RoseMag.Net | រឿងខ្លី៖ អារម្មណ៍ខុសឆ្គងមួយពេល | Blog

រឿងខ្លី៖ អារម្មណ៍ខុសឆ្គងមួយពេល

បញ្ចូល: October 26, 2016 ប្រភេទ: រឿងនិទាន

នៅល្ងាចថ្ងៃមួយ, បុរសម្នាក់ត្រលប់ពីធ្វើការវិញនៅពេលយប់ ប្រពន្ធរបស់គាត់កំពុងរៀបចំម្ហូបអាហារ យ៉ាងត្រៀបត្រាដាក់លើតុដូចសព្វមួយដង។ ខណៈពេលនោះគាត់មានអារម្មណ៍ថាយ៉ាងណាមិនដឹង ពេលដែលឃើញប្រពន្ធរបស់គាត់ កំពុងរៀបចំអាហារជូនគាត់បែបនេះ។ គាត់ដើរទៅជិតប្រពន្ធរបស់គាត់ ហើយកាន់ដៃនាង បន្ទាប់មកគាត់ប្រាប់ប្រពន្ធរបស់គាត់ថា គាត់មានរឿងសំខាន់មួយចង់ប្រាប់នាង។ នាងអង្គុយចុះ ហើយញុំាអាហារយឺតៗយ៉ាងស្ងៀមស្ងាត់។ គាត់សង្កេតឃើញថា កែវភ្នែករបស់នាងពោរពេញ ទៅដោយក្តីឈឺចាប់។ ភ្លាមនោះគាត់មិនដឹងថាគួរហាមាត់និយាយបែបណាទៅកាន់នាងទេ។ ប៉ុន្តែគាត់ត្រូវតែប្រាប់នាងអោយដឹងថា គាត់ចង់លែងលះជាមួយនាង។ គាត់លើកប្រធានបទនេះនិយាយមួយៗ ដោយអារម្មណ៍ស្ងប់។

នាងហាក់ដូចជាមិនមានអ្វីភ្ញាក់ផ្អើលនូវអ្វី ដែលគាត់បានប្រាប់នោះទេ, ជំនួសវិញដោយការសួរយ៉ាងទន់ភ្លន់ថា, «ហេតុអ្វី?» គាត់ព្យាយាមគេចវេសពីសំណួររបស់នាង។​ នេះធ្វើអោយនាងខឹងជាខ្លាំង។ នាងក្រវែងចង្កឹះចោល ហើយស្រែកដាក់គាត់ថា, «បងមិនមែនជាមនុស្សប្រុសនោះទេ»។ យប់នោះ, ពួកគេទាំងពីរមិននិយាយរកគ្នាទេ។ នាងយំជាខ្លាំង ហើយគាត់ក៏បានដឹងថា, នាងពិតជាចង់ដឹងថាមានអ្វីកើតឡើង ចំពោះអាពាហ៍ពិពាហ៍មួយនេះខ្លាំងណាស់។ ប៉ុន្តែគាត់ពិតជាមិនអាចប្រាប់នាងទេថា, បេះដូងរបស់គាត់ត្រូវបានមនុស្សស្រីម្នាក់ទៀតឆក់បាត់ហើយ។ គាត់ឈប់ស្រលាញ់នាងទៀតហើយ, គាត់គ្រាន់តែអាណិតនាងតែប៉ុណ្ណោះ!

ជាមួយនឹងអារម្មណ៍ដ៏ខុសឆ្គងមួយនេះ, គាត់បានធ្វើកិច្ចព្រមព្រៀងលែងលះ ដែលបានបញ្ជាក់ថានាងគឺជាម្ចាស់កម្មសិទ្ធនៃផ្ទះដែលកំពុងរស់នៅ, ឡាន និង ភាគហ៊ុន ៣០% នៃក្រុមហ៊ុនរបស់គាត់។ នាងបានឃើញវាហើយ នាងក៏បានហែកវាចោល។ គាត់ពិតជាមិននឹកស្មានថា មនុស្សស្រីដែលចំណាយពេលវេលាជាង ១០ ឆ្នាំរបស់នាង រស់នៅជាមួយគាត់បានប្រែក្លាយជាអ្នកដទៃ។ គាត់មានអារម្មណ៍ថាស្តោកស្តាយណាស់ ដែលនាងចំណាយពេលវេលា, ធនធាន និង កំលាំងរបស់នាង​ ប៉ុន្តែគាត់មិនអាចផ្តល់អោយនាងត្រលប់វិញ។ គាត់ពិតជាស្រលាញ់មិត្តស្រីថ្មីរបស់គាត់ខ្លាំងណាស់។ ទីបំផុតនាងបានយំយ៉ាងខ្លាំងនៅចំពោះមុខគាត់, វាជារឿងដែលធ្វើអោយគាត់ពិបាកទទួលបំផុត។ ចំពោះគាត់ការយំរបស់នាងគឺគ្រាន់តែជា ការរំសាយអារម្មណ៍តែប៉ុណ្ណោះ។ គំនិតនៃការចង់លែងលះដែលកំពុងដឹកមុខគាត់ ជាច្រើនសប្តាហ៍ហើយនោះ ហាក់ដូចជារឹងមាំ និងច្បាស់លាស់ខ្លាំងណាស់។

