RoseMag.Net | រឿងខ្លី៖ ប្រសិនពេលវេលាត្រលប់ក្រោយវិញបាន ពួកយើងនឹងមិនបែកគ្នាទេ | Blog

រឿងខ្លី៖ ប្រសិនពេលវេលាត្រលប់ក្រោយវិញបាន ពួកយើងនឹងមិនបែកគ្នាទេ

បញ្ចូល: October 15, 2016 ប្រភេទ: ស្នេហា-គ្រួសារ

មានគូសង្សារមួយគូសំរេចចិត្តបញ្ចប់ទំនាក់ទំនងរបស់ពួកគេ។

បុរសជាសង្សារមិនទាន់អាចទទួលយកបាននៅឡើយទេ​ ប៉ុន្តែគាត់ត្រូវតែធ្វើវា....

បន្ទាប់ពីបែកគ្នាហើយ​ពួកគេនៅតែមានអារម្មណ៍ល្អជាមួយគ្នា ទើបពួកគេសំរេចចិត្តរក្សាទំនាក់ទំនងជាមិត្តភក្តិ។ ច្រើនឆ្នាំកន្លងផុតទៅទាំងលំបាក ព្រោះពួកគេនៅមានអារម្មណ៍ស្រលាញ់តែរៀងខ្លួន ប៉ុន្តែដោយសារតែកង្វះនៃភាពយល់ចិត្តគ្នា ទើបធ្វើអោយពួកគេមិនហ៊ាននឹងសារភាពប្រាប់អំពីមនោសញ្ចេតនាដែលពួកគេមានចំពោះគ្នា។ រាល់ពេលដែលពួកគេជួបគ្នា ពួកគេមានអារម្មណ៍សប្បាយរីករាយ ពួកគេនៅបារម្ភពីគ្នា។ ការពិតទៅពួកគេពិតជាចង់និយាយពាក្យថា, «ពួកយើងត្រូវគ្នាវិញបានទេ»​ ទៅកាន់គ្នាខ្លាំងណាស់។ ប៉ុន្តែពួកគេចេះតែគិតនៅក្នុងចិត្តថាប្រហែលជាមិនអាចទេ ប្រហែលជាម្ខាងៗលែងមានចិត្តស្រលាញ់គ្នាហើយ។

មិនយូរប៉ុន្មាន, បុរសក៏មានមិត្តស្រីថ្មី។ ប៉ុន្តែការពិតទៅគាត់មិនបានស្រលាញ់មិត្តស្រីថ្មីរបស់គាត់នោះទេ នាងគ្រាន់តែជាមនុស្សដែលចូលមកជំនួសភាពឯកកោររបស់គាត់តែប៉ុណ្ណោះ។ រាល់ពេលដែលគាត់បានជួបនឹងមិត្តស្រីចាស់របស់គាត់ ពេលដែលគាត់នៅជាមួយនឹងមិត្តស្រីថ្មីនោះ វាហាក់ដូចជាកាំបិតចាក់ចំបេះដូងគាត់យ៉ាងអញ្ចឹង។ គាត់មានអារម្មណ៍ថាឈឺក្នុងចិត្តខ្លាំងណាស់ ហើយគាត់ក៏ពិតជាចង់ស្ទុះទៅប្រាប់នាងថា, «អ្វីៗដែលនាងបានឃើញគឺមិនដូចជានាងគិតនោះទេ គាត់មិនបានស្រលាញ់មិត្តស្រីរបស់គាត់ឡើយ»។ ប៉ុន្តែគាត់ដឹងថាប្រសិនបើគាត់ធ្វើបែបនេះ វាហាក់ដូចជាឃោឃៅខ្លាំងពេកចំពោះមិត្តស្រីថ្មីរបស់គាត់ ព្រោះនាងពិតជាមនុស្សស្រីដែលស្លូតបូតម្នាក់ ហើយនាងពិតស្រលាញ់គាត់ខ្លាំងណាស់, នាងគ្មានកំហុសនោះទេ។ ជំនួសអោយពាក្យជាច្រើននៅក្នុងចិត្តរបស់គាត់ ដែលចង់ប្រាប់ទៅកាន់មិត្តស្រីចាស់ គាត់បានត្រឹមតែញញឹម ហើយធ្វើដូចមិនមានអ្វីកើតឡើង។

ពេលវេលាចេះតែបន្តទៅមុខមួយថ្ងៃហើយមួយថ្ងៃទៀត, ថ្ងៃមង្គលការរបស់គាត់​ជាមួយនឹងមិត្តស្រីថ្មីក៏បានមកដល់។ គាត់ក៏បានទៅអញ្ជើញមិត្តស្រីចាស់របស់គាត់
អោយមកចូលរួមពិធីមង្គលការរបស់គាត់ផងដែរ។

ថ្ងៃរៀបការមកដល់
មិត្តស្រីរបស់គាត់ក៏បានមកចូលរួមពិធីរបស់គាត់។ ពេលនោះអ្វីដែលធ្វើអោយនាងភ្ញាក់ផ្អើលបំផុតគឺបុរសម្នាក់នោះបានជ្រើសរើសពណ៌ដែលជានាងចូលចិត្តមកធ្វើជាពណ៌ក្នុងពិធីមង្គលការរបស់គាត់។ មិនតែប៉ុណ្ណោះគាត់បានជ្រើសរើសផ្កាដែលនាងចូលចិត្តមកតុបតែងលំអក្នុងពិធីផងដែរ។ ហើយនៅមានរបស់ដែលនាងចូលចិត្តជាច្រើនផ្សេងទៀត ដែលគាត់បានជ្រើសរើសយកមកប្រើប្រាស់នៅក្នុងពិធីរបស់គាត់។ ដោយមិនអស់នៅក្នុងចិត្តនាងក៏សួរទៅកាន់គាត់ថា, «តើហេតុអ្វីបានអ្នកជ្រើសរើសពណ៌ដែលខ្ញុំចូលចិត្ត មកធ្វើជាពណ៌សំរាប់តុបតែងពិធីរបស់អ្នក? ហេតុអ្វីបានជាអ្នកជ្រើសរើសផ្កាដែលខ្ញុំចូលចិត្តមកតុបតែង? ហេតុអ្វីបានអ្នកជ្រើសរើសថ្ងៃដែលពួកយើងស្រលាញ់គ្នា មកធ្វើជាថ្ងៃដែលថ្ងៃរៀបការរបស់អ្នក? ហេតុអ្វីបានជាអ្នកជ្រើសរើសបទចំរៀងដែលខ្ញុំចូលចិត្តមកចាក់នៅក្នុងពិធីរបស់អ្នក?»

បុរសស្រក់ទឹកភ្នែក ហើយនិយាយថា, «ព្រោះមានតែវិធីនេះមួយគត់ដែលអាចធ្វើអោយខ្ញុំធ្វើថាអ្នកជាកូនក្រមុំដែលខ្ញុំរៀបការជាមួយនៅថ្ងៃនេះ....» ។

គ្រប់យ៉ាងគឺហួសពេលបាត់អស់ទៅហើយ៕

ចង់ស្វែងរកការងារសូមចុចទីនេះ www.chr-asia.com

សំរួលនិងចុះផ្សាយដោយ / ដកស្រង់ពី: bektleay.com

សូមបញ្ចេញមតិយោបល់របស់លោកអ្នកនៅខាងក្រោម! សូមអរគុណសម្រាប់ការគាំទ្រ!