RoseMag.Net | រឿងអប់រំចិត្ត៖ ស្លាបព្រាដងវែង | Blog

រឿងអប់រំចិត្ត៖ ស្លាបព្រាដងវែង

ថ្ងៃមួយមានបុរសម្នាក់បាននិយាយទៅកាន់ព្រះថា «ឳ, ព្រះជាម្ចាស់! ខ្ញុំពិតជាចង់ដឹងខ្លាំងណាស់ថា តើឋានសួគ៌ និង ឋាននរកមានរូបរាងដូចម្តេចទៅ»។

ព្រះអង្គក៏បានបង្ហាញផ្លូវពីរទៅកាន់បុរសនោះ។ នៅក្នុងទ្វារទី ១ មានបន្ទប់នៅចំកណ្តាលដែលមានតុមូលធំមួយ ដែលមានឆ្នាំងសម្លមួយយ៉ាងធំនៅលើតុ។ ក្លិនរបស់វាឈ្ងុយគួរអោយចង់ទទួលទានខ្លាំងណាស់ ហើយវាបានធ្វើអោយបុរសស្រក់ទឹកមាត់, ប៉ុន្តែមានមនុស្សជាច្រើនអង្គុយនៅជុំវិញនោះ សុទ្ធតែស្គម ហើយស្លេកស្លាំងទំនងជាមនុស្សឈឺ។ ពួកគេទំនងជាឃ្លានខ្លាំងណាស់។ ពួកគេកាន់ស្លាបព្រាដែលមានដងយ៉ាងវែង ដែលអាចដួសសម្លនៅក្នុងឆ្នាំងធំនោះបាន ប៉ុន្តែដោយសារតែវែកសម្លវែងជាងដៃរបស់ពួកគេ ទើបពួកគេមិនអាចយកស្លាបព្រាដាក់ចូលមាត់បាន។

បុរសភ័យញាប់ញ័រនៅពេលដែលឃើញពីសេចក្តីទុក្ខវេទនា និង ការទទួលរងទារុណកម្មរបស់ពួកគេ។ ព្រះក៏និយាយទៅបុរសថា​ «អ្នកបានឃើញឋាននរកហើយ»។



បន្ទាប់មកព្រះក៏បង្ហាញទ្វារទី ២ ដែលនៅពីក្រោយនោះ, មានបន្ទប់មួយទៀតដែលស្រដៀងគ្នានឹងទ្វារទី ១ ដែរ។ វាមានតុមូលមួយយ៉ាងធំ ដែលមានឆ្នាំងសម្លមួយយ៉ាងធំដូចគ្នា។​ ក្លិនឈ្ងុយរបស់សម្លបានធ្វើអោយបុរសស្រក់ទឹកមាត់។ មានមនុស្សជាច្រើនអង្គុយនៅជុំវិញតុ ដែលគ្រប់គ្នាមានកាន់ស្លាបព្រាដែលមានដងវែង ប៉ុន្តែពួកគេមើលទៅទំនងជាសាច់មានឈាម និងធាត់ទ្រលុកទ្រលុន។ ពួកគេនិយាយគ្នាលេង និងសើចយ៉ាងសប្បាយរីករាយ។


នៅពេលដែលបុរសបានឃើញដូចនេះហើយ បុរសក៏បាននិយាយទៅកាន់ព្រះទាំងងឿយឆ្ងល់ថា «ទូលបង្គំ ហាក់ដូចជាមិនយល់ទាល់តែសោះថាហេតុអ្វីបានពួកគេខុសគ្នាបែបនេះ។»

កាលបើបានស្តាប់លឺបុរសនិយាយបែបនេះហើយ ព្រះអង្គក៏ញញឹមហើយនិយាយទៅកាន់បុរសថា​ «វាជារឿងដ៏សាមញ្ញាមួយនោះទេ។ ក្តីស្រលាញ់គឺជាជំនាញមួយគត់ដែលត្រូវការជាចាំបាច់។ មនុស្សពួកនេះរៀនចេះអំពីការចែករំលែក ហើយពួកគេផ្គត់ផ្គង់ទៅវិញទៅមក ដែលមានន័យថាពួកគេចេះចែករំលែក និងបញ្ចុកគ្នាទៅវិញទៅមក ទោះបីជាស្លាបព្រាដងវែង ដែលមិនអាចបញ្ចុកមាត់ខ្លួនឯងបានក៏ដោយ។ ចំណែកឯពួកមនុស្សដែលអត់ឃ្លានទាំងនោះគឺជាពួកមនុស្សដែលលោភលន់ ហើយគិតថាមានតែខ្លួនឯង។ ពួកគេមិនចេះចែករំលែកគ្នា ពួកគេចង់បានតែម្នាក់ឯង ទើបជាហេតុធ្វើអោយពួកគេស្រេកឃ្លាន មិនអាចបញ្ចុកខ្លួនឯងបាន»៕

iTsumoជាតាក់ស៊ី ដែល ថ្លៃជិះថោកជាងគេបំផុត