ថ្ងៃបន្ទាប់, គាត់ត្រលប់មកផ្ទះវិញយឺតជាងរាល់ដង, គាត់ប្រទះឃើញថាប្រពន្ធគាត់ អង្គុយសរសេរអ្វីម្យ៉ាងនៅលើតុ។ គាត់មិនបានញុំាអាហារពេលល្ងាចទេ ហើយគាត់ក៏ចូលគេងលក់យ៉ាងលឿន ព្រោះតែគាត់អស់កំលាំងពេញមួយថ្ងៃ នៅជាមួយស្រីថ្មីរបស់គាត់។ ពេលដែលគាត់ដឹងខ្លួនឡើង, គាត់នៅតែឃើញប្រពន្ធរបស់គាត់សរសេរនៅលើតុទៀត។ គាត់មិនចាប់អារម្មណ៍នោះទេ ហើយគាត់ក៏ទំលាក់ខ្លួនគេងបន្តទៀត។

ព្រឹកឡើងនាងប្រាប់ពីលក្ខខណ្ឌនៃការលែងលះរបស់នាង។ នាងមិនចង់បានអ្វីពីគាត់នោះទេ, ប៉ុន្តែសុំពេលមួយខែមុននឹងលែងលះគ្នា។ នាងស្នើរសុំថាមួយខែនេះ, ពួកគេទាំងពីរព្យាយាមរស់នៅជាមួយគ្នាដូចធម្មតា។ ហេតុផលរបស់នាងគឺមកពីកូនប្រុសរបស់ពួកគេ មានការប្រលងនៅក្នុងខែនេះ។ នាងមិនចង់អោយការលែងលះគ្នារវាងនាង និង ស្វាមី ធ្វើអោយរំខានដល់កូននោះទេ។

ហេតុផលនេះធ្វើអោយគាត់ពេញចិត្ត។ ប៉ុន្តែនាងនៅមានអ្វីបន្ថែមទៀត, នាងស្នើរសុំអោយគាត់រំលឹកនូវអនុស្សាវរីយ៍ ក្នុងថ្ងៃដែលពួកគេរៀបការនោះ គឺបីនាងចូលទៅក្នុងបន្ទប់។ នាងស្នើរសុំគាត់អោយបីនាងជារៀងរាល់ថ្ងៃរយៈពេលមួយខែ។ គាត់គិតថានាងប្រហែលជាឆ្កួតហើយ។ ដើម្បីអោយថ្ងៃចុងក្រោយរបស់ពួកគេប្រកបដោយរលូន គាត់ក៏យល់ព្រមតាមការស្នើរសុំរបស់នាង។

គាត់បានរៀបរាប់ប្រាប់នូវលក្ខខណ្ឌរបស់ប្រពន្ធគាត់ ទៅមិត្តស្រីថ្មីរបស់គាត់។ មិត្តស្រីរបស់គាត់សើចខ្លាំងៗ ហើយនាងគិតថាវាដូចមិនទំនងសោះ។ នាងនិយាយទាំងសេចក្តីប្រមាថមើលងាយថា, «មិនថានាងប្រើល្បិចអ្វីនោះទេ, នាងត្រូវតែប្រឈមមុខនឹងការលែងលះ»។

