រឿងខ្លី៖ ជូនពរអ្នកដែលបាន អានអត្ថបទនេះហើយ សូមអោយជួបប្រទះស្នេហាពិត!!!

ជាយូរលង់ណាស់មកហើយ មានបុរសម្នាក់ស្រលាញ់នារីម្នាក់។ ប៉ុន្តែឪពុកម្តាយខាងស្រីមិនសូវជា ពេញចិត្តចិត្តថ្លើមចំពោះបុរសប៉ុន្មានទេ ក៏ព្រោះតែគាត់ជាអ្នកក្រ។ បុរសកំសត់ព្យាយាមលន់តួសុំការអនុញ្ញាតពីឪពុកម្តាយរបស់នាង ដើម្បីអោយពួកគាត់យល់ព្រមអោយពួកគេទាំងពីរស្រលាញ់គ្នា។ ដោយសារតែមើលឃើញពីភាពអំនត់ និងសេចក្តីតស៊ូព្យាយាមរបស់បុរស ដែលខំប្រឹងអស់រយៈកាលជាច្រើនឆ្នាំកន្លងមក, ឪពយកម្តាយរបស់នាងក៏យល់ព្រមអោយពួកគេទាំងពីរស្រលាញ់គ្នា។

មិនយូរប៉ុន្មាន, បុរសក៏ត្រូវចាកចេញទៅឆ្ងាយពីនារីជាទីស្រលាញ់ ដោយសារតែគាត់ត្រូវបំពេញតួនាទីរក្នុងការការពារទឹកដី ព្រោះគាត់ជាទាហ៊ាន។ បុរសត្រូវបានគេតំរូវអោយទៅសមរភូមិរយៈពេល ១ ឆ្នាំ។ មួយសប្តាហ៍មុនគាត់ចាក់ចេញទៅ, បុរសបានលត់ជង្គង់ ហើយសុំនាងថា, «តើអូនព្រមរៀបការជាមួយនឹងបងទេ?» នាងជូតទឹកភ្នែក ហើយនិយាយថា, «អូនយល់ព្រម»។ បុរសក៏បានបំពាក់ចិញ្ចៀនអោយនាង ជាតំណាងនៃការកិច្ចព្រមព្រៀមរបស់ពួកគេ។ ពួកគេយល់ព្រមនឹងគ្នាថា នឹងរៀបការនៅពេលដែលបុរសត្រប់មកវិញនៅឆ្នាំក្រោយ។

ប៉ុន្មានក្រោយបន្ទាប់ពីបុរសចាកចេញទៅ, នារីជាគូដណ្តឹមក៏បានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ពេលដែលនាងកំពុងជិះកង់។ នាងរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ។

ក្រោយពីសន្លប់ជាច្រើនសប្តាហ៍, នាងក៏ដឹងខ្លួនឡើងវិញ ហើយនាងបានឃើញឪពុកម្តាយរបស់នាងកំពុងបង្ហូរទឹកភ្នែក។ ភ្លាមៗនោះនាងមានអារម្មណ៍ដឹងថា ច្បាស់ជាមានអ្វីកើតឡើងចំពោះនាងជាមិនខានឡើយ។

ពេលរកឃើញថានាងរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ។ ផ្នែកខួរក្បាលមួយចំហៀងដែលគ្រប់គ្រងសាច់ដុំមុខរបស់នាងត្រូវបានខូច។ មុខមាត់ដ៏គួរអោយស្រលាញ់របស់នាង បានប្រែក្លាយទៅជាគួរខ្ពើមរអើម។ នាងយំជាខ្លាំងនៅពេលដែលនាងបានឃើញរូបរាងរបស់នាង នៅក្នុងកញ្ចក់។ នាងបាននិយាយតែម្នាក់ឯងថា, «ពីម្សិល, ខ្ញុំគឺជាមនុស្សស្រីដែលមានរូបសម្រស់ស្រស់ស្អាតណាស់។ ថ្ងៃនេះ, ខ្ញុំបានប្រែក្លាយទៅជាសត្វចម្លែក»។ រូបរាងរបស់នាងគ្រប់ដណ្តប់ទៅដោយស្លាក់ស្នាមជាច្រើន ដែលគួរអោយខ្ពើម។

