រឿងខ្លី៖ បេះដូងមិនទាន់បំពេញ (គ្រប់គ្នាគួរអាន ហើយត្រូវចេះរក្សាផង)

មានបុរសម្នាក់បានសុំមិត្តស្រីរបស់គេរៀបការ៖
នារី៖​ ប្រាប់អូនបានទេ... តើអ្នកណាដែលបង ស្រលាញ់ជាងគេនៅក្នុងលោកនេះ?
បុរស៖ ពិតណាស់គឺជាអូន!
នារី៖ តើអូនជាអ្វីសំរាប់បង?
បុរស៖ (គិតមួយសន្ទុះ) បុរសសំលឹងកែវភ្នែកនារីហើយនិយាយថា «អូនជាផ្នែកមួយដែលបេះដូងខ្វះមិនបាន»។

នាងញញឹម, ហើយក៏យល់ព្រមរៀបការជាមួយបុរស។

បន្ទាប់ពីរៀបការរួច, គូស្វាមីភរិយាមានភាពផ្អែមល្ហែម និង មានជីវិតដ៏រីករាយមួយរយៈពេល។
ទោះបីជាយ៉ាងណា, ប្តីប្រពន្ធវ័យក្មេងបានចាប់ផ្តើមឃ្លាតឆ្ងាយពីគ្នា ដោយសារតែការមមាញឹកនៃជីវិត និងការព្រួយបារម្ភមិនចេះចប់នៃបញ្ហាប្រចាំថ្ងៃ, ជីវិតរបស់ពួកគេក៏បានប្រែក្លាយជាការលំបាក។

បញ្ហាដែលត្រូវប្រឈមទាំងអស់ ដែលបង្កឡើងដោយតថភាពនៃជីវិត បានចាប់ផ្តើមធ្វើអោយក្តីសុបិន្ត និងសេចក្តីស្រលាញ់របស់ពួកគេត្រូវឃ្លាតឆ្ងាយពីគ្នា។ គូស្វាមីភរិយាចាប់ផ្តើមមានជម្លោះកាន់តែច្រើន ហើយរាល់ជម្លោះរបស់ពួកគេម្តងៗក៏បានចាប់ផ្តើម ធ្វើអោយទំនាក់ទំនងរបស់ពួកគេកាន់តែអាក្រក់ទៅៗ។

ថ្ងៃមួយ, បន្ទាប់ពីឈ្លោះគ្នា, នារីជាប្រពន្ធបានរត់ចេញពីផ្ទះ។
នៅត្រើយម្ខាងនៃផ្លូវ, នាងបានស្រែកយ៉ាងខ្លាំងថា, «បងមិនដែលស្រលាញ់អូនទេ....!!!»

បុរសជាប្តីសែនស្អប់នូវទង្វើរដូចក្មេងរបស់នាង ហើយក៏និយាយចេញទាំងខឹងមកថា,
«ប្រហែលហើយ, វាជាកំហុសដែលពួកយើងនៅជាមួយគ្នា...!!!» ប្តីបន្តទៀតថា,​«អូនមិនមែនជាផ្នែកមួយបេះដូងបងខ្វះនោះទេ!!!»

ភ្លាមនោះ, នាងងាកមកយ៉ាងលឿន ហើយបានឈរនៅទីនោះមួយសន្ទុះ, នាងពិតជាមានអារម្មណ៍ស្តាយនូវអ្វីដែល ប្តីរបស់នាងបាននិយាយខ្លាំងណាស់ ប៉ុន្តែពាក្យសំដីដែលនិយាយចេញហើយ ពិតជាមិនអាចស្រោចស្រង់វិញបានទេ។

ជាមួយទឹកភ្នែកស្រក់ចុះ, នាងក៏ត្រលប់ទៅផ្ទះវិញ ដើម្បីប្រមូលរបស់របររបស់នាង មុននឹងចេញពីផ្ទះនាងបានទុក កូនសំបុត្រមួយអោយប្តីរបស់នាង, «បើអូនមិនមែនជាចំណែកមួយដែលបងខ្វះទេ, អ៊ីចឹងទុកអោយអូនទៅរកអ្នកខ្វះចុះ.... វិធីមួយនេះមិនសូវឈឺចាប់ខ្លាំង... ទុកអោយពួកយើងទៅតាមផ្លូវរៀងៗខ្លួន ហើយស្វែងរកដៃគូដែលសក្តិសមសំរាប់ខ្លួនឯងចុះ!!»