គាត់ និងភរិយារបស់គាត់មិនដែល ប៉ះពាល់រាងកាយគ្នាទេ ចាប់តាំងពីគាត់មានបំណងជាក់លាក់ ចង់លែងលះប្រពន្ធរបស់គាត់មក។ ដូច្នេះថ្ងៃទីមួយដែលគាត់បីប្រពន្ធរបស់គាត់ចេញក្រៅ, ពួកគេទាំងពីរដូចជាមានការឆ្គាំឆ្គង។ កូនប្រុសរបស់ពួកគេទះដៃពេលដែលឃើញបែបនេះ, រួចហើយគេនិយាយថា, «ប៉ាៗបីម៉ាក់ៗ»។ ពាក្យសំដីនេះពិតជាធ្វើអោយគាត់ មានអារម្មណ៍ឈឺចាប់ខ្លាំងណាស់។ នាងបិទភ្នែក ហើយនិយាយយ៉ាងមួយៗថា, «កុំប្រាប់កូនពួកយើង អំពីការលែងលះគ្នាណា»។ គាត់ងក់ក្បាល ហើយគាត់មានអារម្មណ៍ថាដូចជាក្រៀមក្រំបន្តិចដែរ។ គាត់បានដាក់នាងចុះនៅខាងក្រៅផ្ទះ។ នាងទៅអង្គុយរង់ចាំរថយន្តក្រុង ដើម្បីធ្វើដំណើរទៅធ្វើការ។ ចំណែកគាត់ជិះទៅធ្វើការតែម្នាក់ឯង។

ថ្ងៃទីពីរ, ពួកគេទាំងពីរសម្តែងដូចជាសមជាងថ្ងៃទី១។ គាត់ដឹងថា គាត់មិនដែលចាប់ភ្លឹកមើលស្ត្រីម្នាក់នេះ អស់រយៈពេលជាយូរណាស់មកហើយ។ គាត់ទើបចាប់អារម្មណ៍ថា នាងមិនមែនក្មេងទៀតទេ។ មានស្នាមជ្រួញជាច្រើននៅលើមុខរបស់នាង, សក់របស់នាងប្រែជាស្កូវ។ អាពាហ៍ពិពាហ៍របស់ពួកគេបានជះឥទ្ធិពលដល់នាង។ គាត់ឆ្ងល់នូវអ្វីដែលគាត់បានធ្វើចំពោះនាង។

ថ្ងៃទីបួន, ពេលដែលគាត់លើកនាងបី, គាត់មានអារម្មណ៍ថាភាពស្និទ្ធស្នាល បានវិលត្រលប់មកវិញហើយ។ ស្ត្រីម្នាក់នេះបានផ្តល់ពេលវេលាជាង ១០ឆ្នាំរបស់នាងអោយមកគាត់។

នៅថ្ងៃបន្ទាប់ៗ, គាត់មានអារម្មណ៍ថា ភាពស្និទ្ធស្នាលរបស់គាត់ ដូចជារស់ឡើងវិញ។ គាត់មិនបានប្រាប់រឿងនេះទៅមិត្តស្រីថ្មីរបស់គាត់នោះទេ។ គាត់មានអារម្មណ៍ថាការបីរបស់គាត់ ហាក់ដូចជាងាយស្រួលជាងមុន។ នេះប្រហែលជាគាត់បានហាក់កីឡា រៀងរាល់ថ្ងៃទើបធ្វើអោយគាត់រឹងមាំ។

ព្រឹកមួយ, នាងបានរើសសំលៀកបំពាក់ជាច្រើនកំប្ល៉េដើម្បីស្លៀកទៅធ្វើការ ប៉ុន្តែវាគ្មានមួយណាដែលត្រូវនឹងនាងទាល់តែសោះ។ បន្ទាប់មកនាងដកដង្ហើម ហើយនិយាយថា, «សម្លៀកបំពាក់របស់ខ្ញុំ ដូចជារីកធំអស់»។ ភ្លាមៗនោះគាត់ចាប់ភ្លឹកថា នាងហាក់ដូចជាស្គមជាងមុន, ដែលនេះជាហេតុផលដែលធ្វើអោយគាត់ បីនាងយ៉ាងងាយស្រួល។ រំពេចនោះដូចមានអ្វីវាយគាត់មួយដំបងអ៊ីចឹង។ នាងបានបៀបទុក្ខនូវការឈឺចាប់ និង ភាពជូរចត់ជាច្រើននៅក្នុងបេះដូងរបស់នាង។ គាត់បានដើរទៅជិតនាង ហើយប៉ះក្បាលនាង។

ពេលនោះកូនប្រុសរបស់ពួកគេក៏បានមកដល់ ហើយនិយាយថា, «ប៉ាៗ, ដល់ពេលដែលត្រូវបីម៉ាក់ៗចេញទៅក្រៅហើយ»។
ចំពោះកូនប្រុសរបស់គាត់, ការដែលបានឃើញឪពុកបីម្តាយចេញពីមកក្រៅ បានក្លាយជាចំណែកមួយដ៏សំខាន់នៃជីវិតរបស់គេ។

