ជ្រើសរើស​ភរិយា មិន​ត្រូវ​សម្លឹង​មើល​សម្រស់​តែ​មួយ​មុខ​នោះ​ទេ!!!

Loading...

   សម្រស់​ជា​សម្បត្តិ​ខាង​ក្រៅ​មួយ ដែល​មិន​មែន​មនុស្ស​ទាំង​អស់​សុទ្ធ​តែ​ទទួល​បាន​វា​មក​ពី​កំណើត​គ្រប់ៗ​គ្នា​នោះ​ទេ។ មាន​មនុស្ស​ច្រើន​ណាស់ ដែល​មិន​បាន​ពេញ​ចិត្ត​ទៅ​នឹង​រូប​រាង​កាយ​របស់​ខ្លួន។ អ្នក​ខ្លះ​ទៀត ក៏​ពេញ​ចិត្ត​នូវ​អ្វី​ដែល​ខ្លួន​មាន។ សម្រស់​ដ៏​ផូរផង់, សាច់​ម៉ដ្ឋ​រលោង, កម្ពស់​សម​នឹង​ដង​ខ្លួន...។ នេះ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ទាក់​ទាញ​ចិត្ត​បុរស​ទាំង​ឡាយ។

   តើ​អ្នក​ត្រូវ​តែ​ជ្រើសរើស​នារី​ដែល​មាន​រូប​រាង​ស្អាត​មក​ធ្វើ​ជា​ភរិយា​មែន​ទេ?
   បុរស​ជា​ច្រើន​បាន​ស្រឡាញ់​ពេញ​ចិត្ត​ចំពោះ​នារី​ទាំង​ឡាយ​ដែល​មាន​រូប​សម្បត្តិ​ស្អាត។ ទន្ទឹម​នឹង​ភាព​ស្អាត​នេះ អ្នក​ទាំង​អស់​គ្នា​គួរ​តែ​សង្កេត​ទៅ​លើ​ចំណុច​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ ទើប​មិន​ធ្វើ​ឲ្យ​​ខក​ចិត្ត។

១. ចំណេះ​ដឹង ឬការ​អប់រំ ៖ នៅ​ពេល​មនុស្ស​មាន​ចំណេះ​ដឹង និង​ការ​អប់​រំ នោះ​សកម្មភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ក៏​មាន​លក្ខណៈ​ល្អ​ប្រសើរ​ ច្រើន​ជាង​អ្នក​ដែល​មិន​ធ្លាប់​ទទួល​ការ​អប់​រំ ឬ​មិន​ធ្លាប់​ចូល​សាលា​រៀន​ដែរ។ គេ​ចេះ​រៀប​ចំ​ផ្ទះ​សំបែង, ចេះ​រស់​នៅ​ក្នុង​សហគមន៍​មួយ​ប្រកប​ដោយ​សន្តិភាព និង​ចេះ​ស្វែង​រក​របរ​សុចរិត​សម្រាប់​ចិញ្ចឹម​ជីវិត។

២. មាន​ឪពុក​ម្ដាយ, អាណា​ព្យាបាល​ពិត​ប្រាកដ ៖ យើង​ជឿ​ជាក់​យ៉ាង​ច្បាស់​ថា ប្រសិន​បើ​អ្នក​នាំ​នារី​ណា​ម្នាក់ ដែល​គ្មាន​ទី​លំនៅ​ច្បាស់​លាស់, គ្មាន​អាណា​ព្យាបាល​ពិតប្រាកដ ទៅ​ផ្ទះ​អ្នក នោះ​ឪពុក​ម្ដាយ ​របស់​អ្នក​នឹង​មិន​អាច​ទទួល​យក​បាន​ឡើយ។ ដូច្នេះ​វា​ក៏​ជា​ចំណុច​ដែល​ត្រូវ​ពិចារណា​ដែរ។

៣. មាន​ចិត្ត ៖ សង្កេត​ទៅ​លើ​នារី​ម្នាក់​នោះ។ នេះ​ជា​អ្វី​ដែល​បុរស​ទាំង​ឡាយ​មិន​អាច​រំលង​បាន​ឡើយ។ មើល​ទៅថា តើ​នាង​ស្រឡាញ់​អ្នក​គ្រាន់​តែ​ចង់​ចម្លង​ខ្លួន​នាង ឬ​គ្រាន់​តែ​សម្លឹង​មើល​អ្នក​ដោយ​សារ​ទ្រព្យ​សម្បត្តិ? បើ​ដោយ​សារ​តែ​ទ្រព្យសម្បត្តិ​នោះ ឆាប់​បោះ​បង់​នាង​ចោល​ទៅ។

៤. ឥរិយា​បថ​ល្អ ៖ ពាក្យ​ចាស់​មួយ​ឃ្លា​តែង​ប្រដៅ​កូន​ចៅ​ជំនាន់​ក្រោយ​ថា "នារី​ល្អ​ដោយ​ចរិយា បុរស​សង្ហារ​សារ​ដោយ​វិជ្ជា"។ មាន​ន័យ​ថា នារី​ម្នាក់ ត្រូវ​តែ​មាន​ឥរិយាបថ​ល្អ ថ្លៃ​ថ្នូរ សម​ជា​នារី​ខ្មែរ​ដែល​គោរព​ប្រពៃ​ណី និង​ទំនៀម​ទម្លាប់​ដ៏​ផូរផង់​របស់​ជាតិ។

៥. ការងារ​ផ្ទះ ៖ នាង​ត្រូវ​តែ​ចេះ​ធ្វើ​កិច្ច​ការ​ងារ​ផ្ទះ​បាយ។ នេះ​មិន​មែន​មាន​ន័យ​ថា នាង​ត្រូវ​តែ​នៅ​បម្រើ​អ្នក​គ្រប់​ពេល​នោះ​ទេ គឺ​នារី​ដែល​ល្អ​ម្នាក់​ត្រូវ​ចេះ​ធ្វើ​ម្ហូប​អាហារ​សម្រាប់​ស្វាមី សម្រាប់​កូន និង​ចេះ​សម្អាត​ផ្ទះ​សំបែង​ទៀត​ផង៕ 

Loading...