រឿងខ្លី៖ ដើមផ្លែប៉ោមចំណាស់

មានដើមផ្លែប៉ោមចំណាស់មួយដើម វាចាស់ពេកណាស់ទៅហើយ ដូច្នេះវាលែងផ្តល់ផ្លែផ្កាអោយ ម្ចាស់ចំការជាយូរណាស់មកហើយ។ វាអាចត្រឹមតែផ្តល់ជាជំរកដល់សត្វដូចជាចាប កណ្តូប និងកុក និងធ្វើជាម្លប់ដល់ម្ចាស់ចំការតែប៉ុណ្ណោះ។

ថ្ងៃមួយ,​ បុរសម្ចាស់ចំការក៏បានសំរេចចិត្តថានឹងកាប់ដើមនោះចោល ព្រោះគាត់គិតថាវាលែងមានប្រយោជន៍អ្វីទាំងអស់ទៅហើយ។ លើសពីនេះ, គាត់ចង់យកដើមនោះទៅធ្វើជាគ្រឿងសង្ហារឹមផ្សេងៗ ព្រោះថាដើមនេះវានៅរឹងមាំល្អណាស់។

គិតរួចគាត់ក៏បានយកពូថៅដ៏មុតមួយមកកាប់នៅត្រង់គល់របស់ដើមឈើនោះ។ នៅពេលដែលលឺសំលេងកាប់ដើមឈើ ធ្វើអោយផ្អើលអស់សត្វដែលរស់នៅលើដើមឈើនោះ។ ពួកគេក៏បានចេញពីក្នុងសំបុក ហើយរត់មកសុំអង្វរកដល់បុរសជាម្ចាស់ចំការដើម្បីបញ្ឈប់ការកាប់របស់គាត់ ដោយពួកគេបាននិយាយទៅកាន់បុរសថា «សូមលោកឈប់កាប់ដើមប៉ោមដ៏ចំណាស់នេះទៀតទៅ ពួកយើងខ្ញុំសុំអង្វរលោក។ ទុកជីវិតដើមឈើនេះផង។ វាគឺជាផ្ទះរបស់ពួកយើង»។

ប៉ុន្តែបុរសម្ចាស់ចំការមិនទទួលការអង្វរករបស់សត្វទាំងនោះឡើយ បុរសនៅតែបន្តការកាប់របស់គាត់ដដែល។ «ពួកយើងសុំសន្យាថានឹងច្រៀងជូនលោកស្តាប់រាល់ពេលរសៀល នៅពេលដែលលោកធ្វើការហត់នឿយ។ វានឹងអាចសម្រាលកិច្ចការរបស់អ្នកបាន» ពួកសត្វទាំងនេះនៅតែខំប្រឹងអង្វរម្ចាស់ចំការ។

ប៉ុន្តែសម្រែកអង្វរកហែរហមជាមួយការយំយែករបស់ពួកគេគឺគ្មានប្រយោជន៍នោះទេ។ បុរសម្ចាស់ចំការនៅតែបន្តដោយ ការផ្តោតអារម្មណ៍របស់គាត់ទៅលើការកាប់ដើមឈើ ហើយមិនរវល់នឹងពាក្យអង្វរកទេ។

គាត់ប្រញាប់ប្រញាល់ដើម្បីអោយឆាប់ហើយនៅរសៀលនេះ។ នៅពេលដែលគាត់កាប់មួយពូថៅទៀត, ស្រាប់តែគាត់ប្រទះភ្នែកនឹងប្រហោងមួយ ដែលនៅក្នុងនោះមានសំបុកឃ្មុំយ៉ាងធំ។ គាត់ខិតទៅជិតប្រហោងនោះ គាត់លាន់មាត់ថា «យីសុទ្ធតែទឹកឃ្មុំ» មិនអង្អង់យូរគាត់ក៏បានលូកដៃយកទឹកឃ្មុំមកភ្លក្ស «ឆ្ងាញ់មែន» គាត់ភ្ញាក់ផ្អើលនឹងរសជាតិទឹកឃ្មុំ។

រំពេចនោះបុរសក៏ភ្ញាក់ខ្លួន ហើយការគិតរបស់គាត់ដែលថាដើមឈើនេះ លែងមានប្រយោជន៍នោះបានប្រែផ្ទុយទាំងស្រុង។ នៅក្នុងប្រហោងនោះគឺជាកន្លែងដ៏ល្អបំផុតសម្រាប់សត្វឃ្មុំ។ ហើយប្រសិនបើគាត់យកទឹកឃ្មុំចេញឥលូវនេះ, សត្វឃ្មុំនឹងធ្វើវាកាន់តែច្រើន។ ពួកវាពិតជាមិនបោះបង់ចោលសំបុករបស់វាទេ។

គិតហើយបុរសម្ចាស់ចំការក៏បានស្រែកប្រាប់ទៅពួកសត្វដែលរស់នៅខាងលើថា « អ្នកទាំងអស់គ្នាអើយ! ខ្ញុំនឹងទុកជីវិតដើមឈើនេះបន្តទៀត។ អ្នកអាចរស់នៅដោយមានក្តីសុខជាមួយនឹងគ្នារបស់អ្នកចុះណា»។

សត្វចាប​ និងសត្វផ្សេងៗទៀតដែលកំពុងយំស្រែកនោះ ក៏បានធូរចិត្តឡើងវិញ។ សត្វកុកក៏បានពោលទាំងក្តីរីករាយថា «ប្រសើរណាស់ដែលម្ចាស់ចំការបាន រកឃើញនូវប្រយោជន៍នៃដើមឈើនេះ។ ចាប់ពីពេលនេះតទៅយើងអាចរស់នៅដោយសុខសាន្តហើយ ពួកយើងមិនខ្លាចអត់ជំរកទៀតទេ»៕