ប្រពន្ធរបស់គាត់បក់ដៃកូនប្រុសអោយចូលជិត ហើយអោបគេយ៉ាងណែន។ គាត់ព្យាយាមបែរមុខចេញ ព្រោះគាត់ខ្លាចថាគាត់នឹងប្រែចិត្តពេលដែលឃើញបែបនេះ។​ បន្ទាប់មកគាត់ក៏ចាប់ប្រពន្ធរបស់គាត់បីយ៉ាងស្និទ្ធស្នាល ហើយប្រពន្ធរបស់គាត់ដាក់ដៃអោបករបស់គាត់។ វាប្រៀបដូចជាថ្ងៃដំបូងដែលគាត់បានបីនាងក្នុងថ្ងៃរៀបការយ៉ាងដូច្នេះដែរ។

ទំងន់របស់នាងស្រាលជាងមុន ធ្វើអោយគាត់មានអារម្មណ៍ថាពិបាកចិត្តណាស់។

ថ្ងៃចុងក្រោយ, ពេលដែលគាត់បីនាង, គាត់ស្ទើរតែមិនអាចបោះជំហានទៅមុខបាន។ ថ្ងៃនោះកូនប្រុសរបស់គាត់បានទៅ សាលារៀនបាត់ហើយ, គាត់បីប្រពន្ធរបស់គាត់យ៉ាងណែន ហើយនិយាយថា, «បងមិនដែលកំណត់សំគាល់ទេថា ជីវិតរបស់ពួកយើងខ្វះភាពស្និទ្ធស្នាល»។

ថ្ងៃនោះដែរ គាត់បើកឡានទៅធ្វើការដូចសព្វដង ប៉ុន្តែគាត់ឆ្លៀតបើកចូលផ្ទះរបស់មិត្តស្រីថ្មីគាត់។ ពេលទៅដល់, គាត់រត់ចេញពីឡានយ៉ាងលឿន ដោយមិនបានពន្លត់ម៉ាស៊ីននោះទេ ទ្វារឡានក៏មិនបានបិទដែរ។ គាត់ខ្លាចថាគាត់ពន្យារពេល ដែលធ្វើអោយគាត់កែប្រែចិត្តជាថ្មី។ គាត់ឡើងកាំជណ្តើរយ៉ាងលឿន។ ស្របពេលនោះមិត្តស្រីថ្មីរបស់គាត់ ក៏បើកទ្វារចេញមកក្រៅ ហើយគាត់ក៏បាននិយាយទៅកាន់នាងថា, «សុំទោស, ខ្ញុំមិនអាចលែងប្រពន្ធរបស់ខ្ញុំបានទេ»។

នាងក្រឡែកមើលមុខគាត់ទាំងងឿយឆ្ងល់, ហើយនាងយកដៃប៉ះថ្ងាសរបស់គាត់។ នាងសួរទៅកាន់គាត់ថា, «តើបងក្តៅខ្លួនមែនទេ?» គាត់យកដៃរបស់នាងចេញពីក្បាលរបស់គាត់។ ហើយនិយាយទៅកាន់នាងថា, «ខ្ញុំទោស, ខ្ញុំមិនលែងលះទេ។ ជីវិតអាពាហ៍ពិពាហ៍របស់ខ្ញុំ បានប្រែក្លាយជាការធុញទ្រាន់ នេះក៏ដោយសារតែប្រពន្ធខ្ញុំ និង ខ្ញុំមិនអាចតំលៃលម្អិតនៃជីវិតរបស់យើង, មិនមែនដោយសារតែពួកយើងមិនស្រលាញ់គ្នាទេ។ ឥឡូវខ្ញុំបានដឹងហើយ ចាប់តាំងពីខ្ញុំបានបីនាងចូលទៅក្នុងផ្ទះរបស់ពួកយើង នៅថ្ងៃដែលពួកយើងរៀបការ។ ខ្ញុំសង្ឃឹមថាខ្ញុំនឹងកាន់ដៃនាងរហូតដល់ថ្ងៃ ដែលពួកយើងស្លាប់រៀងខ្លួន»។

មិត្តស្រីថ្មីរបស់គាត់ភ្ញាក់ដឹងខ្លួន។ នាងទះគាត់មួយកំផ្លៀងយ៉ាងចាស់ដៃ បន្ទាប់មកនាងបិទទ្វារយ៉ាងខ្លាំង ហើយទឹកភ្នែករបស់នាងក៏បានផ្ទុះឡើង។ គាត់ចុះកាំជណ្តើរ ហើយបើកឡានចេញទៅ។ ពេលដែលគាត់ជិះកាត់មុខហាងផ្កា, គាត់ក៏ឈប់ចុះដើម្បីកុម្ម៉ង់ផ្កាអោយប្រពន្ធរបស់គាត់។ អ្នកលក់បានសួរគាត់ថាតើគាត់ចង់សរសេរអ្វីនៅលើកាត់ទេ។ គាត់ញញឹម ហើយសរសេរថា, «បងនឹងបីអូនចេញក្រៅបន្ទប់ជារៀងរាល់ព្រឹក រហូតដល់ថ្ងៃស្លាប់»។