៥ ឆ្នាំកន្លងផុតទៅ...

បុរសមិនដែលរៀបការម្តងទៀតឡើយ ប៉ុន្តែគាត់បានព្យាយាមស្វែករក ការរស់នៅរបស់នាងដោយប្រយោល។ នាងបានចាក់ចេញទៅក្រៅប្រទេស​ ហើយរស់នៅជាមួយនឹងក្តីសុបិន្តរបស់នាង។

គាត់ធ្លាប់មានអារម្មណ៍ថាស្តាយនូវអ្វីដែលគាត់បានធ្វើ ប៉ុន្តែគាត់មិនដែលចង់បាននាងត្រលប់មកវិញទេ។ នៅយប់ថ្ងៃមួយ ជាយប់ដ៏ឯកកោរបំផុត, គាត់អុជបារីរបស់គាត់ ហើយមានអារម្មណ៍ថាឈឺសៀបៗ នៅក្នុងបេះដូងរបស់គាត់ (អារម្មណ៍អ្នកបែកបាក់ស្នេហា)។ គាត់មិនទទួលស្គាល់ថា វាបណ្តាលមកពីការបាត់បង់របស់នាងនោះទេ។

ថ្ងៃមួយ, ពួកគេជួបគ្នាដោយចៃដន្យនៅឯព្រលានយន្តហោះ។ គាត់បានធ្វើដំណើរទៅធ្វើមុខជំនួញ។ គាត់បានឃើញនាង, នាងឈរនៅទីនោះតែម្នាក់ឯង នៅត្រើយម្ខាងនៃផ្លូវ។

នាងញញឹមដាក់គាត់យ៉ាងស្រទន់។
បុរស៖ តើអូនសុខសប្បាយជាទេ?
នារី៖ អូនធម្មតាទេ, ចុះបងវិញ? តើបងរកឃើញចំណែកដែលបេះដូងខ្វះរឺនៅ?
បុរស៖ នៅទេ។
នារី៖ អូននឹងហោះទៅ New York នៅជើងហោះហើរបន្ទាប់នេះ។
បុរស៖ ២ សប្តាហ៍ទៀតបងនឹងត្រលប់មកវិញ។ ទូរស័ព្ទរកបងពេលដែលអូនត្រលប់មកវិញ។ អូនស្គាល់លេខបងហើយ, លេខបងមិនផ្លាស់ប្តូរទេ។

ជាមួយនឹងស្នាមញញឹម,​ នាងបែកក្រោយ ហើយលើកដៃជាសញ្ញាថាលាហើយ។

នៅល្ងាចថ្ងៃដដែលនោះ គាត់បានលឺដំណឹងថាយន្តហោះ ដែលហោះទៅទីក្រុងញូវយ៉ក់បានធ្លាក់។ គាត់ព្យាយាមចង់ដឹងអំពីនាង ហើយគាត់ក៏រកឃើញថានាងបានស្លាប់។

នាពាក់កណ្តាលយប់... គាត់អុជភ្លើងបារីរបស់គាត់... គាត់មានអារម្មណ៍ដូចមុនអ៊ីចឹង, គាត់មានអារម្មណ៍ឈឺត្រង់បេះដូងរបស់គាត់។ ទីបំផុតគាត់ដឹងថានាងគឺជាចំណែកដែលគាត់ខ្វះ ហើយគាត់ប្រហែសធ្វើអោយបែកខ្ទេចខ្ទី...!!!

«ពេលខ្លះមនុស្សយើងនិយាយនូវពាក្យសំដី ដែលមិនគួរនិយាយនៅពេលយើងខឹង។ យើងបានធ្វើអោយមនុស្ស ដែលយើងស្រលាញ់ខកចិត្តនូវពាក្យសំដី ដែលយើងបាននិយាយទាំងកំហឹង។ មានមនុស្សជាច្រើន ដែលកំពុងស្តាយក្រោយនូវអ្វី ដែលខ្លួនបានធ្វើ និងនិយាយទាំងមិនបានគិត។ ពេលខ្លះបេះដូង និងមាត់ដើរមិនស្របគ្នានោះទេ។ មាត់ប្រឹងប្រែកែកថាមិនមែន ប៉ុន្តែបេះដូងកំពុងទាមទារ។ ប្រសិនបើអ្នករកឃើងថា នាង/គាត់ ជាចំណែកមួយដែលអ្នកខ្វះនោះ ចូរស្វះស្វែងរកភ្លាមៗ។ ចៀសវាងការស្តាយក្រោយ»៕