ្ញុំមិនធ្លាប់ប្រាប់អ្នកទេមែនទេថា រស់នៅជាមួយអ្នក ធ្វើអោយខ្ញុំក្លាយជាមនុស្សដែលមានក្តីសុខ? តើខ្ញុំមិនធ្លាប់ប្រាប់អ្នកទេមែនទេថា រាល់ពេលដែលយើងឈ្លោះគ្នា ធ្វើអោយខ្ញុំភ័យខ្លាចបាត់បង់អ្នក? តើខ្ញុំមិនធ្លាប់ប្រាប់អ្នកទេមែនទេថា ខ្ញុំចង់អោយអ្វីៗដែលពួកយើងបន់ស្រន់ក្លាយជាការពិត? តើខ្ញុំមិនធ្លាប់ប្រាប់ទេមែនទេថា ខ្ញុំចង់រស់នៅជាមួយអ្នកអស់មួយជីវិត?

នារី៖ អ្នកធ្លាប់ប្រាប់ខ្ញុំ... (ទឹកភ្នែករបស់នាងដណ្តើមគ្នាស្រក់ចុះ).. ខ្ញុំសុំទោស... ខ្ញុំចាកចេញពីអ្នកដោយសារតែខឹងពេក។

បុរស៖ (ចាប់ដៃនារី)... ខ្ញុំសុំទោស, ខ្ញុំពិតជាសុំទោសខ្លាំងណាស់ ដែលមិនបានឃាត់អ្នកនៅពេលនោះ.. ខ្ញុំពិតជាសុំទោស ដែលមិនបានទាក់ទងទៅអ្នកក្នុងរយៈពេលកន្លងមក, ខ្ញុំពិតជាសុំទោសដែលខ្ញុំនិយាយពាក្យទាំងនោះចេញមក.... ខ្ញុំស្រលាញ់អ្នកខ្លាំងណាស់...

បុរសលូកដៃយកចិញ្ចៀនពេជ្រ ដែលគេតែងតែដាក់តាមខ្លួន មកបំពាក់អោយនាង...

នារី៖ បើកភ្នែកធំៗ... !!!???​
បុរស៖ រៀបការជាមួយបងបានទេ? រយៈពេលជិត ១ឆ្នាំនេះ, បងដឹងថាបងមិនអាចរស់ដោយគ្មានអូនបានទេ, បងបានព្យាយាមរស់នៅដោយគ្មានរូបអូន។ បងគិតថាបងដូចជាមនុស្សឆ្កួតអ៊ីចឹង។ បងធ្វើខ្លួនអោយរវល់ មានតែពេលរវល់ទេ ដែលធ្វើអោយបងអាចដកឃ្លាមិននឹកដល់អូន។ បងមិនចង់បាត់បង់រូបអូនម្តងទៀតបានទេ។ រៀបការនឹងបងបានទេ? ធ្វើជាមនុស្សស្រីតែម្នាក់របស់បងជារៀងរហូតបានទេ?

នារី៖ ទឹកភ្នែកហូរមិនអាចបញ្ឈប់បាននោះទេ។ នាងញញឹម ហើយជូតទឹកភ្នែករបស់នាង។ រួចនិយាយថា «អូនយល់ព្រម!!!» អូនក៏មិនអាចបំភ្លេចបងបានដែរ៕

អរគុណសំរាប់ការអានអត្ថបទខ្លី ហើយក៏ជូនពរដល់អ្នកដែលស្រលាញ់គ្នាជួបតែរឿងល្អៗក្នុងជីវិត ហើយអាចរស់នៅជាមួយដល់ចាស់កោងខ្នង៕

Loading...