នាងចាប់ផ្តើមស្អប់ខ្លួននាង ហើយនាងក៏បានសំរេចចិត្តថា នឹងផ្តាច់ពាក្យជាមួយនឹងគូស្នេហារបស់នាងហើយ។ នាងដឹងថាបុរសជាទីស្រលាញ់ច្បាស់ជាស្អប់ខ្ពើមនាង ហើយលែងស្រលាញ់នាងដូចមុនហើយ។

ក្នុងរយៈពេលមួយឆ្នាំ, ទាហ៊ានចិត្តស្មោះ បានសរសេរសំបុត្រជាច្រើនច្បាប់មកកាន់គូដណ្តឹង ប៉ុន្តែនាងមិនបានឆ្លើយតបនឹងគាត់វិញទេ។ គាត់ខំព្យាយាមទូរស័ព្ទមកនាងជាច្រើនដង ប៉ុន្តែនាងក៏មិនទទួលដែរ។

មួយឆ្នាំក្រោយមក, ម្តាយរបស់នារីកំសត់បានដើរចូលក្នុងបន្ទប់កូនស្រី ហើយប្រាប់នាងថា, «បុរសម្នាក់នោះត្រលប់មកវិញពីធ្វើសង្គ្រាមវិញហើយ»។

ពេលដែលនាងលឺហើយ នាងមានអារម្មណ៍ឈឺចាប់ជាខ្លាំង ហើយបាននិយាយប្រាប់ទៅម្តាយថា, «សូមកុំប្រាប់គាត់អំពីរឿងរបស់ខ្ញុំ។ កុំប្រាប់គាត់ថាខ្ញុំនៅទីនេះ!»

ម្តាយរបស់នាងប្រាប់នាងថា, «គាត់រៀបការហើយ, ហើយគាត់ក៏បានផ្ញើរធៀបការមកដើម្បីអញ្ជើញនាងផងដែរ»។

នាងរលីងរលោងទឹកភ្នែកពេលដែលលឺបែបនេះ ព្រោះនាងដឹងច្បាស់ថា នាងនៅតែស្រលាញ់បុរសម្នាក់នោះ។ លាយឡំជាមួយនឹងអារម្មណ៍ទុក្ខសោក នាងក៏បានបើកធៀបការមើល តែនាងបានឃើញឈ្មោះកូនក្រមុំជាឈ្មោះរបស់នាង។ នាងក៏សួរទៅកាន់ម្តាយនាងថា, «នេះជាអ្វី? ហេតុអ្វីបានជាមានឈ្មោះខ្ញុំនៅលើនេះ?»

ម្តាយនាងចង្អុលទៅកាន់មាត់ទ្វារ, ពេលដែលនាងក្រឡែកមើលក៏ប្រទះឃើញ បុរសមាឌធំមាំម្នាក់កំពុងដើរចូលមក ជាមួយនឹងបាច់ផ្កាយ៉ាងធំមួយ ដើរសំដៅមករកនាង។ បុរសម្នាក់នោះលុតជង្គង់នៅចំពោះមុខនាង ហើយសុំនាងរៀបការជាផ្លូវការ។​

ដោយក្តីអៀនខ្មាស់, នាងក៏យកដៃខ្ទប់មុខរបស់នាង ហើយនិយាយថា, «ខ្ញុំអាក្រក់ខ្លាំងណាស់!»

បុរសនិយាយទៅកាន់នាងថា, «បងបានដឹងរឿងរបស់អូនហើយ។ ម៉ាក់អូនបានផ្ញើររូបថតរបស់អូនអោយបងមើល។ ពេលដែលបងបានឃើញរូបរបស់អូនហើយ, បងបានដឹងយ៉ាងច្បាស់ថា គ្មានអ្វីប្រែប្រួលនោះទេ។ អូននៅតែជាមនុស្សដែលបងស្រលាញ់។ អូននៅតែស្រស់ស្អាតសំរាប់បង។ ព្រោះតែបងស្រលាញ់អូន»។

ជូនពរអ្នកដែលបានអានអត្ថបទនេះហើយ សូមជួបប្រទះតែរឿងល្អៗក្នុងជីវិត និងបានជួបមនុស្សដែលស្រលាញ់អ្នកពិតប្រាកដ៕