RoseMag.Net | ដាក់​ចិត្ត​ស្រឡាញ់​បុរស​ម្នាក់ មិន​ត្រូវ​សម្លឹង​មើល​ទ្រព្យ​សម្បត្តិ​តែ​ម្យ៉ាង​នោះ​ទេ!!! | Blog

ដាក់​ចិត្ត​ស្រឡាញ់​បុរស​ម្នាក់ មិន​ត្រូវ​សម្លឹង​មើល​ទ្រព្យ​សម្បត្តិ​តែ​ម្យ៉ាង​នោះ​ទេ!!!

បញ្ចូល: August 27, 2016 ប្រភេទ: ស្នេហា-គ្រួសារ

   ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ គឺ​ជា​បំណង​ប្រាថ្នា​របស់​មនុស្ស​ជា​ច្រើន ដោយ​សារ​តែ​របស់​គ្រប់​យ៉ាង រួម​ទាំង​ភាព​ថ្លៃ​ថ្នូរ ឧដ្ដុង្គ​ឧត្ដម សុទ្ធ​តែ​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​ប្រាក់​កាស និង​ទ្រព្យ​សម្បត្តិ។ រហូត​ដល់​មាន​អ្នក​ខ្លះ​លើក​ឡើង​ថា "មាន​លុយ អាច​យក​ទៅ​ជួល​ខ្មោច​ឲ្យ​កិន​ម្សៅ​បាន"

   ថ្វី​ត្បិត​តែ​បែប​នេះ​ក្ដី តែ​បើ​អ្នក​ស្វែង​យល់​វា​ឲ្យ​កាន់​តែ​ច្បាស់​ជាង​នេះ​បន្តិច នឹង​ឃើញ​ថា លុយ​ពិត​ជា​គ្មាន​ឥទ្ធិពល​ខ្លាំង​ដល់​ម្លឹង​ទេ។ លុយ មិន​អាច​ទិញ​សេចក្ដី​សុខ និង​សុភមង្គល​បាន​ឡើយ។
   បែរ​ងាក​មក​ក្នុង​រឿង​ស្នេហា​វិញ ក៏​យ៉ាង​នោះ​ដែរ។ នារី​មួយ​ចំនួន បាន​យល់​ថា ទ្រព្យ​សម្បត្តិ​គឺ​ជា​រឿង​សំខាន់។ ទ្រព្យ​សម្បត្តិ​មាស​ប្រាក់ អាច​នាំ​ខ្លួន​គេ​ឲ្យ​មាន​សេចក្ដី​សុខ និង​សុភមង្គល​បាន។ ទី​បំផុត​នារីម្នាក់​ អាច​នឹង​សម្រេច​ចិត្ត​រៀប​ការ ដោយ​សារ​សម្លឹង​ឃើញ​ទ្រព្យ​សម្បត្តិ​របស់​បុរស​ម្នាក់។

   ថ្ងៃ​នេះ យើង​នឹង​ណែនាំ​អ្នក​ទាំង​អស់​គ្នា​ មិន​ត្រូវ​សន្លឹង​មើល​តែ​លើ​ទ្រព្យ​សម្បត្តិ​របស់​គេ​តែ​ម្យ៉ាង​នោះ​ទេ គឺ​ត្រូវ​មើល​ទៅ​លើ​ចំណុច​មួយ​ចំនួន​ទៀត ដូចខាង​ក្រោម​នេះ ៖

១. ភាព​ឆ្លាត​វៃ​របស់​បុរស​ម្នាក់ ៖
   ទ្រព្យ​សម្បត្តិ​អាច​នឹង​រលាយ​បាត់ ក្នុង​រយៈ​ពេល​ដ៏​ខ្លី តែ​ចំណេះ​ដឹង និង​ភាព​ឆ្លាត​វៃ អាច​ចិញ្ចឹម​អ្នក​ឲ្យ​រស់​នៅ​បាន​សុខ​ស្រួល​អស់​មួយ​ជីវិត។ នារី​ទាំង​ឡាយ គួរ​សម្លឹង​មើល​ថា បុរស​ដែល​ជា​គូរ​អនាគត​របស់​នាង មាន​ភាព​ឆ្លាត​វៃ ក្នុង​ការ​ប្រកប​របរ​រក​ស៊ី​ផ្សេងៗ​ដែរ ឬ​ទេ? គេ​ខ្ជិល ឬ​ក៏​ឧស្សាហ៍?

