រឿងអប់រំខ្លី៖ ប្រសិនបើអ្នកចង់បាន ភាពជោគជ័យ និង ទ្រព្យសម្បត្តិហូរចូលផ្ទះ ចូរអានអត្ថបទនេះ

ថ្ងៃមួយមានស្ត្រីចំណាស់ម្នាក់ចេញមកខាងក្រៅផ្ទះ ហើយបានឃើញបុរសចាស់ៗបីនាក់អង្គុយនៅពីផ្ទះរបស់គាត់។ គាត់មិនស្គាល់ថាពួកគេជានរណាទេ។

ស្ត្រីចំណាស់និយាយទៅកាន់បុរសចាស់ទាំង ៣ ថា, «ខ្ញុំគិតថាខ្ញុំមិនស្គាល់អ្នកទេ ប៉ុន្តែអ្នកមើលទៅទំនងជាឃ្លានហើយ។ សូមអញ្ចើញចូលមកក្នុងផ្ទះរបស់ខ្ញុំ ហើយហូបអីបន្តិចទៅ»។

«តើស្វាមីរបស់អ្នកនៅផ្ទះទេ?» បុរសចាស់ទាំង ៣ សួរទៅកាន់ស្ត្រីចំណាស់។

«ទេ,» គាត់ឆ្លើយតបនឹងបុរសចាស់ «គាត់ចេញទៅក្រៅបាត់ហើយ»។

«អ៊ីចឹង, ពួកយើងមិនអាចចូលទៅក្នុងផ្ទះរបស់អ្នកបានទេ» បុរសចាស់បានឆ្លើយប្រាប់ស្ត្រីនោះ។

នៅពេលល្ងាចពេលដែលស្វាមីរបស់គាត់មកផ្ទះវិញ, គាត់ក៏បានប្រាប់រឿងនេះទៅកាន់ប្តីរបស់គាត់។

«ទៅប្រាប់ពួកគេទៅថាពេលនេះបងមកផ្ទះវិញហើយ ហើយអញ្ជើញអោយពួកគេចូលក្នុងមក»។

ស្ត្រីនោះក៏បានចេញទៅក្រៅ ហើយអញ្ជើញបុរសទាំង ៣ ចូលក្នុងផ្ទះ។

«ពួកយើងមិនអាចទៅទាំងអស់គ្នាបានទេ» ពួកគេនិយាយទៅកាន់ស្ត្រី។

«ហេតុអ្វីទៅ?» ស្ត្រីសួរទៅកាន់បុរសទាំង ៣។

បុរសម្នាក់នៅក្នុងចំណោមនោះបានពន្យល់ប្រាប់ស្ត្រីថា,​ «ឈ្មោះរបស់គាត់គឺ ទ្រព្យសម្បត្តិ, គាត់និយាយដោយដៃចង្អុលទៅកាន់មិត្តភក្តិម្នាក់ចំណោមនោះ, ហើយម្នាក់នេះវិញ (ចង្អុលទៅកាន់មិត្តម្នាក់ទៀត) ឈ្មោះរបស់គាត់គឺ ជោគជ័យ, ចំណែកឯខ្ញុំឈ្មោះ ថាក្តីស្រលាញ់»។

បន្ទាប់មកគាត់ក៏បាននិយាយបន្តទៅកាន់ស្ត្រីថា, «ឥឡូវនេះចូលទៅក្នុងផ្ទះ ហើយពិភាក្សាជាមួយស្វាមីរបស់អ្នក ថាតើមួយណាដែលអ្នកចង់អោយចូលទៅក្នុងផ្ទះរបស់អ្នក»។

ស្ត្រីក៏បានដើរចូលទៅក្នុងផ្ទះ ហើយប្រាប់ប្តីរបស់គាត់។ ប្តីរបស់គាត់រីករាយឥតឧបមា។

«ល្អអ្វីម្លេះ!!» បុរសជាប្តីលាន់មាត់។ «អ៊ីចឹង, ទៅអញ្ចើញទ្រព្យសម្បត្តិអោយចូលមក។​ អោយគាត់បំពេញនូវទ្រព្យសម្បត្តិអោយពេញផ្ទះរបស់យើង»។

ប្រពន្ធរបស់គាត់បដិសេធ។ «ទេ, លោកប្តី! យើងគួរតែអញ្ជើញ ជោគជ័យមកវិញ?»

កូនស្រីរបស់គាត់បានស្តាប់លឺពីជ្រុងម្ខាងនៃផ្ទះ។ នាងក៏បានដើរចូលមកជាមួយនឹងការផ្តល់យោបល់របស់នាងថា, «ហេតុអ្វីបានជាយើងមិនអញ្ចើញក្តីស្រលាញ់អោយចូលវិញ? ផ្ទះរបស់យើងនឹងពោរពេញទៅដោយក្តីស្រលាញ់!»

«ធ្វើតាមកូនស្រីទៅចុះ» បុរសជាប្តីនិយាយទៅកាន់ប្រពន្ធរបស់គាត់។

«ទៅក្រៅអញ្ជើញក្តីស្រលាញ់អោយចូលក្នុងផ្ទះរបស់យើងមក»។

ស្ត្រីនោះក៏ចេញទៅក្រៅ ហើយអញ្ជើញបុរសដែលមានឈ្មោះថា ក្តីស្រលាញ់អោយចូលទៅក្នុងផ្ទះរបស់ពួកគេ។

ក្តីស្រលាញ់ ក្រោកឈ ហើយដើរទៅក្នុងផ្ទះ។ បុរសពីរនាក់ផ្សេងទៀតក៏បានដើរទៅតាមក្តីស្រលាញ់។

ស្ត្រីមានការភ្ញាក់ផ្អើលជាខ្លាំង ហើយក៏បានសួរទៅកាន់ទ្រព្យសម្បត្តិ និង ជោគជ័យថា,​ «ខ្ញុំអញ្ជើញតែក្តីស្រលាញ់ទេ, ប៉ុន្តែហេតុអ្វីបានជាពួកនាក់ចូលមកដែរ?»

បុរសចាស់បានឆ្លើយព្រមគ្នាថា, «ប្រសិនបើអ្នកអញ្ជើញទ្រព្យសម្បត្តិ រឺក៏ជោគជ័យតែម្នាក់នោះ, នោះពួកយើងពីរនាក់មិនអាចចូលទៅបានទេ ប៉ុន្តែនេះដោយសារតែអ្នកអញ្ជើញក្តីស្រលាញ់, អ៊ីចឹងមិនថាគាត់ទៅដល់ទីណានោះទេ​ ពួកយើងក៏នឹងតាមទៅជាមួយគាត់ដែរ។

មានក្តីស្រលាញ់ គឺមានទ្រព្យសម្បត្តិ និងភាពជោគជ័យ៕

Loading...