នៅល្ងាចថ្ងៃដដែល, គាត់ត្រលប់មកដល់ផ្ទះដោយមានផ្កានៅក្នុងដៃ។ គាត់ញញឹមយ៉ាងស្រស់, គាត់រត់ឡើងកាំជណ្តើរយ៉ាងលឿនដើម្បីរកប្រពន្ធរបស់គាត់។ ភ្លាមនោះគាត់ធ្លាក់ផ្កាពីក្នុងដៃ ហើយឈរត្រឹង។ ទឹកមុខញញឹមប្រែក្លាយជាខ្មៅស្រអាប់ លែងមានរសជាតិ។ អ្វីដែលគាត់បានឃើញនោះគឺប្រពន្ធរបស់គាត់ដេកនៅលើគ្រែ។ នាងបានស្លាប់ហើយ។ ទឹកភ្នែក និង អារម្មណ៍ដ៏សែនឈឺចាប់បានលេចរូបរាងឡើង។ គាត់នឹកឃើញសំបុត្រមួយដែលប្រពន្ធរបស់គាត់ បានសរសេរកាលពីយប់មួយនោះ។ គាត់ស្ទុះទៅរកមើល ហើយក៏បានបើកវាអាន។

ប្រពន្ធរបស់គាត់បានប្រយុទ្ធប្រឆាំងនឹង ជំងឺមហារីកដ៏កាច់សាហាវរយៈពេលមួយខែនេះ ហើយគាត់រវល់តែរីករាយជាមួយស្រីថ្មី ដោយមិនដែលកំណត់សំគាល់ទាល់តែសោះ។ នាងដឹងថានាងនឹងស្លាប់ឆាប់ៗនេះ ប៉ុន្តែនាងចង់ជួយគាត់ពីប្រតិកម្មអវិជ្ជមានរបស់កូនប្រុសគាត់, ក្នុងករណីលែងលះគ្នា។ ហោចណាស់នៅក្នុងកែវភ្នែកកូនរបស់គាត់, គាត់ជាប្តីដ៏ល្អម្នាក់ដែលស្រលាញ់ប្រពន្ធ រហូតដល់វិនាទីចុងក្រោយ។

ពេលខ្លះដើមហេតុនៃការលែងលះគ្នា រឺមានស្រីក្រៅអាចបណ្តាលមកពី​ ចំណុចខ្វះខាតនៃភាពស្និទ្ធស្នាល រឺកង្វះនៃការយល់ចិត្តគ្នា។ ប្តីប្រពន្ធខ្លះមិនបានដោះស្រាយអោយបានជ្រះស្រលះ ប៉ុន្តែចងជាគំនុំនៅក្នុងចិត្ត។ សុភមង្គលមួយអាចកើតមានឡើង មិនមែនស្ថិតនៅលើវីឡា, ឡាន រឺលុយនៅក្នុងធនាគារដ៏ច្រើនមហាសាលនោះទេ ប៉ុន្តែជាការអង្គុយចុះនិយាយគ្នា ស្វែងរកចំណុចខុស និង ព្យាយាមកែសំរួលទាំងសងខាង។ កុំមើលងាយរឿងតូចតាចនៃជីវិត ពេលខ្លះរឿងតូចតាចទាំងនោះ អាចជាមូលហេតុនៃការលែងលះគ្នា។ ស្វែងរកចំណុចខុសនៃសាច់រឿងថាតើវាមកពីអ្វី ទើបធ្វើអោយជីវិតអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ ដើរដល់ផ្លូវបំបែក។ ចូរចាត់ទុកប្តីប្រពន្ធរបស់អ្នកជាមិត្តភក្តិ ដែលអាចនិយាយគ្នាបាន។ ធ្វើរឿងតូចតាចចំពោះគ្នាទៅវិញទៅមក ដើម្បីកសាងភាពស្និទ្ធស្នាល៕

ចង់ស្វែងរកការងារសូមចុចទីនេះ www.chr-asia.com

សំរួលនិងចុះផ្សាយដោយ / ដកស្រង់ពី: bektleay.com

សូមបញ្ចេញមតិយោបល់របស់លោកអ្នកនៅខាងក្រោម! សូមអរគុណសម្រាប់ការគាំទ្រ!