២. ចិត្ត​ស្មោះ ៖
   នារី​មួយ​ចំនួន​តែង​ប្រើ​សម្ដី​ក្រអើត​ក្រទម​ថា "ចិត្ត​ស្មោះ​ មិន​អាច​បរិភោគ​បាន" ហើយ​សុខ​ចិត្ត​ដើរ​ចោល​បុរស​ដែល​មាន​ចិត្ត​ស្មោះ តែ​គ្មាន​ទ្រព្យ​សម្បត្តិ។ នេះ​ជា​ទង្វើ​មួយ​មិន​គប្បី​ឡើយ។ ចិត្ត​ស្មោះ​របស់​បុរស​ម្នាក់ អាច​ធ្វើ​ឲ្យ​អ្នក មាន​សេចក្ដី​សុខ​ជា​រៀង​រហូត ជា​ពិសេស​មិន​ងាយ​រង​គ្រោះ​ផ្នែក​ផ្លូវ​ចិត្ត។

៣. មុខ​រ​បរ​ពិត​ប្រាកដ ៖
   បុរស​អ្នក​មាន​មួយ​ចំនួន​អាច​មាន​តែ​ទ្រព្យ​សម្បត្តិ ដែល​ឪពុក​ម្ដាយ​បន្សល់​ទុក​ឲ្យ។ ពេល​ដែល​ទ្រព្យ​សម្បត្តិ​នោះ ត្រូវ​ចំណាយ និង​ចាយ​វាយ​អស់​ទៅ អ្នក​នឹង​ត្រូវ​វេទនា​អស់​មួយ​ជីវិត។ យើង​ណែនាំ​អ្នក ឲ្យ​ជ្រើសរើស​បុរស​ដែល​មាន​ មុខ​របរ​អាច​ចិញ្ចឹម​ជីវិត​បាន។

៤. ចំណេះ​ដឹង និង​ឥរិយាបថ​ល្អ​ក្នុង​ការ​រស់​នៅ ៖
   មនុស្ស​មួយ​ចំនួន មាន​ទ្រព្យ​សម្បត្តិ មាសប្រាក់ និង​សញ្ញា​បត្រ​ថ្នាក់​ខ្ពស់ តែ​ការ​រស់​នៅ ចាញ់​តែ​មនុស្ស​ដែល​​មិន​បាន​ចូល​សាលា មិន​បាន​សិក្សា​រៀន​សូត្រ​ផង។ យើង​ចង់​ឲ្យ​អ្នក​ស្វែង​រក​បុរស​ណា ដែល​មាន​ឥរិយា​មាយាទ និង​ការ​រស់​នៅល្អ​ប្រសើរ ចេះ​ប្រើ​ពាក្យ​សម្ដី​សមរម្យ ឧស្សាហ៍​ព្យាយាម ចេះ​ទប់​កំហឹង មិន​បង្ក​ជម្លោះ​ផ្ដេសផ្ដាស ។ល។ មិន​មែន​សម្លឹង​រក​តែ​អ្នក​រៀន​ថ្នាក់​ខ្ពស់ សម្លឹង​តែ​ទ្រព្យ​សម្បត្តិ​គេ​ឡើយ។

៥. ចេះគោរព​ស្រឡាញ់​អ្នក​នៅ​ក្បែរ​ខ្លួន ៖
   បុរស​ល្អ ត្រូវ​មាន​ទាំង​ការ​គោរព​ចាស់​ព្រឹទ្ធាចារ្យ ការ​គោរព​ចំពោះ​អ្នក​មាន​អាយុ​ច្រើន​ជាង...។ មិន​តែ​ប៉ុណ្ណោះ គេ​ជា​មនុស្ស​ដែល​អ្នក​ដទៃ​រាប់​អាន ច្រើន​ផង​ដែរ។ ទាំង​នេះ​ហើយ ជា​សញ្ញា​មួយ​បង្ហាញ​ថា យើង​គួរ​តែ​អាច​រួម​រស់​នៅ​ជា​មួយ​គេ​បាន​ហើយ៕ 

ចង់ស្វែងរកការងារសូមចុចទីនេះ www.chr-asia.com

សំរួលនិងចុះផ្សាយដោយ / ដកស្រង់ពី: bektleay.com

សូមបញ្ចេញមតិយោបល់របស់លោកអ្នកនៅខាងក្រោម! សូមអរគុណសម្រាប់ការគាំទ្រ!