សុបិន​មួយ​ចំនួន ដែល​អាច​បញ្ជាក់​ពី​ការ​ពិត!!!

   តាម​ធម្មតា​មនុស្ស​យើង​តែង​តែ​សុបិន​ពេល​លង់​លក់​ក្នុង​ដំណេក។ សុបិន​បាន​ធ្វើ​អោយ​មនុស្ស​មាន​ជំនឿ និង​យល់​ន័យ​ផ្សេងៗ​ទៅ​តាម​ការ​យល់​ឃើញ​របស់​គេ។ វា​ជា​របស់​អាថ៌​កំបាំង​ដែល​មនុស្ស​ស្រាយ​មិន​ចេញ​តាំង​​តែ​ពីសម័យ​ដំបូង​ៗ​នៃ​ការ​ចាប់​កំណើត​របស់​ក្រុម​មនុស្ស​មក​ម្ល៉េះ។

   តាម​ការ​ស្រាវ​ជ្រាវ​គេ​បាន​បង្ហាញ​ថា មិន​ត្រឹម​តែ​មនុស្ស​ទេ​ដែល​សុបិន សូម្បី​តែ​សត្វ​ប្រភេទ​ខ្លះ​ក៏​មាន​ការ​ដេក​សុបិន​ដូច​គ្នា​នឹង​មនុស្ស​យើង​នេះ​ដែរ។

   អ្នក​ចិត្ដ​សាស្ដ្រ​បាន​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ និង​បញ្ជាក់​អត្ថន័យ​ពី​ការ​សុបិន​ខ្លះ​ៗ​របស់​មនុស្ស​យើង​ដែល​មាន​ដូច​ខាងក្រោមនេះ ៖

-សុបិន​ថា​មាន​កូន ៖ បញ្ជាក់​ន័យ​ថា បើ​អ្នក​មាន​គ្រួសារ​ហើយ​ខ្លួន​អ្នក​ចង់​មាន​កូន​នឹង​គេ​ដែរ ប៉ុន្ដែ​បើ​អ្នក​នៅ​លីវ​នៅ​ឡើយ គឺ​វា​បញ្ជាក់​ន័យ​ថា អ្នក​កំពុង​ត្រូវ​ការ​ស្នេហា​ជា​គ្រួសារ​ ចង់​មាន​ប្ដី​មាន​ប្រពន្ធ និង​ចង់​មាន​កូន​ផង។
   អ្នក​សាក​ល្បង​គិត​ក្នុង​ចិត្ដ​ខ្លួន​ឯង​មើល៍ មាន​ស្រមើ​ស្រមៃ​ចង់​បាន​អ្វី​ខ្លះ? អ្នក​មាន​ដេក​ស្រមៃ​ចង់​បាន​វា​មក​ឱប​ក្រសោប​ទេ? ទាំង​អស់​នេះ​ហើយ​ទើប​ជំរុញ​អោយ​អ្នក​សុបិន​ឃើញ​ដូច្នេះ។

-សុបិន​ឃើញ​ឃ្មុំ ៖ បញ្ជាក់​ន័យ​ថា មាន​សញ្ញា​ដាស់​តឿន​គ្រោះ​ភ័យ​អាសន្ន​បង្កប់​នៅ​ក្នុង​ខ្លួន។ បើ​សុបិន​ថា​ត្រូវ​ឃ្មុំ​ទិច បញ្ជាក់​ន័យ​ថា អ្នក​កំពុង​មាន​បញ្ហា​ចោម​រោម​ស្ទើរ​គ្រប់​ទិស​ទី ក្នុង​ពេល​នេះ​អ្នក​គួរ​រក​វិធី​ទប់​ទល់​ ឬការ​ពារ​ទុក​ជា​មុន​បាន​ហើយ។

-សុបិន​ឃើញ​រថយន្ដ ៖ បញ្ជាក់​ន័យ​ថា អ្នក​កំពុង​ស្វះ​ស្វែង​រក​ភាព​ជឿន​លឿន​ក្នុង​ជីវិត ប៉ុន្ដែ​បើ​សុបិន​ឃើញ​ថា​យាន​ជំនិះ​របស់​អ្នក​ត្រូវ​ចោរ​លួច បញ្ជាក់​ន័យ​ថា អ្នក​កំពុង​មាន​អារម្មណ៍​ត្រូវ​គេ​បោក​ប្រាស់​ ឬដើរ​ខ្សែ​លើ​ខ្លួន ដោយ​នរណា​ម្នាក់​តែ​មិន​ទាន់​ដឹង​ជាក់​លាក់​នៅ​ឡើយ។

-សុបិន​ឃើញ​សង្សារ​ចាស់ ៖ បញ្ជាក់​ន័យ​ថា អ្នក​អាច​មាន​អ្វី​នៅ​សេស​សល់​ជំពាក់​វាក់​វិន​ខាង​ផ្លូវ​ចិត្ដ​ទៅ​លើ​ខ្លួន​គេ​ខ្លះ​នៅ​ឡើយ។ ស្ដ្រី​ ឬបុរស​នោះ​ធ្លាប់​មាន​ភាព​ផ្អែម​ល្ហែម​ជាមួយមិន​ទាន់​ដាច់​អាល័យ​អស់​នៅ​ឡើយ​ដែរ។

-សុបិន​ឃើញ​ផ្កា ៖ បញ្ជាក់​ន័យ​ថា បើ​សិន​ផ្កា​ក្នុង​សុបិន​របស់​អ្នក​ជា​ផ្កា​ស្រស់​ បញ្ជាក់​ន័យ​ថា អ្នក​កំពុង​មាន​សេចក្ដី​សុខ​ និង​ពេញ​ចិត្ដ​ក្នុង​ជីវិត​ ប៉ុន្ដែ​បើ​សុបិន​ឃើញ​ផ្កា​រុះ​រោយ​មាន​ន័យ​ថា អ្នក​កំពុង​ជួប​ប្រទះ​ភាព​នឿយ​ណាយ​នៅ​ក្នុង​ចិត្ត។

-សុបិន​ឃើញ​កង្កែប ​៖ បញ្ជាក់​ន័យ​ថា ក្ដី​សង្ឃឹម​អ្វី​ៗ​ដែល​អ្នក​បាន​គិត​ទុក​ទាំង​ប៉ុន្មាន​នោះ អាច​មាន​កំហុស​ឆ្គង ឬកំពុង​រលំរលាយ។

-សុបិន​ធ្លាក់​ពី​ទីខ្ពស់ ៖ បញ្ជាក់​ន័យ​ថា អ្នក​កំពុង​ត្រូវ​ការ​កម្លាំង​ចិត្ដ​ដើម្បី​តស៊ូ​ជម្នះ​ពី​ដំណើរ​ជីវិត​បន្ដ​ទៅ​ទៀត​ ប៉ុន្ដែ​ពេល​ខ្លះ​ការ​សុបិន​បែប​នេះ ក៏​កំពុង​បញ្ជាក់​ន័យ​ថា អ្នក​កំពុង​ឈាន​ឡើង​ខ្ពស់​ ឬមាន​តួនាទី​ថ្មី​ក្នុង​ជីវិត​ដែរ៕
 

Loading...