រឿងអប់រំខ្លី៖ ប្រពន្ធខ្ញុំនៅផ្ទះ គ្មានការងារធ្វើទេ

ថ្ងៃមួយមានបុរសពីរនាក់និយាយគ្នាពីរឿងប្រពន្ធរបស់ពួកគេ។

បុរសទី ១ សួរទៅបុរសទី ២ថា ៖
បុរសទី ១៖ តើប្រពន្ធរបស់អ្នកធ្វើការងារអ្វីដែរ?
បុរសទី ២៖ ប្រពន្ធខ្ញុំគ្មានការងារធ្វើទេ។ នាងគ្រាន់តែជាស្ត្រីមេផ្ទះតែប៉ុណ្ណោះ។
បុរសទី ១៖ ចុះតើអ្នកណាជាអ្នកចំអិនអាហារពេលព្រឹកសំរាប់គ្រួសាររបស់អ្នក?
បុរសទី ២៖ ប្រពន្ធរបស់ខ្ញុំ ព្រោះនាងនៅផ្ទះមិនមានការងារធ្វើ។
បុរសទី ១៖ តើប្រពន្ធរបស់លោកភ្ញាក់ពីគេងម៉ោងប៉ុន្មានដើម្បីចំអិនអាហារពេលព្រឹក?
បុរសទី ២៖ នាងភ្ញាក់ពីគេងប្រហែលជាម៉ោង ៥ ព្រឹក ព្រោះនាងត្រូវសំអាតផ្ទះមុនពេលដែលនាងធ្វើអាហារព្រឹក។
បុរសទី ១៖ តើអ្នកណាជាអ្នកជូនកូនទៅរៀន?
បុរសទី ២៖ ប្រពន្ធរបស់ខ្ញុំជាអ្នកជូនពួកគេទៅសាលារៀន ព្រោះនាងមិនមានការងារធ្វើទេ។
បុរសទី ១៖ បន្ទាប់ពីជូនកូនទៅរៀនហើយ, តើនាងធ្វើអ្វីបន្តទៀត?
បុរសទី ២៖ នាងទៅផ្សារទិញម្ហូប, បន្ទាប់មកត្រលប់មកផ្ទះវិញ ដើម្បីចំអិនអាហារថ្ងៃត្រង់​ និងធ្វើការបោកគក់សំលៀកបំពាក់។ នេះក៏ព្រោះតែនាងគ្មានការងារធ្វើ។
បុរសទី ១៖ រៀងរាល់ល្ងាច, បន្ទាប់ពីអ្នកត្រលប់មកពីធ្វើការវិញ តើអ្នកធ្វើអ្វីដែរ?
បុរសទី ២៖ ខ្ញុំសំរាល ព្រោះតែខ្ញុំនឿយហត់នឹងការងាររបស់ខ្ញុំពេញមួយថ្ងៃ។
បុរសទី ១៖ តើអ៊ីចឹងប្រពន្ធរបស់អ្នកធ្វើអ្វីដែរ?
បុរសទី ២៖ នាងរៀបចំចំអអិនម្ហូបអាហារ, បញ្ចុកបាយកូនៗ, រៀបចំអាហារអោយខ្ញុំ ហើយលាងសំអាតចាន និង សំអាតផ្ទះ និងនាំកូនចូលគេង។
បុរសទី ១៖ ចុះតើអ្នកគិតថា តើអ្នកណាដែលធ្វើការងារច្រើនជាងគេ រវាងអ្នក និងប្រពន្ធរបស់អ្នក?
ទំលាប់នៃការធ្វើការងារផ្ទះប្រចាំថ្ងៃរបស់ប្រពន្ធរបស់អ្នក គឺចាប់ផ្តើមធ្វើការងារតាំងពីព្រលឹមរហូតទល់ព្រលប់។ តើនេះរឺដែលអ្នកនិយាយថា «នាងគ្មានការងារធ្វើ?»

ក្នុងនាមជាស្ត្រីមេផ្ទះគឺមិនត្រូវការសញ្ញាប័ត្រខ្ពស់ រឺតំណែងខ្ពស់នោះទេ ប៉ុន្តែគ្រប់ស្ត្រីមេផ្ទះគឺជាតួអង្គដ៏សំខាន់បំផុត ដែលមិនអាចខ្វះបាន។

សារទៅកាន់គ្រប់បុរសៗ៖ សូមផ្តល់តំលៃអោយប្រពន្ធរបស់អ្នក ព្រោះការលះបង់របស់នាងគឺមិនអាចរាប់បាន។ ស្ត្រីមេផ្ទះគឺជាតួអង្គមួយដ៏សំខាន់ដែលមិនអាចអត់បាន។ អ្នកអាចមើលរំលងនាងដោយសារតែនាងរវល់ជាមួយការកិច្ចការផ្ទះ ក៏ដូចជាការចិញ្ចឹមមើលថែរក្សាកូនរបស់អ្នក ហើយនឹងអ្នក ទើបធ្វើអោយសម្រស់របស់នាងមិនអាចប្រៀបបានជាមួយនឹងស្រីនៅខាងក្រៅ។ ដោយសារតែនាងនឿយហត់ទើបនាងធ្វើមុខក្រង៉ូវ។ ដោយសារតែអ្នក និងកូនៗរបស់អ្នកទើបធ្វើអោយនាងខកខានមិនបានតែងខ្លួន។ នាងមិនចង់បានអ្វី ក្រៅតែក្តីស្រលាញ់ដ៏ស្មោះត្រង់មួយ មិនមានអ្នកទី៣ និងការយល់ចិត្តរបស់អ្នកតែប៉ុណ្ណោះ។ ដូចនេះសូមកុំយកនាងទៅប្រៀបធៀបជាមួយនឹងមនុស្សស្រីនៅខាងក្រៅ។ ប្រពន្ធរបស់អ្នកពិតជាមនុស្សស្រីដ៏អស្ចារ្យបំផុត៕

Loading...