រឿងអប់រំចិត្ត៖ ការព្យាយាមរបស់កង្កែប

មានហ្វូងកង្កែបមួយក្រុមបានដើរឆ្លងកាត់ព្រៃមួយ, ស្រាប់តែមានកង្កែបពីរបានធ្លាក់ចូលទៅក្នុងរណ្តៅមួយយ៉ាងជ្រៅ។ កង្កែបដទៃទៀតក៏បានប្រមូលគ្នាទៅជិតរណ្តៅនោះ។ ពេលដែលពួកគេបានឃើញពីជំរៅរបស់រណ្តៅនោះហើយ ពួកគេក៏បានប្រាប់ទៅកង្កែបទាំងពីរនោះថា «ពួកឯងមុខជាស្លាប់ហើយ ព្រោះរណ្តៅនេះជ្រៅខ្លាំងណាស់។ ពួកឯងមិនអាចលោតឡើងមកលើវិញបានទេ ហើយពួកយើងក៏មិនអាចជួយពួកឯងបានដែរ»។

កង្កែបទាំងពីររិះរកវិធីដេើម្បីឡើងទៅលើវិញ។ ពួកគេទាំងពីរមិនអើពើនឹងសំលេងស្រែកប្រាប់របស់ ហ្វូងកង្កែបដែលនៅខាងលើទេ, ពួកគេចេះតែព្យាយាមលោតចេញពីរណ្តៅទាំងត្រដាបត្រដួស។ ហ្វូងកង្កែបនៅតែបន្តប្រាប់អោយ កង្កែបទាំងពីរបោះបង់ការព្យាយាមចោល ហើយអោយពួកគេរង់ចាំសេចក្តីស្លាប់ទៅ។

ទីបំផុត, កង្កែបមួយក្នុងចំណោមនោះក៏បានធ្វើតាមសំដីរបស់ហ្វូងកង្កែបដែលនៅខាងលើ ដោយបោះបង់ការព្យាយាម ហើយកង្កែបនោះក៏បានធ្លាក់ស្លាប់បាត់ទៅ។ ដោយឡែកនៅកង្កែបមួយទៀតចេះតែបន្តការព្យាយាមរបស់គេទាំងលំបាក។ ហើយហ្វូងកង្កែបនៅតែបន្តស្រែកប្រាប់ថា «ឈប់ទៅ!ឈប់ទៅ! បញ្ឈប់ការព្យាយាមលោតឡើងមកលើទៅ ព្រោះឯងមិនអាចធ្វើបានទេ។ ឯងអាចត្រឹមតែធ្វើអោយឈឺខ្លួនតែប៉ុណ្ណោះ, ឯងរង់ចាំសេចក្តីស្លាប់វិញទៅប្រសើរជាង»។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ, កង្កែបនោះនៅតែមិនអើពើនឹងសំដីរបស់ហ្វូងកង្កែបដែលស្រែកប្រាប់នោះ ហើយទីបំផុតកង្កែបនោះក៏អាចធ្វើបាន។ ពេលដែលកង្កែបនោះលោតឡើងមកដល់ខាងលើ ហ្វូងកង្កែបក៏បានសួរទៅកាន់កង្កែបនោះថា, «តើអ្នកមានលឺពួកយើងទេ?» កង្កែបកំសត់នោះក៏បានពន្យល់ប្រាប់ហ្វូងកង្កែបថា ខ្លួនថ្លង់ស្តាប់មិនលឺនោះទេ ហើយគិតថាហ្វូងកង្កែបទាំងនោះលើកទឹកចិត្តអោយប្រឹងអស់ពីសមត្ថភាពដើម្បីលោតចេញពីរណ្តៅ។

អត្ថន័យអប់រំ៖ ពេលខ្លះយើងមិនគួរអើពីនឹងសំដីរបស់អ្នកដទៃពេកទេ ព្រោះថាពាក្យសំដីគេអាចធ្វើអោយយើងឡើង រឺធ្លាក់ចុះបាន។ ដើម្បីសំរេចគោលដៅមួយគឺមានតែការខំប្រឹងប្រែងតែប៉ុណ្ណោះ, ដែលមានន័យថា «ព្យាយាមគង់បានសំរេច»៕

Loading...